កាលពីយប់ថ្ងៃទី២២ កុម្ភៈ តារាសម្ដែង និងជាតារាចម្រៀង លោក រតនៈ វិសិដ្ឋ បានប្រារព្ធធ្វើខួបកំណើតធំមួយនៅម្ដុំទួលគោក ដោយមានតារាសិល្បៈកុះករចូលរួមអបអរ។ អ្វីដែលគេចាប់អារម្មណ៍ គឺលោកសម្រេចធ្វើខួបធំជាថ្មី ស្របពេលដែលមួយរយៈពេលចុងក្រោយ គេកត់សម្គាល់ថា លោកប្រែប្រួលខ្លាំងទាំងការងារ និងរូបសម្រស់តែម្ដង។
ធៀបនឹង៣ឆ្នាំចុងក្រោយ លោក រតនៈ វិសិដ្ឋ ត្រូវគេឃើញឈានឡើងគួរអោយកត់សម្គាល់ស្ទើរដូចពេលឡើងកូដតែម្ដងនៅក្នុងសិល្បៈ។ ក្រៅពីមានអាហ្វែចេញច្រៀងស្ទើររកពេលសម្រាកមិនបាន ក្នុងក្រុមលោក យ៉ែម សំអូន និងការងារច្រៀងឯកជន លោកក៏ទើបតែបានតំណែង ជាពិធីករក្នុងកម្មវិធី”រាត្រីពណ៍ស្វាយ” របស់ទូរទស្សន៍បាយ័ន និងបានតំណែងជាពិធីករក្នុងការប្រគំតន្ត្រីខេត្តក្រុងរាប់មិនអស់ ខណៈដែលការងារថតម៉ូដ សម្ដែង និងដើរម៉ូដ ក៏ក្រសោបបានសុទ្ធតែកម្មវិធីធំៗ ខុសគ្នាដាច់ឆ្ងាយពីមួយរយៈមុន ដែលលោកត្រូវគេសម្គាល់ថា ស្ងប់ស្ងាត់ទីផ្សារជាងមុននោះ។ លោកត្រូវមហាជនលាន់មាត់ថា មានសម្រស់ដងខ្លួន និងផ្ទៃមុខទាក់ទាញជាងមុន បន្ទាប់ពីលោកសកម្មនឹងការហាត់ប្រាណ ហើយការប្រើប្រាស់ផលិតផលថែរក្សារូបសម្រស់ ក៏ជួយអោយលោកកាន់តែក្មេង។ ទោះជាបានផ្លុំនំអបអរការកើនអាយុមួយឆ្នាំទៀត ប៉ុន្តែលោករតនៈ វិសិដ្ឋ កាន់តែសង្ហារទាក់ភ្នែក ដោយម៉ូដសក់ពុះចំហៀង និងស្ទីលវ៉ែនតាចុងក្រោយរបស់លោក គឺធ្វើលោកក្មេងជាងមុខចង់១០ឆ្នាំ ហើយមុខមាត់របស់លោក ក៏កាន់តែដូចតារាកូនកាត់កូរ៉េខ្លាំងទៅៗ។
លោក រតនៈ វិសិដ្ឋ បានអះអាងថា នៅក្នុងឆ្នាំនេះ លោកមានរាសីជាងមុន ជាពិសេសការងារធំៗរត់ចូលដូចព្យុះ ទើបលោកសប្បាយចិត្ត ហើយធ្វើខួបឡើងធំ ដើម្បីជួបជុំអ្នកសិល្បៈ។ លោកថាពិធីខួបជាទ្រង់ទ្រាយធំនេះ ខានធ្វើយូរដែរមកហើយ អុីចឹងហើយ ទើបលោកសប្បាយចិត្ត នៅពេលដែលភ្ញៀវកុះករមកចូលរួមក្នុងពិធីខួបរបស់លោក សូម្បីតែភ្ញៀវមួយចំនួន គឺលោកឆាតអញ្ជើញធម្មតា មិនទាំងមានសំបុត្រថតផ្ញើជូនផង។ លោកអះអាងនៅក្នុងឆ្នាំនេះជួបរឿងល្អច្រើន ទើបលោកយល់ថា មានតែធ្វើខួបអោយសប្បាយជាថ្មីប៉ុណ្ណោះ ដែលជួយអោយលោកមានរាសីត្រដែត ហើយបន្តជួបរឿងសប្បាយចិត្តច្រើនទៅទៀត៕
មតិយោបល់