តាមការគ្រោងទុក ភាពយន្តរឿង”ទារុណកម្មខ្មោច” ប្រកាសសម្ពោធនៅថ្ងៃទី២៥ និងគ្រោងលក់សំបុត្រ ផ្លូវការនៅថ្ងៃទី២៨ កុម្ភៈ ឯណោះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃទី២២ កុម្ភៈ ផលិតកររឿង គឺអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហ៑ុយ យ៉ាឡេង បានបញ្ចាំងរឿងយ៉ាងអធឹកអធម ទទួលសុទ្ធតែភ្ញៀវកម្រិត VIP អោយទស្សនាមុនកំណត់តែម្ដង។ នៅក្នុងពិធីគេឃើញសុទ្ធតែជាភ្ញៀវអ្នកមានកិត្តិយសបង្ហាញខ្លួន ដែលធ្វើអោយភាពយន្តរឿង”ទារុណកម្មខ្មោច” បំបែកឯកត្តកម្មបាននាំមុខគេ ជាភាពយន្តខ្មែរ ដែលអាចអញ្ជើញឥស្សរជនល្បីៗ អោយអង្គុយទស្សនាបានច្រើនជាងគេ។
ក្នុងពិធីដែលបានធ្វើឡើងនោះ គេឃើញភ្ញៀវកិត្តិយសដែលបានបង្ហាញខ្លួន និងអង្គុយទស្សនាតាំងពីដើមរហូតដល់ចប់សុទ្ធតែលំដាប់ជាអភិបាលខណ្ឌ មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៍ និងទីស្ដីការគណរដ្ឋមន្ត្រីតែម្ដង ខណៈដែលឥស្សរជនជាអ្នកមានមុខមាត់ ដូចជាមន្ត្រីតំណាងស្ថានទូត និងឩកញ៉ាៗល្បីឈ្មោះក៏មានចំនួនច្រើន។
លោក ហ៑ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង និងជាតួសម្ដែងបានអះអាងថា នេះជាស្នាដៃពិសេសមួយដែលលោកតាក់តែង ដោយអោយសាច់រឿងមានទាំងឈុតខ្មោចលង ពាក់ព័ន្ធនឹងរបប៣ឆ្នាំ៨ខែ និង២០ថ្ងៃ ទើបលោកសម្រេចធ្វើពិធីដាក់បញ្ចាំងពិសេសមួយ ដើម្បីអញ្ជើញថ្នាក់ដឹកនាំប្រចាំក្រសួង មន្ត្រីទូត និងភ្ញៀវកិត្តិយសំដាប់VIP អោយបានទស្សនាមុនសម្ពោធ កុំអោយពិបាកទទួលស្វាគមន៍ក្នុងថ្ងៃបើកសម្ពោធ ដែលនឹងធ្វើនៅថ្ងៃទី២៥ កុម្ភៈ។ លោកថាការដាក់បញ្ចាំងពិសេសនេះ ភាពយន្តរបស់លោក បានទទួលនូវមហាកិត្តិយសយ៉ាងខ្លាំងពីភ្ញៀវកិត្តិយស ដែលសុទ្ធតែជាមន្ត្រីថ្នាក់ដឹកនាំតំណាងក្រសួង មន្ត្រីទូច និងភ្ញៀវកម្រិតVIP ជាច្រើនទៀត ខណៈដែលភ្ញៀវកិត្តិយស ដែលអញ្ជើញមកក៍នៅអង្គុយទស្សនាភាពយន្តរបស់លោករហូតដល់ចប់ ហើយសរសើរថា ស្នាដៃនេះប្លែក និងសំបូរឈុតរន្ធត់ទាក់ភ្នែក។
លោកថាកន្លងមកអោយតែរឿងប៉ុលពត គឺមានឈុតឆាកសម្លាប់មនុស្ស និងធ្វើទារុណកម្មមនុស្សតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ស្នាដៃមួយនេះ គឺជារឿងទី១ ដែលលោកផ្សារភ្ជាប់រវាងសម័យកាលទំនើប និងអតីតកាលគឺរបបខ្មែរក្រហម ហើយបានដាក់បញ្ចូលឈុតឆាកភ័យរន្ធត់ ពាក់ព័ន្ធនឹងខ្មោច និងវិញ្ញាណចងពៀរ។ ភាពយន្តនេះ ក៏ធ្វើអោយលោករំពឹងពីភាពជោគជ័យផងដែរ បន្ទាប់ពីរឿង”វិកលចរឹត” និងរឿង”ធ្មប់” របស់លោកជោគជ័យភ្លូកទឹកភ្លូកដី។
អ្នកនាង ចន ច័ន្ទលក្ខិណា ម្ចាស់ផលិតកម្មសិល្បៈភាពយន្ត ដែលជាភាគហ៑ុនមួយក្នុងការផលិតស្នាដៃនេះ បានអះអាងថា ដោយសារតែជឿជាក់លើស្នាដៃ និងសាច់រឿងរបស់លោក ហ៑ុយ យ៉ាឡេង ទើបអ្នកនាងប្រកាសបោះទុនរួមគ្នា ជាមួយលោក ដោយក្រោយចេញជារូបរាង គឺអ្នកនាងប្រកាសថា ភាពយន្តរឿង”ទារុណកម្មខ្មោច” ធ្វើអោយអ្នកនាងរំពឹងខ្ពស់។ យ៉ាងណាមិញអ្នកនាង ក៏នៅតែទទួចអោយមានការគាំទ្រ ពីសំណាក់អ្នកទស្សនាផងដែរ ដើម្បីអោយភាពយន្តនេះ ជោគជ័យតាមការចង់បាន។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃនេះ គេឃើញមានវត្តមាន លោក ផៃ សុីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ទិត្យ ថាវរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ ឩកញ៉ា ដួងឆាយ និងភរិយា លោក ឩកញ៉ា ឡេង ណាវ៉ាត្រា តំណាងអង្គទូតមួយចំនួន អភិបាលខណ្ឌ និងតារាជាច្រើនរូបចូលរួម៕
មតិយោបល់