ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីសម្ពោធមហោស្រពភាពយន្តអន្តរជាតិគគ្រឹកគគ្រេងជាងឆ្នាំកន្លងទៅ

ក្នុងពិធីបើកសម្ពោធមហោស្រពភាពយន្តអន្តរជាតិលើកទី៩ កាលពីថ្ងៃទី៩ មីនា គេកត់សម្គាល់ថាមានភាពគគ្រឹកគគ្រេងជាងមុន ដោយសារតែភាពយន្តចូលរួមទាំងជាតិ និងបរទេស ក៏ច្រើនជាងមុន ហើយអ្នកចូលរួមក្នុងថ្ងៃបើកសម្ពោធក៏កុះករជាងកន្លងទៅ។ ភាពយន្តរហូតដល់ជាង១៣០ រឿង មកពី ៣៧ ប្រទេសនៅទូទាំងពិភពលោកចូលរួម កំពុងត្រូវបានចាក់បញ្ចាំងជាសាធារណ:តាមទីតាំងដែលបានជូនដំណឹង ក្នុងព្រឹត្តិការណ៍នេះ។

លោក ស៊ុន ខេមរ៉ា ជាអ្នក​សម្របសម្រួលកម្មវិធី​​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា បានបង្ហាញអារម្មណ៍រីករាយ ដែលពិធីបើកសម្ពោធនៅក្នុងឆ្នាំនេះ មានសភាពអឹកអធឹកជាងមុន បើទោះជាពិធីបើក មិនបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ តាមការចង់បាន។ លោកថាអ្នកចូលរួមមានចំនួនលើសកំណត់ ដោយភ្ញៀវដែលមកយឺតម៉ោងមិនមានកន្លែងអង្គុយនោះផង ខណ:ដែលអ្នកទស្សនា ក៏នៅរហូតដល់ពិធីត្រូវបញ្ចប់។ អ្វីដែលគួរឲ្យកោតសរសើរ គឺមហោស្របភាពយន្តអន្តរជាតិឆ្នាំនេះ មានរឿងល្អៗជាច្រើនចាក់បង្ហាញខ្លួន ដូចជារឿង «ហ៊្វូណន» ដែលជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ ២០១៨ រឿង«ផ្នូរគ្មានឈ្មោះ»ដែលឈ្នះមហោស្រពភាពយន្តនៅទីក្រុងវេនីស, និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ កាលពីឆ្នាំ ២០១៩ក្ដៅៗតំណាងឲ្យកម្ពុជា។ រឿង «តន្ត្រីជីវិត»របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន កាលពីឆ្នាំ ២០១៨ ។ ដោយសារតែមហោស្រភាពយន្តឆ្នាំនេះ ធ្វើឡើងស្របគ្នានឹងខួប៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម ទើបក្នុងពិធីបើកសម្ពោធគណកម្មការបានដាក់បញ្ចាំងភាពយន្តល្អឥតខ្ចោះមួយ ដែលនិយាយពីរបបប៉ុលពត។ កម្មវិធីដ៏ពិសេសនេះក៏រួមបញ្ចូលផងដែរនូវការតាំងពិព័រណ៍ស្នាដៃសិល្ប: ព្រមទាំងកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបុប្ផាណា។

ព្រឹត្តិការណ៍នេះ ប្រកាសធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃ១៤ មីនា ដោយភាពយន្តកម្ពុជាចំនួន ២៦ ក៏មានវត្តមានផងដែរ។ មហោស្រពភាពយន្តរបស់យើងនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ៕

មតិយោបល់