ព័ត៌មានសិល្បៈ និងកម្សាន្ត

មុនចេញទៅអាមេរិក ព្រាប សុវត្ថិ សង្វាតកើបលុយដល់ក ពីគម្រោង “ឋានព្រះឥន្ទ”

ក្នុងចំណោមពិធីសម្ពោធទ្រង់ទ្រាយធំ របស់គម្រោង”ឋានព្រះឥន្ទ”ទាំងអស់ ដែលបានធ្វើឡើង គេកត់សម្គាល់ថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បង្ហាញមុខឡើងច្រៀង រហូតដល់ទៅ៣ដងញាប់ជាងគេ ស្របគ្នាដែលគេដឹងថា លោកត្រូវចេញទៅអាមេរិករយៈពេលមួយខែកន្លះ ជាមួយកូនប្រុស។ ម្នាក់ៗនិយាយថា លោកពិតជាមានប្រជាប្រិយភាព មិនធម្មតាមែន ទើបអាចកើបលុយពីកម្មវិធីសម្ពោធលក់ចម្ការបង់រំលោះ “ឋានព្រះឥន្ទ” ជាលើកទី៣ទៀត កាលពីយប់ថ្ងៃទីទី១៤ មីនា នៅខេត្តកំពត ក្នុងពេលដែលតម្លៃច្រៀងរបស់លោក ត្រូវគេបង្ហើបថា ត្រឹមតែ៤បទ ឬមួយកម្មវិធីខេត្ត ទារបានដល់៤ពាន់ដុល្លារ។

លោក ព្រាប សុវត្ថិ និយាយថា ទាន់ឱកាសលោករកលុយបាន លោកមិនសម្រាកនោះទេ បើទោះជាលោកត្រូវចេញសម្ដែង នៅអាមេរិកនៅថ្ងៃ២១ មីនា ដែលគួរតែលោកផ្អាក ទទួលកម្មវិធីដើម្បីថែបំប៉នសុខភាព។ យ៉ាងណាមិញលោកថា ក្រៅពីចង់បានលុយ លោកក៏យល់ឃើញថា គម្រោង “ឋានព្រះឥន្ទ”ជាគម្រោងល្អមួយ ដែលលោកគួរតែរួមចំណែក មកជួយបំផុសផងដែរ ទើបទោះជាលោកស្ថិតក្នុងដំណាក់កាលជិតចេញទៅអាមេរិក ក៏នៅតែទទួលច្រៀងមិនខ្វល់ជិតឆ្ងាយ។

លោកថាខ្លួនច្រៀងអោយកម្មវិធីនេះ ជាលើកទី៣ហើយ បន្ទាប់ពីគម្រោងបើកនៅប៉ោយប៉ែត និងបាត់ដំបង។ លោកប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះក្រុមហ៑ុនហង្សម្ចាស់ដី ដែលវិនោយោគលើការប្រមូលទិញដីស្រែ និងដីទំនេររបស់ពលរដ្ឋ ដោយបានរៀបចំក្រុមការងារ អោយដាំដុះជាចម្ការធុរ៉េន ចម្ការដូងក្រអូប និងជាចម្ការប័រ ហើយពុះជាហិកតារៗ លក់បង់រំលោះជូនពលរដ្ឋ។ លោកកាន់តែចាប់អារម្មណ៍ ចំពោះគម្រោងពុះលក់ចម្ការធុរ៉េន នៅខេត្តកំពត កាលពីថ្ងៃទី១៤ មីនា ដោយលោកប្រកាសថា នោះជាការវិនិយោគដ៏ល្អមួយ ដែលពលរដ្ឋ គួរតែរួមចំណែក ដើម្បីជាប្រយោជន៍សម្រាប់គ្រួសារខ្លួនផង និងសម្រាប់សង្គមផង។

លោកប្រកាសដាក់ក្បាលមេក្រូថា បងប្អូននៅគិតអ្វីទៀត បើចម្ការក៏ត្រូវបានទិញ ក្នុងតម្លៃបង់រំលោះ ហើយថែមទាំងមានក្រុមហ៑ុន ជាអ្នករ៉ាប់រងមើលថែដំណាំចម្ការអោយពេញ៦ឆ្នាំ ហើយរង់ចាំតែទទួលផល ហើយមិនភ័យរឿងដាំដំណាំដោយខ្លួននោះ។ នៅប្រទេសជិតខាង លោកថាវិស័យកសិកម្មរបស់គេ មានការរីកចំរើនយ៉ាងខ្លាំង ដែលសន្ទុះគួរអោយសរសើរនោះ មិនអាចខ្វះបាននោះទេ ពីការវិនិយោគ ឬចូលរួមពីពលរដ្ឋ។ លោកថា គ្មានអ្វីដែលមានសង្ឃឹមជាងមានផ្ទះមានដី និងមានចម្ការទុកគ្រាន់ ដាំយកផលលក់ ឬទៅកម្សាន្តនោះទេ ជាពិសេសចំពោះអ្នកទិញចម្ការ ក្នុងគម្រោងឋានព្រះឥន្ទ របស់ក្រុមហង្សម្ចាស់ដី ដែលលក់បែបបង់រំលោះ ហើយមានអ្នកមើលថែដំណាំអោយបែបនេះ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង”ឋានព្រះឥន្ទ” បានអះអាងថា វត្តមានរបស់លោក ព្រាប សុវត្ថិ កាលពីថ្ងៃទី១៤ មីនា គឺជាគម្រោងប្រកាសលក់ដីចម្ការធុរ៉េន នៅក្នុងខេត្តកំពត បន្ទាប់ពីគម្រោងលក់ចម្ការប័រ និង ដូងក្រអូប នៅខេត្តមណ្ឌលគីរី និង សៀមរាប ត្រូវបានប្រកាស។ គម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៦ឆ្នាំ សម្រាប់ចម្ការធុរ៉េននៅកំពត។ លោកបង្ហាញការចាប់អារម្មណ៍ ដែលអចនទ្រព្យកូនកាត់មួយនេះ មានអ្នកកក់ទិញច្រើន សម្រាប់ចម្ការធុរ៉េន បើទោះជាចម្ការធុរ៉េន ស្ថិតក្នុងតំបន់ថ្លៃ ត្រូវបានប្រកាសលក់ មួយឡូតិ៍(មួយហិកតារ) ៤៥០០០ដុល្លារ។

លោក ប៉ុល កុសល អភិបាលរងខេត្តកំពត ក៏បានទទូចដូចគ្នា នឹងលោក ព្រាប សុវត្ថិ អោយពលរដ្ឋងាកមកវិនិយោគ ជាមួយចម្ការបង់រំលោះ ដើម្បីបានទាំងដីចម្ការ និងបានទាំងផលដំណាំតកូនតចៅ ក្នុងពេលខាងមុខ។ លោកថានេះ ជាគម្រោងជួយជំរុញដល់វិស័យកសិកម្ម ដោយលោកធានាដីចម្ការធុរ៉េន នៅខេត្តកំពត គឺជាដីស្របច្បាប់ និងជាដី ដែលបានពីការប្រមូលទិញពីពលរដ្ឋ៕

មតិយោបល់