មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលប្រលោមលោកល្បីល្បាញរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ត្រូវបានគេផលិតជាភាពយន្ត ដោយបានប្រកាស បើកសម្ពោធកាលពីល្ងាចថ្ងៃទី១៤ មិនា។ ផលិតករ និងតារាល្បីៗ ត្រូវគេឃើញបង្ហាញខ្លួន យ៉ាងស្អេកស្កះនៅក្នុងពិធីនេះ។
កញ្ញាទូច បុប្ឋា ប្រធានផ្នែកកម្មវិធីផ្សាយប្រចាំភីអិនអិន បានថ្លែងថា នេះជារឿងភាគដំបូង ដែលបានផលិតចេញពីប្រលោមលោក ល្បីល្បាញ និងបានចំណាយពេលផលិតរហូតដល់ជាង១ឆ្នាំ។ រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» នេះ គឺផលិតទាំងស្រុង ពីប្រលោមលោក ដោយភីអិនអិន នឹងចាក់ផ្សាយចាប់ពីថ្ងៃទី១៩ មិនា ឆ្នាំ២០១៩តទៅ រាល់ម៉ោង៧ និង៥០នាទីយប់ ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ នេះជាភាពយន្តដែលឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាមិត្តភាពយូរអង្វែង ការភ័នច្រឡំដោយអស្មិមានៈ និងឆ្លុះបញ្ចាំងពីគុណធម៍ នៅក្នុងសង្គម។
លោក លៀក លីដា ចាងហ្វាងផលិតកម្មអិលឌី បានថ្លែងបញ្ជាក់ថា ស្នាដៃនេះ ត្រូវបានសហការគ្នា ជាក្រុមយ៉ាងសម្រិតសម្រាំង ហើយលំបាកបំផុត ទម្រាំបញ្ចប់ដោយជោគជ័យ។ ភាពយន្តនេះ ចំណាយដើមទុនច្រើនជាងភាពយន្តមុនៗ ទើបលោករំពឹងយ៉ាងខ្លាំង ថាក្រោយចាក់ផ្សាយ នឹងទទួលបានការគាំទ្រខ្ពស់។ ម្យ៉ាងមកពីប្រលោមលោក ដែលយកមកច្នៃជាភាពយន្តនេះ គឺជាស្នាដៃល្បីល្បាញផង ទើបរឹតតែធ្វើអោយលោកជឿជាក់។ លោកថាមួយរឿងនេះ មិនត្រឹមតែអាចកម្សាន្តអារម្មណ៍ តែមួយមុខនោះទេ ប៉ុន្តែក៏មានខ្លឹមសារប្រកប ដោយអត្ថន័យផងដែរ។
លោក សុខសាធិត សាក់រ៉ាយុតនាយកគ្រប់គ្រងទូរទស្សន៍ភីអិន បានមានប្រសាសន៍ថា ខាងទូរទស្សន៍មានទស្សនៈវិស័យដ៏វែង និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ទើបបន្តបោះទុនផលិតភាពយន្តចេញពីប្រលោមលោកល្អឯកមួយនេះ។ លោកស្នើអោយអ្នកគាំទ្រ បន្តគាំទ្រស្នាដៃភីអិនអិនអោយកាន់តែច្រើន ដើម្បីអោយស្ថាប័នតរបស់លោក កាន់តែមានកម្លាំងចិត្តបោះទុន។
គួរបញ្ជាក់ផងដែរថា តារាប្រុសស្រីដែលចូលរួមសម្តែង ក្នុងផ្ទៃរឿងនេះគឺសុទ្ធតែតារាល្បីៗតែម្ដង ដែលក្នុងនោះរួមមាន លោក បឺរី, កញ្ញា ពុធ ស្រីខួច, លោក លឹម ជាឡាយ, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា ចាន់ រាសី, កញ្ញា ឈិន ស៊ាវមុី, លោក រតនៈ វិសិទ្ឋ, លោក នូ ឧសភា, អ្នកនាង ង៉ែត សុវណ្ណលីត, លោក ទេព មនោរម្យ, លោក លឹម តិចម៉ុង, លោក ជា សំណាង, លោក ពិន ណារិន, លោក ហង្ស អច្ឆរិយា និងតារាច្រើនដួងទៀត៕
មតិយោបល់