ទើបតែលេចមុខសម្ដែងក្នុងបទ “មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត” របស់តារាចម្រៀង អេនី បានតែមួយបទក៏ពិតមែន ប៉ុន្តែគេកត់សម្គាល់ថា តារាសម្ដែងវ័យក្មេង លោក វណ្ណ វឌ្ឍនៈ ហៅ Ellex ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។ លោកត្រូវគេជ្រើសអោយសម្ដែងជាតួក្នុងបទ “ម៉ែជេរ” ដែលកំពុងផ្ទុះតាំងពីចេញ Audio ខណៈដែលការបង្ហាញវត្តមានក្នុងបទនេះ របស់លោក ក្រៅពីធ្វើអោយម្នាក់ៗកោតសរសើរពីសមត្ថភាព និងទេពកោសល្យសម្ដែង ក៏ភ្ញាក់ដឹងដំណឹងពីទំនាក់ទំនងរបស់លោក ជាមួយនឹងអ្នកដឹកគឺ លោក Rith Omega ទៅទៀត។
ប្រភពពីតារាសិល្បៈបានអះអាងថា តារាវ័យក្មេង លោក វណ្ណ វឌ្ឍនៈ (Ellex) គឺប្អូនប្រុសបង្កើតភរិយារបស់លោក Rith Omega ហើយដោយសារតែលោក Rith Omega ពេញចិត្តរូបសម្បត្តិ និងចង់អោយសម្ដែងក្នុងបទចម្រៀងដែលខ្លួនដឹកនាំ ទើបស្នើអោយសម្ដែងក្នុងបទ “មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត” របស់ផលិតថោនតែម្ដង។
ប្រភពបន្តថា លោក វណ្ណ វឌ្ឍនៈ (Ellex) ដ្បិតថាជាប្អូនថ្លៃផលិតករមែន តែតារាវ័យក្មេងរូបនេះ ពិតជាមានសមត្ថភាពដុះចេញពីធម្មជាតិសមជាតារាពន្លកថ្មី ដែលលោក Rith Omega ផ្ដល់ឱកាសអោយនៅក្នុងសិល្បៈពិតមែន។ ប្រភពនោះបន្ត ថា លោក វណ្ណ វឌ្ឍនៈ (Ellex) មិនត្រឹមតែត្រូវបានផលិតករក្រៅពីបងថ្លៃខ្លួនឯងសរសើរ ក្នុងនាមជាតារាថ្មោងថ្មីដែលមានទេពកោសល្យប៉ុណ្ណោះទេ សូម្បីតារាសម្ដែងជាមួយក៍សរសើរនោះដែរ។ ជាក់ស្ដែងក្នុងបទចម្រៀង “ម៉ែជេរ” ដែលតារាចម្រៀង រ៉ាប៊ី បកស្រាយ គឺក្រុមផលិតករជ្រើសអោយធ្វើតួឯកតែម្ដង ដោយសារតែទម្រង់មុខរបស់លោកស្ទាវៗ សមនឹងម្ចាស់បទចម្រៀង មាន់ស្រែ។
លោក Rith Omega ទទួលស្គាល់ថាលោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើក ដោយមិនមានសមត្ថភាពនោះទេ ដោយលោកថា ប្អូនថ្លៃរបស់ខ្លួន មានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បាន ក្នុងបទចម្រៀងដែលលោកផលិត។
លោកថាមុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្ត គឺផលិតករផ្សេងទៀតសុទ្ធតែសរសើរ នៅពេលយកប្អូនថ្លៃមកសម្ដែង។
លោកថាតារាមួយចំនួនមិនប្រាកដថា មានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃ របស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃ អោយសម្ដែងក្នុងបទ “ម៉ែជេរ” ដើម្បីផ្ដល់ឱកាសអោយកាន់តែមានកេរ្តិ៍បោះសំទ្បេងតែម្ដង។
យ៉ាងណាមិញលោកថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារ ក៏គ្រាន់តែចង់អោយគេប្រឡូកលេងៗ មុនពេលរៀនចប់ប៉ុណ្ណោះ៕
មតិយោបល់