ព័ត៌មានជាតិ

រថយន្ត​ស្រាបៀរ​កម្ពុជា​ បើកលឿនឆ្លងផ្លូវ​ ត្រូវលុច​ស៊ីសបុក​រងការខូចខាត​

ភ្នំពេញៈ បុរសម្នាក់ ​បើកបរ​រថយន្តលុចស៊ីស ​RX330មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន មិនប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា​ ​ចំពាក់កណ្តាល​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​ កាលពីវេលាម៉ោង​១០យប់ថ្ងៃ​ទី១៩​ ខែមិនា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ខាង​ត្បូង​ផ្សារ​ក្រមួន​ប្រមាណ​១០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១០០៧​ កែងនិងផ្លូវ​១៩៨២​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ម្នាក់ ​បើកបរ​រថយន្ត​មួយគ្រឿង ម៉ាក​ KIA ពណ៌​ក្រហម​ រថយន្តរបស់ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AF-4082 ​ធ្វើដំណើរពីជើង​ទៅ​ត្បូ​តាមបណ្ដោយ​ផ្លូវ​១០០៧​ ក្នុង​ល្បឿន​លឿន​។ មកដល់ចំកើតហេតុ​រថយន្ត​ខាងលើ បាន​បើក​ឆ្លង​កាត់​ផ្លូវ​១៩៨២ ​ឆ្ពោះ​ទៅ​មុខ​ ស្រប​ពេល​នោះក៏មាន​រថយន្ត​មួយគ្រឿងទៀត​ ម៉ាក​លុចស៊ីស ​RX​330​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AP-8324 បើកកបរ​ដោយ​បុរស​ម្នាក់ធ្វើដំណើរពីកើតទៅលិច​ តាមបណ្ដោយ​ផ្លូវ​១៩៨២​ ក្នុងល្បឿនយ៉ាងលឿន​ ​មិនប្រយ័ត្ន​ក៏ជ្រុល​ចង្កូត ​ទៅ​បុក​រថយន្ត​របស់ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ ​ចំពាក់កណ្តាល​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ក្រពឹត​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាង​ដំណំ​ ចំណែក​ឯ​រថយន្តលុចស៊ីស​រងការខូចខាត​ក្រពឹតកាង​ផ្នែកខាងមុខ​ ប៉ុន្តែ​មិនបង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន ​ក៏​ចុះ​មកដល់ចំណុច​កើត​ហេតុ​ ហើយបាន​ឲ្យភាគី​ទាំងពីរ​ធ្វើ​ការ​ដោះស្រាយ​សម្របសម្រួល​គ្នា ​ដើម្បី​បញ្ចប់​រឿង​ ប៉ុន្តែ​ដោយ​ភាគី​ទាំង​ពីរ​ធ្វើដោះស្រាយ​គ្នា​មិន​ត្រូវ​ សមត្ថកិច្ច​មូល​ដ្ឋាន​ ក៏​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ឲ្យ​ចុះ​មក​​វាស់​វែង​ យក​រថយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​ តាម​ផ្លូវ​ច្បាប់​ជាបន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

មតិយោបល់