ព័ត៌មានសិល្បៈ និងកម្សាន្ត

ជម្លោះល្ខោនខោល! នូ សុផេន ចេញមុខប្រតិកម្ម និងទទូច

មកទល់ម៉ោងនេះ គេនៅតែកត់សម្គាល់ថា ករណីល្ខោនខោលបានក្លាយជាប្រធានបទឡើងកំដៅ យ៉ាងកក្រើកតែម្ដង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានទាំងអ្នកគាំទ្រឲ្យមានការអភិរក្ស និងមានទាំងអ្នកជេរប្រទិចលើក្រុមដែលគាំទ្រល្ខោនខោលរបស់ថៃ រហូតក្លាយជាការបោះសម្ដីផ្លែផ្កាឌឺដងគ្នា ដូចផ្ទុះសង្គ្រាមពាក្យសម្ដី។ ជាមួយការឡើងកំដៅដ៏មុតស្រួចនេះ លោក នូ សុផេន ដែលត្រូវគេស្គាល់ថា បានរួមចំណែកបំផុសល្ខោនខោល នៅក្នុងកម្មវិធីរបស់ទូរទស្សន៍អប្សរានាពេលកន្លងមក តាំងពីពេលដែលសិល្បៈបុរាណខ្មែរមួយនេះ មិនត្រូវបានគេចាប់អារម្មណ៍ បានប្រកាសអារម្មណ៍ពីរក្នុងពេលតែមួយ។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា បានអះអាងថា លោកមានការសាទរយ៉ាងខ្លាំង បន្ទាប់ពីឃើញស្រទាប់មហាជន និងអ្នកលេងហ្វេសប៊ុកច្រើនឡើង នាំគ្នាបំផុស និងចែកចាយពីសិល្បៈល្ខោនខោល ដោយបានទាំងប្រើពាក្យថា ល្ខោនខោលជារបស់ខ្មែរ ដែលយើងត្រូវរួមគ្នាថែរក្សាជាដើម។ នេះជាទង្វើដ៏ប្រពៃ ដែលលោកថា នឹងធ្វើឲ្យក្មេងជំនាន់ក្រោយ និង អ្នកមិនធ្លាប់ចង់ដឹងចង់ស្គាល់ពីសិល្បៈមួយនេះ មានការចាប់អារម្មណ៍ឡើងវិញ។ យ៉ាងណាមិញ អ្វីដែលបានធ្វើឡើងក្នុងប៉ុន្មានថ្ងៃនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការការពារ និងអភិរក្សចំពោះល្ខោនខោល និងសិល្បៈបុរាណខ្មែរផ្សេងទៀតនៅឡើយទេ ប្រសិនបើខ្វះការគាំទ្រ និងទៅទស្សនាដោយផ្ទាល់ ដើម្បីជាការលើកកម្លាំងចិត្ត ដល់ក្រុមសិល្បករសិល្បការិនីនៅពេលមានការសម្ដែង។

លោកថាជារឿងសង្វេគណាស់ ដែលក្រុមសិល្បៈល្ខោនខោល មិនថារបស់ក្រុមវិចិត្រសិល្បៈ និងមិនថារបស់សមាគមណាមួយនោះទេ ឲ្យតែធ្វើការសម្ដែង គឺស្ទើរមិនមានអ្នកទៅទស្សនាតែម្ដង ដោយលុះត្រាតែមានគណអធិបតីធំៗ ឬតំណាងព្រះមហាក្សតទៅធ្វើជាគណអធិបតី ទើបមានអ្នកអង្គុយទស្សនា ដែលហាក់មិនឲ្យតម្លៃសិល្បៈបុរាណមួយនេះទាល់តែសោះ។ ជាក់ស្ដែងនៅក្នុងកម្មវិធីរបស់លោកនាពេលកន្លងមក នៅទូរទស្សន៍អប្សរា លោកបានប្រឹងប្រែងស្រាវជ្រាវសិល្បៈល្ខោនខោល យកមកឆ្លុះបញ្ចាំងខ្លាំងណាស់ ដោយបានទាំងតម្រូវឲ្យតារាល្បី មកចូលរួមសម្ដែងដើម្បីទាក់ទាញផង ប៉ុន្តែនៅតែគ្មានអ្នកមកទស្សនា ហើយនៅពេលបង្ហោះហើយ ក៏មិនសូវមានអ្នកចែកចាយ។
ក្នុងនោះសូម្បីតែបណ្ដាក្រុមហ៊ុននានា ក៏មិនចង់ចូលរួមឧបត្ថម្ភចំពោះការផលិតកម្មវិធី ដែលមានទម្រង់លើកស្ទួយល្ខោនខោលនេះដែរ ដោយសារតែខ្វះការគាំទ្រពីស្រទាប់មហាជន។

លោក នូ សុផេន បន្តថា ដើម្បីចូលរួមអភិរក្សសិល្បៈបុរាណរបស់ខ្មែរ កុំឲ្យប្រទេសជិតខាងយកជារបស់ខ្លួនបាន មិនមែនគ្រាន់តែនាំគ្នាផ្អើលៗ តាមគ្នាពេលមានបញ្ហាហើយថា ខ្លួនឯងស្រឡាញ់ជាតិស្រឡាញ់វប្បធម៌នោះទេ គឺគួរតែចូលរួមទៅទស្សនាគាំទ្រនូវការសម្ដែង សិល្បៈបុរាណមួយនេះ ឲ្យបានច្រើនៗគ្រប់ពេលមានការសម្ដែង ពោលគឺលោកចង់ឃើញមហាជន ទៅទស្សនាកកកុញដូចក្នុងពេល ផ្ទុះរឿងនៅប៉ុន្មានថ្ងៃនេះជារៀងរហូត។ មួយវិញទៀត លោកថាក្រសួងពាក់ព័ន្ធគួរតែមានម៉ោងកំណត់មួយឲ្យដូចៗគ្នា តម្រូវឲ្យបណ្ដាទូរទស្សន៍ទាំងអស់ ត្រូវតែមានកម្មវិធីពាក់ព័ន្ធនឹងទម្រង់សិល្បៈបុរាណឲ្យដូចគ្នា នៅក្នុងម៉ោងមាស ឲ្យដូចគ្នានឹងការកំណត់ឲ្យមានភាពយន្តខ្មែរ ដាក់ផ្សាយនៅក្នុងម៉ោងមាសដែរ ដើម្បីឲ្យក្រុមសិល្បៈបែបបុរាណក៏មានការងារ និងជាការបំផុសអោយស្រទាប់មហាជនងាកមកគាំទ្រឡើងវិញ។

លោកថាវាមិនអាចទៅរួចទេ ដែលមានតែប៉ុស្ដិ៍ទូរទស្សន៍មួយ ឬ២ ប្រឹងធ្វើកម្មវិធីលើកស្ទួយទម្រង់បុរាណ ខណៈដែលប៉ុស្ដិ៍ទូរទស្សន៍ស្ទើរទាំងអស់ ផ្សេងទៀតផលិតតែកម្មវិធីសប្បាយៗ សម័យៗ ជាការបង្វក់មហាជនឲ្យភ្លេចទម្រង់បុរាណ។ លោកថា ក្រសួងពាក់ព័ន្ធរួមមានក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គួរតែធ្វើកិច្ចអន្តរាគមន៍ដល់បណ្ដាទូរទស្សន៏មួយករណីទៀត ដើម្បីកំណត់ឲ្យបណ្ដាទូរទស្សន៍ត្រូវតែទុកម៉ោងមួយឲ្យដូចៗគ្នា ផ្សាយតែទម្រង់កម្មវិធីសិល្បៈបុរាណ ដើម្បីឲ្យក្រឡេកទៅមើលប៉ុស្ដិ៍ណា ក៏ឃើញតែសិល្បៈបុរាណដូចគ្នា នឹងការកំណត់ឲ្យផ្សាយ តែភាពយន្តខ្មែរមុននេះ។ បើដូច្នោះទេ ទម្រង់សិល្បៈបុរាណ នឹងមិនអាចទទួលបានការចាប់អារម្មណ៍កើតទេ នៅក្នុងបរិបទដែលពោរពេញ ដោយការបង្វក់ពីសិល្បៈសម័យឡូយឆាយមួយនេះ៕

មតិយោបល់