កាលពីយប់ថ្ងៃទី២១ មីនា ផលិតករមួយក្រុមរបស់កម្ពុជា ដែលបានចាកចេញពីប្រទេសកំណើត ទៅតាំងស្ដង់លក់ភាពយន្តនៅក្នុងព្រឹត្តិការណ៍ Filmart ឬមហោស្រពភាពយន្តអន្តរជាតិ នៅក្នុងទីក្រុងហុងកុង បានត្រលប់មកដល់កម្ពុជាវិញហើយ ដោយក្រៅពីបង្ហាញថា កម្ពុជាទទួលជោគជ័យ ក្នុងព្រឹត្តិការណ៍នេះ ក៏បានសារភាពថា កម្ពុជាមិនទាន់មានភាពយន្តណាមួយ ដែលបានតាំងលក់ នៅក្នុងឆ្នាំនេះ ត្រូវបានបរទេសទិញយកនោះទេ ដោយសារតែទម្រង់ ភាពយន្តរបស់កម្ពុជា មិនសូវត្រូវតាមការចង់បានរបស់បរទេស។
អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត ដែលត្រូវបាន Filmart អញ្ជើញអោយចូលរួមជាលើកទី២ និយាយថា ភាពយន្តរបស់កម្ពុជា នៅមិនទាន់ត្រូវបានប្រទេសណាមួយ សុំទិញតាមរយៈ ដែលវេទិកាដែលបានតាំងស្តង់ នៅក្នុងទីក្រុងហុងកុងនោះទេ ប៉ុន្តែអ្នកស្រីកត់សម្គាល់ថា ផលិតករបរទេសច្រើនឡើង ចាប់ផ្ដើមដឹងពីកម្ពុជា យល់ពីកម្ពុជា ថាយើងមានសមត្ថភាព អាចផលិតរឿងតាមការចង់បានរបស់គេបាន។ អ្នកស្រីថាព្រឹត្តិការណ៍ Filmart ដែលទើបបញ្ចប់ នៅក្នុងទឹកដីហុងកុងឆ្នាំនេះ កម្ពុជាអត់មានតម្រុយលក់រឿងដាច់ទេ ប៉ុន្តែផលិតករបរទេស អាចនឹងពិចារណាអោយភាពយន្តរបស់ខ្មែរ ទៅដាក់បញ្ចាំងក្នុងរោងទំនើបៗគេបាន ប្រសិនបើយើងចង់យករឿងណាមួយ យកទៅបញ្ចាំងលក់សំបុត្រ ហើយស្នើតាមរយៈផលិតករទាំងនោះ។ អ្នកស្រីថា កម្ពុជាបើចង់អាចលក់រឿងបានក្នុងទីផ្សារអន្តរជាតិ គឺលុះត្រាតែប្ដូរការផលិត ពីរឿងបែបកំប្លែង និងរឿងបែបខ្មោច ទៅជារឿងបែប Action ជាជំនួសវិញ ដោយអ្នកស្រីបង្ហើបថា ប្រទេសជិតខាងរបស់កម្ពុជា គេមានទិន្នន័យលក់រឿង បានតម្លៃខ្ពស់ៗ មិនធម្មតានោះទេ ព្រោះតែគេមានសមត្ថភាពផលិតរឿងតម្រូវតាមទីផ្សារអន្តរជាតិ។
អ្នកស្រីថា ព្រឹត្តិការណ៍ Filmart នៅហុងកុង គឺជាការដាក់បង្ហាញលក់រឿងជាអន្តរជាតិ ដោយភាពយន្តណា ដែលគេពេញចិត្ត គឺគេនឹងចចារទិញក្នុងតម្លៃមួយខ្ពស់ ដើម្បីយកទម្រង់រឿងទាំងមូលទៅផលិត តាមលំនាំទាំងស្រុង ឬទិញយកទៅ ធ្វើចរាចរដាក់បញ្ចាំងលក់ នៅក្នុងប្រទេសរបស់គេតែម្ដង ដែលរឿងនីមួយៗគឺអ្នកផលិតអាចទារបានតម្លៃខ្ពស់ៗតាមការចចារ។ អ្នកស្រីថា ភាពយន្តកម្ពុជា គេអាចនឹងចាប់អារម្មណ៍ទិញ ប្រសិនប្ដូរការផលិតអោយត្រូវនឹងការចង់បានរបស់ទីផ្សារអន្តរជាតិ ដូចដែលអ្នកស្រីលើកឡើង។ យ៉ាងណាមិញ អ្នកស្រីសម្រាប់ជោគជ័យក្នុងព្រឹត្តិការណ៍ Filmart គឺជោគជ័យខ្លាំង ពោលគឺបានបង្ហាញអន្តរជាតិ អោយមើលឃើញពីការរីកចំរើនរបស់កម្ពុជា ក្នុងវិស័យភាពយន្ត ហើយអ្វីដែលកម្ពុជា នឹងទទួលបាន គឺផលិតករបរទេសពិតជាចុះមកផលិតភាពយន្ត នៅកម្ពុជាកាន់តែច្រើនៗយ៉ាងពិតប្រាកដ។
លោក រ៉េមី អះអាងដែរថា ដ្បិតតែកម្ពុជាមិនរំពឹងពីការលក់រឿង បាននៅក្នុងឆ្នាំនេះ តែផ្លែផ្កាដែលក្រុមផលិតករសម្រេចបាន គឺការទំនាក់ទំនង និងគោលដៅផលិតភាពពយន្តច្រើនឡើង ពីសំណាក់បរទេសនៅកម្ពុជា។ លោកទទូចឲ្យបណ្ដាផលិតករ ដែលមានសកម្មភាពផលិតភាពយន្តចូលរួមតាំងស្តង់បង្ហាញរឿង នៅក្នុងព្រឹត្តិការណ៍បែបនេះអោយបានច្រើនៗ ដើម្បីអោយមានភាពអឹកអធឹក កុំអោយកម្ពុជាមានតែមួយស្ដង់ៗ ម៉ង់ៗ ដូចឆ្នាំនេះ៕
មតិយោបល់