កាលពីយប់ថ្ងៃទី៣០ កក្កដា តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានធ្វើពិធីឡើងផ្ទះថ្មីយ៉ាងអធឹកអធមដែលនាងបានទិញនៅម្ដុំរោងចក្រម៉ែន សារ៉ុន ផ្លូវជាតិលេខ៥ ហួសផ្សារព្រែកព្នៅ។
នេះជាទ្រនំដែលនាងបានទិញ ក្រោយពីបានចាកចេញពីវីឡាដែលបងធម៌របស់អ្នកនាងទិញឲ្យនៅ នៅជាប់ផ្ទះរបស់លោកពែកមី ដែលបច្ចុប្បន្នគឺផ្ទះដែលនាងធ្លាប់គ្រប់គ្រងនោះត្រូវបានចាកសោរចោល។
តារាសិល្បៈជាច្រើនបានបង្ហាញខ្លួនក្នុងពិធីឡើងផ្ទះថ្មីរបស់អ្នកនាងខ្ញុង បើទោះជាផ្ទះរបស់អ្នកនាងស្ថិតនៅឆ្ងាយបើធៀបនឹងផ្ទះដែលតារាកំប្លែងរួមក្រុមជាមួយនាងទិញរស់នៅ ដែលភាគច្រើនគឺនៅម្ដុំឬស្សីកែវ ឬវត្តទួលនៅCTN ។ អ្នកនាងនិយាយថាស្រឡាញ់ផ្ទះនៅម្ដុំផ្លូវជាតិលេខ៥ ម្ដុំរោងចក្រម៉ែន សារ៉ុននោះទើបអ្នកនាងសម្រេចចិត្តទិញ ដោយមិនគិតថាឆ្ងាយ ដោយសុខចិត្តទៅមកៗក្រោយចប់ការងារសម្ដែង និងកំប្លែងនៅCTN ។ អ្នកនាងបានធ្វើពិធីច្រើនតុ ហើយតារាសិល្បៈមិនមែនតែក្នុងរង្វង់អ្នកបម្រើការនៅក្នុងទូរទស្សន៍ជាមួយគ្នានោះទេគឺសូម្បីតែតារាសម្ដែង ផលិតករស្ទើរគ្រប់ផលិតកម្ម និងតារាមកពីទូរទស្សន៍ផ្សេងផង ក៏សុទ្ធតែបានបង្ហាញខ្លួន។ ផ្ទះមួយជុងដែលអ្នកនាងបានទិញនេះ ត្រូវបានបញ្ជាក់ថាមានតម្លៃប្រមាណក្រោម១០ម៉ឺនដុល្លារ តែបានរៀបចំស្អាតបាត និងកាលីបមិនចាញ់ផ្ទះអ្នកទំនើបនៅកណ្ដាលក្រុងនោះទេ ជាពិសេសគឺការបំពាក់នូវគ្រឿងសង្ហារឹមទាន់សម័យតែម្ដង។ នាងថាសម្រេចចិត្តរស់នៅក្រៅក្រុងគឺដោយសារតែចង់គេចចេញពីការកកស្ទះ និងចង់រស់នៅស្រលះមុខស្រឡះមាត់ ហើយសម្រាប់ការសិក្សារបស់កូនគឺមិនចោទនោះទេ ដោយសារតែនៅតំបន់នោះក៏អ៊ូអរហើយមិនខ្វះសាលាល្អៗដើម្បីសិក្សាដូចគ្នា។
ជាមួយនឹងការសម្ភោធផ្ទះថ្មីជាកម្មសិទ្ធិរបស់ខ្លួននេះគឺមានន័យថាតារាកំប្លែងខ្ញុងនឹងមិនភ័យរឿងត្រូវម្ចាស់ផ្ទះល្អក់កករហើយដកយកផ្ទះវិញដូចមុនទៀតហើយ ក្នុងពេលដែលមុននោះបន្តិចគេឃើញនាងបានរស់នៅវីឡាជាប់ផ្ទះពែកមី យ៉ាងពេញមុខពេញមាត់បែបហ្នឹងដូចគ្នាផងដែរ ប៉ុន្តែក្រោយមកក៏មានដំណឹងថានាងបានដើរចេញហើយផ្ទះនោះត្រូវចាក់សោចោល ដោយបងធម៌របស់នាងមិនខ្ចីឲ្យអ្នកណារស់នៅជំនួសហើយទុកលោកពែកមី ជាប្អូនធម៌ថែទាំងម្ដងម្កាល និងចាត់ចែងជួយបង់ថ្លៃភ្លើងឲ្យ។
អ្នកនាងខ្ញុងមិនដែលបកស្រាយជុំវិញរឿងរ៉ាវអន់ចិត្តដែលនាំឲ្យអ្នកនាងត្រូវដើរចេញពីវីឡានោះទេ ដោយគ្រាន់តែអ្នកនាងធ្លាប់បានបញ្ជាក់ថាផ្ទះនោះជាផ្ទះបងធម៌នៅអាមេរិកឲ្យស្នាក់នៅសិន ហើយដោយសារតែនាងក៏មានលទ្ធភាពមិនដូចពីមុនទើបសម្រេចចិត្តឈប់រស់នៅ ហើយបានសន្សំលុយទិញបុរីរស់នៅយ៉ាងហ៊ឺហារនៅហួសផ្សារព្រែកព្នៅផ្លូវជាតិលេខ៥ ដោយទើបនឹងធ្វើពិធីជប់លៀងយ៉ាងសប្បាយកាលពីយប់ម្សិលមិញនោះ៕
មតិយោបល់