បើទោះជាបណ្ដាខេត្តស្ទើរទាំងអស់ បានចំណាយរៀបចំព្រឹត្តិការណ៍សង្ក្រានធំៗសម្ញ៉ែងគ្នា ដើម្បីប្រទាញយកប្រជាប្រិយរៀងខ្លួន ក៏គេនៅតែកត់សម្គាល់ថា សង្ក្រានព្រៃវែងបានក្លាយជាសង្ក្រានដែលមិនត្រឹមតែល្បីតែក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីតែនៅក្រៅប្រទេសក៏ស្គាល់សង្ក្រាននេះច្រើនមិនធម្មតាដែរ។ នោះគឺដោយសារតែសង្ក្រាននេះ មិនត្រឹមតែពឹងលើសិល្បករល្បីៗ និងរៀបចំតំបន់កម្សាន្តទាក់ទាញមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរៀបចំព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនខ្មែរ ដោយអញ្ជើញកីឡាករបរទេសខ្លាំងៗ៦រូបមកពី៥ប្រទេស ឲ្យមកប្រកួតនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ស្របគ្នាដែកព្រឹត្តិការណ៍ប្រដាលនេះ ក៏មានការផ្សាយផ្ទាល់ ហើយមានការផ្សាយបន្តពីសំណាក់ទូរទស្សន៍ និងផេកបរទេស។
ខុសពីព្រឹត្តិការណ៍សង្ក្រានទាំងអស់ដែលបានធ្វើឡើងនៅកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំនេះ សង្ក្រានព្រៃវែង និងប៉ុស្តិ៍លេខ៥ ហ៑ានចាប់ដៃគ្នារៀបចំព្រឹត្តិការណ៍ Khmer Fight ដោយមានកីឡាករកម្ពុជា និងបរទេស មកប្រកួតគ្នាយ៉ាងកក្រើក កាលពីយប់ថ្ងៃទី១៥ មេសា ដែលជាថ្ងៃចូលឆ្នាំទី២។ កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទាំងផេក និងផេករបស់អន្តរជាតិផង ត្រូវគេឃើញបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះ ទើបធ្វើឲ្យសង្ក្រានព្រៃវែង កកកុញដោយមនុស្ស ហើយក្នុងចំណោមសង្ក្រានដែលបានធ្វើឡើង សង្ក្រាននេះសុះសាយជាងគេក្នុងក្រសែភ្នែកអន្តរជាតិខុសពីសង្ក្រានខេត្តផ្សេង។ កីឡាករឡុង សំណាង កីឡាករ វ៉ាន់ វឿន កីឡាករ ផល សោភ័ណ្ឌ កីឡាករ ឡៅ ចន្រ្ទា កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ ឃុន ឌីម៉ា ដែលសុទ្ធតែជាកីឡាករល្បីៗ ត្រូវគេឃើញដាក់ឲ្យប្រកួតជាមួយកីឡាករថៃ អ៊ីតាលី អូទ្រីស បារាំង និងឡាវជាដើមដែលសុទ្ធតែខ្លាំង ដែលនាំឲ្យព្រឹត្តិការណ៍នេះកញ្ជ្រោលពេញសូម្បីតែក្នុងពិភពប្រដាល់ក្នុងស្រុក។
លោក សេង កដិកា អ្នករៀបចំព្រឹត្តិការណ៍បានអះអាងថាគឺជាមោទនភាពណាស់ ដែលកន្លងមកកម្ពុជាធ្លាប់តែបញ្ជូនកីឡាករឲ្យទៅប្រកួតព្រឹត្តិការណ៍ Thai Fight ដែលកីឡាករទាំងអស់ត្រូវប្រកួតឲ្យត្រូវនឹងលក្ខណ្ឌរបស់ភាគីថៃ ស្រាប់តែក្នុងពេលនេះកម្ពុជាមានលទ្ធផលរៀបចំការប្រកួត Khmer Fight ដើម្បីឲ្យកីឡាករបរទេសមកប្រកួតតាមលក្ខន្តិកៈរបស់គណកម្មការរបស់កម្ពុជាវិញ។ នេះជាលើកទី២ហើយ ដែលកម្ពុជារៀបចំការប្រកួតមួយនេះ ដោយលើកទី១រៀបចំក្នុងព្រឹត្តិការ៍បើកសម្ពោធវិមានឈ្នះៗ និងលើកទី២នេះ នៅក្នុងព្រឹត្តិការណ៍សង្ក្រាននៅព្រៃវែង ដោយធ្វើតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃចូលឆ្នាំទី២ ថ្ងៃទី១៥ មេសា ចំណែកថ្ងៃទី១៤ គ្រាន់តែជាការប្រកួតរវាងកីឡាករក្នុងស្រុកនិងក្នុងស្រុក៕
មតិយោបល់