ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃាត់ប្ដីលែងជាប់ ភរិយានាយតាក់សុី សម្រេចចិត្តអោយប្ដីបោះបង់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែងនាយតាក់សុី ប្រកាសលាឈប់ពីសិល្ប: ដោយសម្រេចទៅបួសអស់មួយជីវិត ហើយបើកផ្លូវឲ្យភរិយា គឺអ្នកនាងភីម យកគ្រួសារថ្មី។ អ្នកនាងបានអះអាងថា នៅពីក្រោយការប្រកាសជំហររបស់ស្វាមីនេះ គឺខ្លួនសម្រុះសម្រួលលែងបានទៀតហើយ។

ក្នុងបទសម្ភាសន៍មុននេះ អ្នកនាងភីម និយាយថា រវាងអ្នកនាង និងនាយតាក់សុី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោក មានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាំក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់សុីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុស ដែលជាដំណក់ឈាមក៏មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យលោក ចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់ឲ្យនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំឲ្យបន្តពិបាក ជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់សុីលួច ទៅបួសរត់ចោលប្រពន្ធកូន ព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេល តាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករ ក៏សម្រេចចិត្តសឹកមកវិញ។

អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់សុី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថា ត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃ ហើយត្រូវស្លាប់ក៏លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃ កុំឲ្យលោកគិតខ្លី និងស្នើឲ្យលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត។

លោកអង្វរឲ្យអ្នកនាង បើកសិទ្ធិឲ្យលោកទៅបួស ដោយលោកប្រកាសជំហរថា បើមិនឲ្យទៅបួសតាមសម្រួលទេ គឺលោកនឹងរត់ទៅបួសមិនឲ្យដឹង ហើយបើទោះជាស្លាប់រស់ក្រោយពេលសាងផ្នួស ក៏លោកមិនឲ្យប្រពន្ធកូនដឹង។ អ្នកនាងថា មកទល់ពេលនេះ ស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើស ទើបអ្នកនាងសុខចិត្តឲ្យលោកទៅបួស តែសុំឲ្យលោកបួស នៅវត្តគល់ទទឹងនៅកោះក្របី ដើម្បីឲ្យកូនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែលោកទទូចចង់ ទៅបួសនៅឯភ្នំគូលែនដូចមុន។

អ្នកនាងនិយាយថា ខ្លួនពិតជាមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ ដែលប្ដីចង់តែបួស ចង់តែទៅឆ្ងាយប្រពន្ធកូន ហើយដើរប្រាប់គេឯងថា ឲ្យអ្នកនាងយកប្ដីទៀត ឬចិញ្ចឹមកូនបានយ៉ាងមិចក៏ចិញ្ចឹមទៅ ដែលមនុស្សមួយចំនួនស្ដាប់ ហើយហាក់ដូចជាអ្នកនាង និងលោកមានបញ្ហាផ្ទៃក្នុង។ នៅក្នុងពេលនេះ អ្នកនាងសម្រេចឲ្យប្ដី ទៅបួសនៅចុងខែ៥នេះ តែអ្វីដែលអ្នកនាងអង្វរប្ ដីឲ្យធ្វើតាមនាង គឺសុំឲ្យបួសនៅវត្តគល់ទទឹង ដើម្បីឲ្យអ្នកនាង និងកូនតែម្នាក់វ័យជាង១០ឆ្នាំបានមើលថែ៕

មតិយោបល់