ខុសពីតារាមួយចំនួន ដែលធ្លាក់ខ្លួនឈឺធ្ងន់ ហើយប្រកាសស្រែកអំពាវនាវ ដើម្បីអាចមានលទ្ធភាពព្យាបាលជំងឺធ្ងន់ធ្ងររបស់ខ្លួន តារាសម្ដែងលោក ឃីម រតនៈ ដែលមានជំងឺដុះដុំសាច់មហារីក នៅក្នុងពោះវៀនធំប្រមាណជា២ឆ្នាំមកហើយ រមែងប្រកាន់ជំហរមិនអោយផ្សព្វផ្សាយពីជំងឺរបស់លោក ដើម្បីរ៉ៃអង្គាសថវិការវះកាត់នោះទេ ដោយលោកប្រកាសថា សុខចិត្តស្លាប់ដោយមិនអោយមហាជនណាម្នាក់ វាយប្រហារផ្លូវចិត្តនោះឡើយ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៥ មេសានេះ លោកត្រូវបានបងធម៍ ដែលរាប់អានជាយូរមកហើយ ចំណាយលុយអោយចូលវះកាត់នៅក្នុងប្រទេសថៃ ប៉ុន្តែស្ថានភាពដុំសាច់ បានធ្លាក់ក្នុងសភាពរីកធំជាងមុន និងមិនដឹងថា តើមេរោគដែលបានកើតឡើងរីករាលដល់សរីរាង្គផ្សេង ឬក៍យ៉ាងណាទៅហើយ។
យ៉ាងណាមិញលោករំពឹងថា ខ្លួននឹងជោគជ័យក្នុងការវះកាត់ ដោយសង្ឃឹមថា ក្រោយពីវះយកដុំសាច់មហារីកនោះបាន គឺមិនមានមេរោគមហារីកមួយនេះ រីករាលដាលដល់សរីរាង្គផ្សេងទៀតទេ ដោយសារតែតាំងពីដឹងថា ខ្លួនមានជំងឺដុះដុំសាច់ក្នុងពោះវៀនធំ លោកក៏បានប្រយ័ត្នប្រយែងសុវត្ថិភាព ដើម្បីកុំមេរោគដុំសាច់មហារីកវិវត្តន៍លឿន។
លោកឃីម រតនៈ បញ្ជាក់តាមឆាតហ្វេសប៑ុក មុនបញ្ជូនចូលបន្ទប់វះះកាត់ពីទីក្រុងបាងកកថា ប្រសិនបើការវះកាត់របស់លោក នៅក្នុងពេលនេះទទួលបានជោគជ័យ លោកក៏មិនទាន់ប្រាកដថា នឹងជាជំងឺមហារីកដែលបានកើតឡើង ឬ យ៉ាងណានោះដែរ ជាពិសេសប្រសិនបើ ដុំសាច់មហារីកត្រូវបានពិសោធន៍ឃើញថា បានរីករាលទៅកាន់សរីរាង្គផ្សេង។ លោកថាការវះកាត់ដុំសាច់មហារីកពីពោះវៀនធំ លោកមិនតក់ស្លុតទេ ប៉ុន្តែអ្វីដែលលោកតក់ស្លុត គឺបារម្ភខ្លាចដុំសាច់នេះ ត្រូវវះរួចហើយ តែវាទៅសុីនៅផ្នែកផ្សេងទៀត។
លោក ឃីម រតនៈ បន្តថា ក្រោយការវះកាត់ដុំសាច់ លោកត្រូវក្រុមគ្រូពេទ្យអោយសម្រាក៥ថ្ងៃ និងត្រូវតាមដានសរីរាង្គខាងក្នុងជាច្រើនដំណាក់កាលទៀត ទើបលោកភ័យបារម្ភ ព្រោះប្រសិនបើគ្មានការសុីរីករាលដាល គឺមានន័យថា លោកវះកាត់ជោគជ័យ ហើយបានជា តែបើមានការសុីរាលដាល នោះនឹងត្រូវបន្តប្រយុទ្ធ នឹងជំងឺនេះទៀត។ លោកថាខ្លួនដឹងថាមានដុំសាច់នេះ ជាយូរមកហើយ ហើយក៍ចង់វះកាត់ជាយូរមកដែរ ប៉ុន្តែដោយសារតែខ្វះខាតលទ្ធភាព ទើបបណ្ដោយមកទល់ពេលនេះ។ លោកពិតជាអរគុណ ដល់បងធម៍របស់លោកយ៉ាងខ្លាំង ដែលក្រោយពីដឹងថា លោកស្ថិតក្នុងជីវិតផុយស្រួយ បើមិនវះយកដុំសាច់នោះចេញ ក៏ផ្ដល់ការចំណាយទាំងស្រុងអោយលោក បានទៅវះកាត់នៅក្នុងប្រទេសថៃ ដែលតាមការស្ទាបស្ទង់ គឺមិនក្រោម៦ពាន់ដុល្លារ ហើយបើលោកមិនមានលទ្ធភាពសងនៅពេលជាទេ ក៏បងធម៍មិនយកវិញ។ លោកបញ្ជាក់យ៉ាងខ្លីថា ខ្លួនមិនមែនជាកូនអ្នកអត់ប៉ុន្មានទេ ប៉ុន្តែគ្រួសាររបស់លោក មិនសូវរវីរវល់ខ្វល់ខ្វាយនឹងសុខទុក្ខរបស់លោកឡើយ ទើបលោកត្រូវរស់ខ្លួនឯង និងត្រូវរកលុយមកព្យាបាលជំងឺដោយខ្លួនឯង តាំងពីមានជំងឺនោះមក៕
មតិយោបល់