រតនគិរីៈ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមទូរសព្ទ័ថា អាជ្ញាធរខេត្តបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះការហាមឃាត់ដឹកជញ្ជូនសត្វជ្រូកចេញ-ចូលក្នុងដែនដីរដ្ឋបាលខេត្តខណៈដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ដរាលដាលដល់ស្រុកមួយទៀតនៃខេត្តរតនគិរី។
ករណីនេះ បានសម្លាប់សត្វជ្រូកជាង១០០ក្បាលនៅក្នុងភូមិកាំ ឃុំល្អក ស្រុកអូរជុំ ដែលជាស្រុកទីពីរហើយដែលផ្ទុះជំងឺនេះ បន្ទាប់ពីស្រុកអូរយ៉ាដាវ ជាប់ព្រំដែនប្រទេសវៀតណាមកាលពីខែមុន។
ប្រធានមន្ទីររូបនេះបន្តថា មន្រ្តីជំនាញកំពុងតែធ្វើការសិក្សា តើវាមានផលប៉ះពាល់ដល់សត្វជ្រូកប៉ុន្មានក្បាល រាលដាលប៉ុន្មានភូមិនៅឃុំណាខ្លះបន្តទៀត បច្ចុប្បន្នអាជ្ញាធរខេត្តបាន បិទចលនានាំចេញសត្វជ្រូកទូទាំងខេត្ត និងចាត់វិធានការទប់ស្កាត់ កុំឲ្យរាលដាលបន្តនៅតាមបណ្តាស្រុកផ្សេងៗ។
ចំពោះវិធានការសម្រាប់ទប់ស្កាត់ត្រូវបានលោក សយ សូណា អះអាងថា ខាងមន្ទីរបានដាក់តំបន់ដែលផ្ទុះជំងឺខាងលើជាតំបន់ហាមឃាត់ចរាចរសត្វ និងបាញ់ថ្នាំសម្លាប់មេរោគក្នុងភូមិ ព្រមទាំងបានអញ្ជើញប្រជាពលរដ្ឋ ដែលចិញ្ចឹមជ្រូក មកអប់រំផ្សព្វផ្សាយអំពីជំងឺបេស្តជ្រូកអាហ្រ្វិក និងផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលតាម វិទ្យុ ទូរទស្សន៍ខេត្ត ជាភាសាខ្មែរនិងជាភាសាជនជាតិដើមភាគតិចមានដូចជា ចារ៉ាយ ទំពួន ព្រៅ និងគ្រឹងផងដែរ។
លោកបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនប៉ះពាល់ដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះកើតលើតែសត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់។
បច្ចុប្បន្នមិនមានវិធីព្យាបាលជំងឺនេះ ឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់៕
មតិយោបល់