ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស លក្ខិណា និង អ៑ុង សុផល្លី កាន់តែជាដៃគូស្អិតរមួត

មកទល់ពេលនេះ តារាចម្រៀងសំនៀងពិរោះ អ្នកនាង មាស លក្ខិណា និងដៃគូចម្រៀង មិនត្រឹមតែទទួលច្រៀង និងទៅណាមកណា ជាមួយដៃគូគឺលោក អ៑ុង សុផល្លី ប៉ុណ្ណោះទេ អ្នកទាំងពីរ ក៏ប្រកាសថា នឹងចាប់ដៃគ្នា អោយស្អិតរមួតទាំងក្រៅ និងក្នុងសិល្បៈ។ ក្រោយពីចេញចម្រៀងមួយបទ បើកឆាកជាមួយគ្នា តារាទាំងពីរក៏ប្រកាសពីជំហរថា នឹងចេញបទចម្រៀងថ្មីៗរួមគ្នាបន្តបន្ទាប់ និងកាន់តែធ្វើជាស្នាដៃស្និទ្ធស្នាល ដោយមិនខ្វល់មាត់ចាបមាត់ព្រាបនោះផង។

មកទល់ម៉ោងនេះ ដ្បិតថាបទចម្រៀងបើកឆាករបស់អ្នកនាង មាស លក្ខិណា និង ដៃគូគឺលោក អ៑ុង សុផល្លី ដែលមានចំណងជើងថា “ចាំស្កកខកអស់” ដែលចេញក្នុងអំឡុងចូលឆ្នាំ ត្រូវផុតរយៈពេលរាំលេងចូលឆ្នាំ ក៏គេកត់សម្គាល់ថាអត្ថន័យ និង សាច់ភ្លេងរបស់បទចម្រៀងនេះ កាន់តែមានអ្នកស្ដាប់ច្រើនឡើង និងមានអ្នកទទួលស្គាល់ខ្លាំងឡើង។ ចម្រៀងមួយបទនេះ ត្រូវបានអ្នកស្ដាប់ចាក់បន្លឺ ក្រោយរដូវចូលឆ្នាំ ជាហូរហែរ ដោយខ្លឹមសារ និងទឹកដមសំនៀងរបស់អ្នកទាំងពីរ ត្រូវបានអ្នកស្ដាប់ភាគច្រើនសរសើរថាពិរោះ និងមានអត្ថន័យមិនចាញ់បទចម្រៀងរបស់តារាចម្រៀងល្បីៗជំនាន់មុននោះផង។

ចម្រៀងរបស់អ្នកទាំងពីរមិនផ្ទុះដូចការគ្រងទុក ក្នុងអំឡុងពេលចូលឆ្នាំនោះទេ ប៉ុន្តែនៅក្រោយចូលឆ្នាំ បែរជាត្រូវគេចាក់ស្ដាប់ច្រើន ជាក់ស្ដែងនៅតាមវិទ្យុ និងក្នុងកម្មសង្គមយូធូប គឺត្រូវគេចូលមើលកើនឡើង និងចែកចាយច្រើន។

អ្នកនាង មាស លក្ខិណា ដែលត្រូវគេស្គាល់ថា ជាអ្នកលក់ត្រីងៀត គ្មានជាតិគីមីល្បីល្បាញ នៅលើហ្វេសប៑ុកផង ប្រកាសថា ក្រោយចេញបទដំបូង”ចំាស្កកខកអស់” ជាមួយលោក អ៑ុង សុផល្លី អ្នកនាងនឹងមានគម្រោងចេញបទថ្មីៗរួមគ្នាបន្ថែមទៀត ក្រៅពីច្រៀងឆ្លងឆ្លើយគ្នា នូវបទចាស់ៗរហូតមានឈ្មោះបោះសំទ្បេង និងមានទីផ្សារទាំងគូ ក្នុងវិថីសិល្បៈ។ អ្នកនាងប្រកាសថា លោក គឺជាដៃគូចម្រៀង ហើយបើទោះជាមានការលើកឡើងថា ជាដៃគូស្នេហាស្នេហ៍ហឺតអី ក៏អ្នកនាងមិនខ្វល់ នោះដែរ សំខាន់អ្នកនាង និងលោក បន្តចេញបទចម្រៀងអន្ទងចិត្តមហាជន ក្រោយពីបទថ្មីដំបូងរបស់ខ្លួន មានអ្នកស្ដាប់សរសើរថាពិរោះ ហើយកំប្លុកកំប្លែង និងគាំទ្រអោយចេញបទថ្មីៗ រួមគ្នាទៀតនោះ។

ក្រៅពីកំពុងឡើងកូដក្នុងអាជីពចម្រៀង អ្នកនាងក៏ត្រូវគេឃើញសកម្មក្នុងការបរិច្ចាគជាថវិកា និងត្រីងៀត ជួយដល់តារាសិល្បៈចាស់ៗ ធ្លាក់ខ្លួនឈឺ ដូចជាទើបតែជួយដល់នាយសានម៉ៅ មុននេះជាដើមផងដែរ៕

មតិយោបល់