ព័ត៌មានជាតិ

រថយន្តស្តារិច ពន្លះរថយន្តកាមរីខ្ទាតទៅបុកចូលផ្ទះលក់គ្រឿងសំណង់ យីហោ ជា សួនតារា បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តស្តារិចមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្តកាមរីបាទ្បែន ពេញទំហឹង បណ្តាលឲ្យខ្ទាតចូលទៅផ្ទះលក់គ្រឿងសំណង់ ដែលនៅក្បែរនោះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០ទៀប ឈានចូលភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខ្លោងទ្វារវត្តសំរោងអណ្ដែតប្រមាណ២០០ម៉ែត្រតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស និងស្ត្រី ២នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាមរីបាទ្បែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-9012 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AU-8468 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង និងបុរសម្នាក់ទៀត រួមដំណើរ មកពីក្រោយយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា បុកគូទរថយន្តបាទ្បែន ចំពីក្រោយពេញទំហឹង បណ្តោយឲ្យរថយន្តបាទ្បែនវិលជាច្រើនជុំ ខ្ទាតទៅខាងស្តាំ ទៅបុកទ្វារផ្ទះលក់គ្រឿងសំណង់យីហោ ជាសួនតារា វៀចទ្វារអស់ចំនួនបី រីឯរថយន្តរងការខូចខាតក្រពឹតមួយកំណត់ក្រោយទាំងស្រុង ចំណែកឯអ្នកបើកបររងរបួសស្រាល។

ដោយឡែករថយន្តបង្ក រងការខូចខាតក្រពឹតកាងផ្នែកខាងមុខ វិលក្បាលត្រលប់ក្រោយ ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់