ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឹម រដ្ឋា ហ្វឹកហាត់ចរិតពុតត្បុត

ភ្នំពេញៈ រយៈពេលចុងក្រោយគេចាប់អារម្មណ៍តារាម៉ូដែល នាងទឹម រដ្ឋា ទទួលបានឱកាសសម្ដែងច្រើនឡើងនៅក្នុងពិភពភាពយន្ត។ ប៉ុន្តែតំណែងរបស់នាងមិនបានតួឯកនោះទេ បើទោះជាកេរ្តិ៍ឈ្មោះរបស់នាងត្រូវគេមើលឃើញថា ឈានដល់លំដាប់ជួរមុខទៅហើយ។ ក្រៅពីបានសម្ដែងត្រឹមតួរង រឿងដែលនាងបានទទួល សុទ្ធតែតម្រូវឲ្យនាងលេចចរឹកជានារីមាយារដកខ្ញី ដណ្ដើមសង្សារគេ និងពុតត្បុតដល់កំពូល ដែលមិនខុសពីបង្វក់ឲ្យនាងទទួលបាននូវចំណេះដឹងមិនល្អពីការសម្ដែងក្នុងរឿងទាំងនោះ។

គ្មានអ្នកណាមិនដឹងនោះទេថារឿង «ម្ទេសហិរអំបិលប្រៃ» របស់ទូរទស្សន៍ PNN ទឹម រដ្ឋា ត្រូវគេឲ្យសម្ដែងជាតួរងឆ្នាស់ឆ្នើម និងពុតត្បុតលេខ១ ដោយអាចនិយាយថា ពូកែល្បិចកិច្ចកល និងពិលពុលគ្មានគូប្រៀបខាងច្រណែនឈ្នានីស។ ក្នុងរឿង «ហង្សបាក់ស្លាប» របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ឯណោះវិញ ផលិតករបានតម្រូវឲ្យនាងសម្ដែងជាតួរងដែលជំនាញលេងឫកទាក់មនុស្សប្រុសក្នុងរឿង ដែលសុទ្ធតែជាចំណេះដឹងមិនល្អនោះផង។ ផលិតករបានអះអាងថា នាងសម្ដែងជាតួប្រភេទនេះបានល្អមិនចាញ់តារាជើងចាស់ឡើយ បើទោះជាចរិតដែលនាងទទួលសម្ដែងគឺមិនធ្លាប់ឃើញនាងលេងកាលពីពេលកន្លងមក។ ក្នុងរឿង«បណ្ដឹងស្រីទាំង៥» របស់អ្នកស្រីពាន់ ភួងបុប្ផា ទឹម រដ្ឋា ក៏តម្រូវត្រូវអ្នកនិពន្ធតម្រូវឲ្យសម្ដែងជាតួអង្គស្រីស្អាត សំបូរស្នេហ៍ និងក្លាយជានារីរងគ្រោះរហូតដល់ស្លាប់ ព្រោះតែភាពសំបូរស្នេហ៍របស់ខ្លួននោះផងដែរ។ ខ្សែរឿងទាំង៣ ត្រូវគេមើលឃើញថា បានក្លាយជាបទពិសោធន៍មិនល្អមួយ ដែលធ្វើឲ្យគេវាយតម្លៃថា ស្រីស្អាតពោរពេញដោយសម្រស់គឺពិសពុល។ យ៉ាងណាក៏ដោយ តារាស្រីរូបនេះបានអះអាងថា ការសម្ដែងគឺសម្ដែង គឺមិនអាចជះឥទ្ធិពលឲ្យនាងទទួលយកចរឹកទាំងនោះយកមកប្រើក្នុងការជីវិតខាងក្រៅនោះទេ បើទោះជានាងបានទទួលស្គាល់ថា ត្រូវហ្វឹកហាត់ដើម្បីលេងចរឹកពុតត្បុតឲ្យល្អក្នុងរឿង។

ទឹម រដ្ឋា ធ្លាប់បានបញ្ជាក់ថា ទម្រាំសម្ដែងបានល្អមួយឈុតក្នុងរឿងដែលបានកុងត្រាខាងលើ គឺនាងប្រឹងពត់ចរិត និងមើលគំរូសម្ដែងជាអង្គបែបនេះពីសំណាក់សាច់រឿងរបស់ប្រទេសជិតខាងច្រើន ដើម្បីឲ្យចេះលេងទឹកមុខ និងចេះបែបបទពត់ត្បុតបើទោះជានាងមិនចូលចិត្ត។ នាងថា អ្វីដែលក្រុមផលិតករឲ្យសម្ដែង សុទ្ធតែបទពិសោធន៍អាក្រក់សម្រាប់ជីវិត ប៉ុន្តែចំណេះដឹងទាំងនេះ ក៏ក្លាយជាការដាស់អារម្មណ៍ដ៏ល្អមួយ ដើម្បីឲ្យនាងគេចចេញ ដើម្បីកុំឲ្យរងការរិះគន់ថា ពិលពុលដូចការសម្ដែងផងដែរ។ នាងនិយាយថា «ក្នុងរឿង២-៣នឹង ថាខ្ញុំសម្ដែងជាតួមនុស្សអាក្រក់គ្មាន២ ប៉ុន្តែដ្បិតថាត្រូវហ្វឹកហាត់ចរិតចឹងៗមកដាក់ខ្លួន ប៉ុន្តែអត់អនុវត្តតាមទេ គឺធ្វើតែពេលសម្ដែងទេ!»។ នាងថា បទពិសោធន៍ក្នុងប៉ារ៉ូលរឿង ធ្វើឲ្យនាងយល់ដឹងពីសភាពអាក្រក់របស់នារីពុតត្បុត ប៉ុន្តែបើឲ្យនាងទទួលយកចំណេះដឹងនេះដើម្បីជីវិតក្រៅឆាកគឺមិនធ្វើនោះទេ ដោយសារតែនាងក៏មិនបានការរិះគន់ និងការពេបជ្រាយពីមនុស្សនៅជុំវិញខ្លួន៕

មតិយោបល់