ភ្នំពេញៈ កាន់តែឡើងកូដខ្លាំងក្នុងវិស័យសិល្បៈ តារាចម្រៀង ឆាយ វិរៈយុទ្ធ ត្រូវបានផលិតកម្មសាន់ដេ លើកបន្តុបបន្ថែមទៀត ឲ្យដើរតួឯកដំបូង ជាមួយនឹងតារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេក កញ្ញា សុខ ពិសី ។
កន្លងមក ផលិតកម្មសាន់ដេ បានបង្កើតរឿងជាច្រើន ប៉ុន្តែសាច់រឿងទាំងនោះ តម្រូវឲ្យ លោក ខេមរៈ សិរីមន្ត ដើរជាតួឯក ហើយ តារាចម្រៀងដែលល្បីក្នុងចិត្តយុវវ័យ លោក ឆាយ វិរៈយុទ្ធ ត្រឹមតែជាតួរាយរង ក្នុងសាច់រឿងតែប៉ុណ្ណោះ ។
យ៉ាងណាមិញ ឆាយ វិរៈយុទ្ធ បានឡើងយីអ៊ុននៅពាក់កណ្តាលឆ្នាំ២០១៦ ដោយអាចក្តាប់តំណែង ជាតួឯកបានសម្រេច ក្រោយផលិតកម្ម សាន់ដេ ជ្រើសរើសយក ឲ្យសម្តែង ក្នុងរឿង «អាឡេវចូលក្រុង» ។
បើតាមសម្តីរបស់កញ្ញា យូរី ក្នុងបទសម្ភាស និយាយពី អាលប៊ុមខ្សែជីវិត នាងក៏ធ្លោយមាត់ប្រាប់ដល់ Post News ថា ឆាយ វិរៈយុទ្ធ ដើរតួឯក ជាមួយនឹងសុខ ពិសីក្នុងរឿងថ្មី ។ ចម្លើយនេះ បន្ទាប់ពី អ្នកព័ត៌មានយើងសួរថា តើមានគម្រោងចេញទៅសម្តែងក្រៅស្រុកអត់ ?
យូរី ថា«មានតើបង មានគេទាក់ទងឲ្យចេញសម្តែងនៅក្រៅស្រុក តែខ្ញុំជាប់កុងត្រាថតរឿងថ្មី ជាមួយនឹងផលិតកម្ម រឿង អាឡេវចូលក្រុង ដោយបង ឆាយ វិរៈយុទ្ធ ដើរតួឯកជាមួយនឹង សុខ ពិសី» ។
សម្រាប់ភាពយន្ត «អាឡេវចូលក្រុង» ត្រូវបានតារា រាងតូចច្រឡឹង កញ្ញា យូរីថា ជារឿងបែបកំប្លែង មនោសញ្ចេតនា បែបជនជាតិភាគតិច ៕
មតិយោបល់