ក្រោយការបាញ់ប្រហារភ្លាមៗទៅលើអ្នកវិភាគឯករាជ្យល្បីឈ្មោះ គឺលោកបណ្ឌិត កែម ឡី គេកត់សម្គាល់ថា មានតែអតីតតារាសម្ដែងអ្នកនាង សា រីនណា ដែលជាភរិយារបស់លោក ស៊ុក សុភា ម្នាក់ប៉ុណ្ណោះ ដែលហ៊ានបង្ហោះសាររិះគន់ចំៗទៅលើករណីបាញ់សម្លាប់នេះថា ជាទង្វើដែលមិនគួរនឹងកើតមាននៅក្នុងសង្គមកម្ពុជា។
អ្នកនាងបានទទួលកោតសរសើរ បន្ទាប់ពីមានចិត្តក្លាហានក្នុងការបញ្ចេញយោបល់នេះ បើទោះជាមានមនុស្សមួយចំនួនតូចបានលើកឡើងថា នោះជាការរិះគន់ចំពោះសង្គមខ្មែរ ដោយគ្រាន់តែចង់ឲ្យមានការចាប់អារម្មណ៍។ បន្ថែមពីលើការរិះគន់ក្នុងន័យថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី អ្នកនាងក៏ត្រូវគេឃើញតែងកំណាព្យមួយខ្លីបង្ហោះជាសាធារណៈ បង្ហាញពីអារម្មណ៍ក្ដុកក្ដួលចំពោះការបាត់បង់អ្នកចេះដឹងម្នាក់ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ។
អ្នកនាងសារីនណា ថ្លែងប្រាប់ Post news ថា បើទោះជាអ្នកនាងមិនសូវចេះដឹងភាសាខ្មែរជ្រៅជ្រះ ព្រោះតែបានធំធាត់នៅក្នុងប្រទេសអូស្ត្រាលី ក៏ទឹកចិត្តស្រឡាញ់ និងរន្ធត់ចំពោះករណីបាញ់ប្រហារទៅលើលោក កែម ឡី បានរុញឲ្យអ្នកនាងហ៊ានសរសេរខ្លឹមសារមួយចំនួនរិះគន់ចំពោះការបាញ់ប្រហារ និងឈានដល់ការតែងកំណាព្យមួយបទនេះដោយការតាំងចិត្ត។ អ្នកនាងថា អ្វីដែលបានបង្ហោះឡើង បូករួមទាំងខ្លឹមសារកំណាព្យ ដែលបានរំលេចនោះផង មិនមែនជាការសម្ដែង ដើម្បីឲ្យមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការទើសភ្នែកនូវអ្វីដែលនាងយល់ឃើញ និងចង់បង្ហាញពីការសោកស្ដាយ ដែលពលរដ្ឋខ្មែរត្រូវបានបង់លោក កែម ឡី ដែលជាអ្នកចេះដឹងម្នាក់តែប៉ុណ្ណោះ។ អ្នកនាងថា ថ្វីដ្បិតតែអ្នកនាងបានធំធាត់នៅក្នុងប្រទេសអូស្រ្តាលី តែស្ថានការផ្សេងៗ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា អ្នកនាងបានប្រើប្រព័ន្ធហ្វេសប៊ុកតាមដានមិនដែលដាច់នោះទេ ដោយសារតែអ្នកនាងជាខ្មែរ និងត្រូវតាមដាននូវគ្រប់ហេតុការណ៍ ដែលបានកើងឡើងនៅក្នុងប្រទេសកម្ពុជា។
អ្នកនាងសារីនណា បានបង្ហាញអារម្មណ៍សង្វេគ និងក្ដុកក្ដួលកាន់តែខ្លាំង នៅពេលដឹងថា ភរិយារបស់លោក កែម ឡី ជិតគ្រប់ខែទៅហើយ បែរជាត្រូវមកធ្វើបុណ្យសពឲ្យស្វាមី បន្ទាប់ពីមានការបាញ់ប្រហារកណ្ដាលភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា។ អ្នកនាងនៅតែយល់ថា ការបាញ់សម្លាញ់ចំពោះលោកបណ្ឌិត គឺជារឿងពាក់ព័ន្ធនឹងហេតុផល ដែលលោកហ៊ានបញ្ចេញមតិនិយាយពីស្ថានភាពពិតនៅកម្ពុជាក្នុងការវិភាគកន្លងមក ទើបសម្រេចចិត្តតែងកំណាព្យ ដើម្បីឲ្យមានការចងចាំចំពោះការពលីជីវិតរបស់លោក កែម ឡី និងដើម្បីជាការសោកស្ដាយចំពោះការបាត់នេះផង៕
ខាងក្រោមនេះជាខ្លឹមសារអត្ថបទកំណាព្យរបស់អ្នកសារីនណា ដែលលើកឡើងពីការបាត់បង់លោកបណ្ឌិត កែម ឡី តាមរយៈការបង្ហោះ៖
-ខ្ញុំបាទ-កែម ឡី ឈ្មោះខ្ញុំល្បាញល្បី គំនិតខ្ញុំជា ញាតិនាមបណ្ឌិត រាប់អានគ្រប់គ្នា ពេលនេះខ្ញុំលា គ្មានថ្ងៃត្រឡប់។
-ថ្ងៃ-១០ កក្កដា គេបាញ់ប្រហារ គ្មានត្រាប្រណី មិនបានលាញាតិ លាកូនៗក្ដី លាភរិយាថ្លៃ ដែលបងធ្លាប់ថែ។
-៧ខែក្នុងផ្ទៃ មិនដឹងខ្យល់អ្វី ខានឃើញហើយណា កែវអើយកុំស្ដាយ មិនបានហៅប៉ា តែម៉ាក់នេះហើយ សន្យាថែកូន។
-ឱបងប្អូនអើយ កែម ឡី លាហើយ លាទាំងស្រណោះ លា Facebook ដែរ ឃ្លាធ្លាប់បង្ហោះ ពេលនេះនឹងអស់ អ្នកវិភាគហើយ។
-បួនថ្ងៃខ្ញុំឃ្លាត តែបានឃើញញាតិ កំដររាល់ថ្ងៃ ផ្សែងធូបមានក្លិន ក្រអូបពេកក្រៃ ដោយសារបារមី កេរ្ដិ៍ឈ្មោះថ្កុំថ្កើង។
-ខ្ញុំឡើងគេងហើយ គេងមិនភ្ញាក់ឡើយ ម៉ែអើយកុំដាស់ ឡី ចង់ប្រាប់ថា ស្រឡាញ់ម៉ែណាស់ ព្រោះម៉ែជាម្ចាស់ អ្នកឲ្យជីវិត។
-ខ្ញុំឃ្លាតមែនពិត តែឈ្មោះបណ្ឌិត ថិតថេរគ្រប់គ្រា ឃ្លាធ្លាប់បកស្រាយ មិនដែលជាន់គ្នា ចង់ឲ្យស្ងួនភ្ងា ចងចាំកុំភ្លេច។
មតិយោបល់