ធ្លាប់តែឃើញផលិតករបរទេស ចុះមកថតនៅស្រុកខ្មែរ ឬលុះត្រាតែស្ពតនោះ ត្រូវតម្រូវដាក់ផ្សាយ នៅក្នុងប្រទេសកម្ពុជា ទើបតារាខ្មែរមួយចំនួន បានឱកាសទទួលថតជាមួយផលិតករ ឬក្រុមហ៑ុនបរទេស ។ ប៉ុន្តែសម្រាប់បញ្ញា សិទ្ធិ ត្រូវបានតំបន់លម្ហែកាយ ឬ Resort ធំមួយប្រចាំប្រទេសឡាវ ក្នុងទីក្រុងវៀងច័ន្ទ ជ្រើសជាតួឯកក្នុងស្ពត ដែលស្ពតរបស់ Resort គឺប្រើសម្រាប់ផ្សព្វផ្សាយក្នុងប្រទេសឡាវ និងថៃ យ៉ាងកាលីពទៅវិញ។
លោក បញ្ញា សិទ្ធិ និយាយថា ក្រុមហ៑ុន Dasavanh Nam Ngum Resort បានទាក់ទងលោក តាមរយៈហ្វេសប៑ុក ដើម្បីអោយទទួលថតស្ពត តាំងពីលោកមុនទៅសម្ដែង នៅក្នុងប្រទេសអូស្ត្រាលីម្ល៉េះ ដោយខាងក្រុមហ៑ុន បានទាំងយល់ព្រមពន្យារពេលថតទាល់តែលោក បញ្ចប់ការងារ នៅក្នុងប្រទេសអូស្ត្រាលី នោះផង។ លោកថា សកម្មភាពថតស្ពតពី Resort នេះ គឺមានច្រើនប្លង់ ទើបតម្រូវអោយលោក ចាកចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃ២០ ហើយរហូតដល់ថ្ងៃទី២៧ ឧសភា ទើបបញ្ចប់ការងារ។
លោកថាខ្លួនមិនមែនថតស្ពតនេះ តែក្នុងប្រទេសឡាវទេ ដោយចប់ការងាររយៈពេល៤ថ្ងៃ លោកក៏ត្រូវទៅថត នៅក្នុងប្រទេសថៃរយៈពេល៣ថ្ងៃទៀតផងដែរ ទើបលោកយល់ខ្លួន ជាតារាខ្មែរ ដែលសំណាងម្នាក់ ដែលត្រូវបានក្រុមហ៑ុនធំ របស់ឡាវ ពេញចិត្តអោយថតស្ពត ហើយបានថតដល់២ប្រទេស។
លោកថាការងារនេះ ទទួលបានតម្លៃខ្លួនខ្ពស់ ដោយខាងក្រុមហ៑ុនក្រៅផ្ដល់តម្លៃខ្លួនអោយខ្ពស់ ក៏រ៉ាប់រងសំបុត្រយន្តហោះ ការស្នាក់នៅ និងហូបចុកយ៉ាងពេញចិត្តផងដែរ។ យ៉ាងណាមិញ លោកបដិសេធមិនទម្លាយអោយដឹងពីតម្លៃ ចេញថតក្រៅប្រទេសនេះទេ ដោយគ្រាន់តែអះអាងថា ខ្ពស់ដាច់ឆ្ងាយនៅក្នុងស្រុក៕
មតិយោបល់