ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម ប្រគល់ថវិកា ដែលប្រឹងរ៉ៃអង្គាស ពីកូរ៉េ ជូនគន្ធបុប្ផា

កាលពីល្ងាចថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ តារាចម្រៀង ខេម បានចូលរួមប្រគល់ថវិកាចំនួន៨០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលចំនួន២០ លានរៀល បានពីការប្រគំតន្ត្រីរ៉ៃអង្គាសពីពលករខ្មែរ នៅក្នុងប្រទេសកូរ៉េ និង៦០លានរៀល ជាថវិកាបង្គ្រប់ពីអគ្គនាយកបុរីឡេងណាវ៉ាត្រា។

តារាចម្រៀង ខេម បានថ្លែងក្នុងឱកាសប្រគល់ជំនួយជូនគន្ធបុប្ផា ក្រោមការចូលរួមរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរថា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលថវិកាដែលលោក បានរួមចំណែកទៅច្រៀងនៅក្នុងប្រទេសកូរ៉េ ហើយថវិកា ដែលបងប្អូនពលករកូរ៉េបរិច្ចាគ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលមានន័យថា ថវិកាទាំងនោះ ពិតជាបានដល់ដៃគន្ធបុប្ផា។ លោកថា នឹងបន្តទទួលក្នុងគម្រោងសប្បុរសធម៍បែបនេះ អោយច្រើនឡើងថែមទៀត ដើម្បីបានរួមចំណែកបំផុសអោយបងប្អូនទាំងក្នុង និងក្រៅស្រុក បានបរិច្ចាគថវិកា ជួយដល់គន្ធបុប្ផា និងទុរគតផ្សេងទៀត។

ដោយឡែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានអះអាងថា ថវិការដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៨០លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាស ពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ ២០លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន ៦០លានរៀលទៀត ដើម្បីបង្គ្រប់៨០លានរៀល ស្មើនឹង២មុឺនដុល្លារ។ លោកប្រាប់មូលហេតុ ដែលលោក បានប្ដូរថវិកាជំនួយ អោយសុទ្ធតែជាក្រដាសប្រាក់៥០០រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ អោយស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីអោយបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម៥០០រៀល ឬ មានត្រឹមប៉ុន្មានពាន់រៀល ក៏អាចរួមចំណែកជួយបាននោះដែរ នៅគ្រប់សកម្មភាពរៃអង្គាស ដែលបានធ្វើឡើង។

លោកថានេះជាលើកទី៣ហើយ ដែលលោក បានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី២លើកមុន គឺមានចំនួន៥០លានរៀល និង៨០លានរៀលរួចមកហើយ។ លោកមិនប្រកាសថា នឹងធ្វើបែបនេះ អោយបានទៀងទាត់នោះទេ ប៉ុន្តែលោកថា នឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព ដោយគម្រោងរៀបចំការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ដើម្បីរ៉ៃអង្គាសថវិកាពលករនៅទីនោះ នឹងនៅតែបន្តធ្វើ៕

មតិយោបល់