ភ្នំពេញៈ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើងឡើងកាលពីព្រលប់ម៉ោង៦ និង៣០នាទី ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីមាននារីម្នាក់ បានចុះពីលើផ្ទះជួល បានប្រទះឃើញសពយុវជនម្នាក់ ចង.កសម្លាប់ខ្លួនលើដើមខ្នុរ ក្បែរបន្ទប់របស់ខ្លួន ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ កុសល ពិសី អាយុ២៧ឆ្នាំ សព្វថ្ងៃរស់នៅជាមួយអ៊ុ និងជួយមើលការខុសត្រូវផ្ទះជួលរបស់អ៊ុខ្លួន នៅចំណុចផ្ទះជួលកើតហេតុ ខាងលើ។
យោងតាមសម្ដីអ្នកជិតខាងរស់នៅផ្ទះជួលខាងលើ បានឲ្យដឹងថា មុនថ្ងៃកើតហេតុ អ្នកជិតខាងបានសង្កេតឃើញយុវជនខាងលើ ដើរនិយាយទូរស័ព្ទ មានទឹកមុខក្រៀមក្រំខុសពីធម្មតា ដោយឃើញទឹកមុខដូចនេះ អ្នកជិតខាងបានគិតថា ទំនងមានវិបត្តិអ្វីមួយហើយ តែមិនហ៊ានសួរនាំ ។
លុះមកដល់ព្រលប់ថ្ងៃកើតហេតុ ស្រាប់តែមាននារីម្នាក់ឈ្មោះ ចិត្តា ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាសិស្ស ដែលស្នាក់នៅផ្ទះជួលខាងលើ បានចុះពីលើផ្ទះ ក៏ក្រឡែកឃើញសពយុវជនខាងលើ បានចងកសម្លាប់ខ្លួនលើដើមខ្នុរ ទើបមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាងតែម្ដង ។
ក្រោយមក ម្ចាស់ផ្ទះជួលបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកត្រួតពិនិត្យសព នៅកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីសមត្ថកិច្ច ត្រួតពិនិត្យនិងធ្វើកោសលវិច័យរួច បានសន្និដ្ឋានថា យុវជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនប្រាកដមែន រួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់