ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ធ្វើខួបលេងៗ តែសប្បាយកប់

កាលយប់ថ្ងៃទី២៦ ឧសភា អ្នកនាងលី ម៉ារីណា បានរៀបចំពិធីខួបកំណើត ដោយអះអាងថា ជាទ្រង់ទ្រាយតូចប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពិធីរបស់អ្នកនាង បែរជាសប្បាយ និងគគ្រឹកគគ្រេង ជាងពិធីខួបដែលធ្វើធំដុំទៅទៀត។ អ្វីដែលសំខាន់ គឺភ្ញៀវដែលអ្នកនាងអញ្ជើញមក គឺសុទ្ធតែជាតារា មានឈ្មោះបោះសំទ្បេង និងភាគច្រើនជាភ្ញៀវកិត្តិយស ដែលមានមុខមាត់តែម្ដង។

អ្នកនាង លី ម៉ារីណា និយាយថា អ្នកនាងធ្វើខួបក្នុងថ្ងៃកើតរបស់ខ្លួននោះ គឺគ្រាន់តែចង់ជួបជុំមិត្តភក្ដិ និងយកថ្ងៃដែលអ្នកនាងមើលឃើញពន្លឺថ្ងៃ ជាការជួបជុំអ្នកជិតស្និទ្ ធិដើម្បីកុំអោយឆ្ងាយគ្នាប៉ុណ្ណោះ។ អ្នកនាងបានទាំងចាត់ទុកថា បើមិនបានធ្វើពិធីជួបជុំក្នុងថ្ងៃខួបនោះទេ គឺហាក់ដូចជាបាត់អ្វីម្យ៉ាង និងសោះកក្រោះ នៅក្នុងជីវិតនោះផង។ អ្នកនាងថា ខ្លួនធ្វើខួប ហើយអញ្ជើញផលិតករ និងតារាសិល្បៈ មិនដែលខានមួយឆ្នាំ ចាប់តាំងពីអ្នកនាងវិលចូលសិល្បៈ គឺបំណងធំតែមួយគត់ គឺចង់ជួបជុំ។ អ្នកនាងកាន់តែសប្បាយចិត្ត នៅពេលដែលពិធីរបស់នាង គឺជាពិធីសាមញ្ញ គ្មានតន្ត្រី និងអ្នកចម្រៀងកំដរពិធី តែសំលេងសើចសប្បាយខ្ញៀវខ្ញា ធ្វើអោយអ្នកនាង មើលឃើញពីក្ដីស្រទ្បាញ់របស់មិត្តភក្ដិ និងអ្នករាប់អានអ្នកនាង។

នៅក្នុងពិធីខួបរបស់អ្នកនាងគម្រប់វ័យ៣៩ឆ្នាំនោះ គេឃើញមានវត្តមានស្វាមីរបស់អ្នកនាង ចុះមកពីអាមេរិក ផលិតករ និងតារាៗជាច្រើននាក់បង្ហាញខ្លួន ដែលក្នុងនោះរួមមាន លោក គាំ ចន្ធី ម្ចាស់ផលិតកម្ម FCI លោកឧកញ៉ា តូនី លោក លី សុជន កញ្ញា អាលីហ្សា អ្នកនាង ឡេង មុន្នីរចនា កញ្ញា ពឹង រ៉ូហ្សា លោក គន់ រៀមរតនៈ លោក សុឹម សុវណ្ណដុល្លារ កញ្ញា ភី សម័យ លោក អៀង ចេនឡា កញ្ញា ចូចូ លោក អៀម សុខា លោក អ៊ឹម ជីវ៉ា និងតារាចាស់ក្មេង ជាច្រើនរូបនោះ។ នៅក្នុងយប់នោះ អ្នកនាងលី ម៉ារីណា ស្រស់ស្អាតមិនធម្មតានោះទេ បើទោះជាអ្នកនាង ឈានចូលដល់វ័យក្បែរសែហើយ៕

មតិយោបល់