ក្រោយចាប់ផ្ដើមមានឈ្មោះបោះសំទ្បេង តារាសម្ដែងលោក ចាន់សុី សុីណាវ៉ាត់ត្រា សម្រេចចិត្តធ្វើពិធីភ្ជាប់ពាក្យយ៉ាងធំដុំ ជាមួយក្រមុំជាយដែន កំរៀង-ឡែន ព្រំប្រទល់កម្ពុជា ថៃ កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៩។ យ៉ាងណាមិញលោក និងគូដណ្ដឹង មិនទាន់កំណត់ ពេលវេលារៀបការនោះទេ តែក៏មិនទុកយូរជូរផ្អូមនោះដែរ គឺសន្សំលុយគ្រប់ពេលណារៀបការពេលហ្នឹង មិនបង្អង់យូរនោះទេ។
លោក សុីណាវ៉ាត់ត្រា បានប្រកាសថា ពិធីភ្ជាប់ពាក្យរបស់លោកចំណាយមិនអន់នោះទេ ដោយក្នុងពេលព្រឹក មានពិធីបំពាក់ចិញ្ចៀនតាមទម្រង់ប្រពៃណី និងពេលល្ងាចមានទទួលភ្ញៀវជាទ្រង់ទ្រាយធំគួរសម ចង់ប្រហាក់ប្រហែល នឹងមង្គលការតូចមួយ ឬ ពិធីកាត់ចំណងដៃមួយទៅហើយ។ ភ្ញៀវកិត្តិយស តារាសិល្បៈ និងអ្នកសារព័ត៍មាន ត្រូវគេឃើញស្កាត់មកតាំងពីភ្នំពេញ រហូតដល់ជិត២០០នាក់ឯណោះ។ តារាសម្ដែង លោក សុីណាវ៉ាត់ត្រា និងគូដណ្ដឹង ដែលជាក្រមុំជាយដែន ត្រូវគេឃើញវក់វីនឹងការទទួលភ្ញៀវ និងរកតុអោយភ្ញៀវអង្គុយ មិនចង់បាននោះទេ ដោយសារតែភ្ញៀវដែលមកចូលរួម ក្នុងពិធីរបស់លោក គឺច្រើនលើសគម្រោង ហើយភ្ញៀវទាំងនោះ មិនថាតារាសិល្បៈ ឬ បុគ្គលិកធនាគារ ដែលលោកបម្រើការ សុទ្ធតែនៅច្រៀងរាំយ៉ាងសប្បាយរីករាយ ដល់ពាក់កណ្ដាលអធ្រាត្រ មិនរត់ចោលកម្មវិធីលោកមុន។
ពិធីដែលប្រគំដោយវង់តន្រ្តីរបស់អ្នកនាង ឆ័យលី ដាឡែន យ៉ាងកងរំពងនេះ មិនខុសពីពិធីជប់លៀង ទទួលភ្ញៀវក្នុងពិធីកាត់ចំណងដៃ ឬ ជប់លៀងពិធីមង្គលការមួយនោះទេ ដោយសារតែបរិយាកាសអ្នកចូលរួម មានចំនួនកុះករ ហើយភាគច្រើននៅសប្បាយដល់ពាក់កណ្ដាលអាធ្រាតុ។
លោក សុីណាវ៉ាត់ត្រា និងគូដណ្ដឹង ញញឹមបិទមាត់មិនជិតនោះទេ នៅពេលដែលភ្ញៀវកិត្តិយស ចូលរួមបំពេញកិត្តិយស ខណៈដែលតារាសិល្បៈភាគច្រើន ដែលធ្វើដំណើរមកពីភ្នំពេញ គឺទោះជាមានតារាខ្លះខូចឡានកណ្ដាលផ្លូវ ក៏សុខចិត្តទុកឡានមួយឡែក ហើយបន្តដំណើរមកកម្មវិធី របស់លោកមិនបាត់មុខ។ យ៉ាងណាមិញ នៅក្នុងពិធីនោះ លោក និងគូដណ្ដឹង មិនទាន់បង្ហើបថា នឹងចូលរោងការពេលណានោះទេ ដោយរង់ចាំមើលពេលវេលាសិន៕
មតិយោបល់