ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ សាន សុខកក្កដា ឡើងវីឡាភ្លោះមុឺនដុល្លារ ក្រោយបែកប្ដី

ដ្បិតតែរស់ក្នុងសភាពជាស្ត្រីម៉េម៉ាយ ប៉ុន្តែតារាចម្រៀងចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តព្រះសីហនុ កាលពីឆ្នាំ១៩៩៥ អ្នកនាង សាន សុខកក្កដា នៅតែមានជីវភាពធូរធារ ក្រោយពីបើកអាជីព លក់សាច់គោងៀតផង និងនាំចូលផលិតផលពូក។ អ្នកនាងឡើងសម្ពោធវីឡាភ្លោះតម្លៃជិត១០មុឺនដុល្លារ យ៉ាងកាលីបនៅតាខ្មៅ ដោយមានតារាល្បីៗចូលរួម។

អ្នកនាងនិយាយថា ដោយសារតែវ័យកាន់តែជ្រេ ទើបអ្នកនាងផ្អាកទទួលច្រៀងរាំ ប៉ុន្តែមិនមែនឈប់ ទាំងស្រុងនោះទេ គឺនៅតែទទួលចេញមុខឡើងឆាកទូរទស្សន៍ម្ដងម្កាល។ យ៉ាងណាមិញ អ្នកនាងថា ខ្លួនបានបណ្ដុះកូនស្រីវ័យ២០ឆ្នាំ និងកូនស្រីទាំង២ ឲ្យប្រឡូកការសម្ដែង បើទោះជាកូនស្រី មិនសូវមានទឹកដមសំទ្បេងល្អ។ អ្នកនាងថា ខ្លួនមិនអាចបោះបង់សិល្ប:បានទេ ជាពិសេស ក្នុងពេលដែលមិត្តភក្ដិចាស់ៗ និងបងប្អូនល្អៗ របស់អ្នកនាងរួមមាន អ្នកនាង ខាត់ សុឃីម នេនទុំ ឌីជេឃ្លាំង និងតារាជាច្រើនទៀត សុទ្ធតែជួយជំរុញឲ្យកូនស្រីរបស់អ្នកនាង បានក្លាយជាតារាសម្ដែង ជំនួសឲ្យអ្នកនាង។

ងាកមកកាន់ពិធីឡើងផ្ទះថ្មី កាលពីថ្ងៃទី៩ មិថុនា នៅបុរីគ្រីស្ដាល់នោះវិញ អ្នកនាងនិយាយថា គឺជាថវិកាដែលអ្នកនាង បានសន្សំពីរបរលក់ងៀតគោ និងអាជីពចម្រៀង ដោយវីឡាភ្លោះតម្លៃជិត១០មុឺនដុល្លារនោះ គឺជាញើសឈាមរបស់អ្នកនាង មិនមែនបានពីចំណែកកេរ្តិ៍ពីអតីតស្វាមីឡើយ។ អ្នកនាងថា សប្បាយចិត្តដែលពិធីឡើងផ្ទះរបស់ខ្លួន គឺមានតារាច្រើនរូបចូលរួម ដូចជាអ្នកនាង ខាត់ សុឃីម លោក ហួរ សុផល លោក លី សុជន កញ្ញា ញឹម ចាន់ថន កញ្ញា សុឹម ថៃណា លោក អុឹម ជីវ៉ា កញ្ញា យ៉េយ៉េ លោក នេនទុំ និងតារាសិល្ប:ច្រើនទៀត ដោយតារាម្នាក់ៗ ក្រោយពីបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ក៏ឡើងច្រៀងរាំ ធ្វើឲ្យបរិយាកាសឡើងផ្ទះថ្មី របស់អ្នកនាង មានភាពសប្បាយរីករាយ។ នៅក្នុងថ្ងៃនោះ បងប្រុសរបស់អ្នកនាង ក៏ឡើងផ្ទះផ្គួប ជាមួយអ្នកនាងផងដែរ៕

មតិយោបល់