ភ្នំពេញៈ នៅពេលដែលទទួលបានដំណឹង និងឃើញនឹងភ្នែកជាក់ស្តែងថា គ្រួសារក្រីក្រមួយកំពុងស្ថិតក្នុងស្ថានភាពទីទ័លក្រ រហូតដល់ថ្នាក់ផឹកទឹកតាមដានជើងគោ ខ្វះអាហារបរិភោគនៅខេត្តកំពត លោក សាវិន ហ្វីលីព បានប្រកូកប្រកាសស្វែងរកជំនួយ ដើម្បីផ្តល់ឲ្យតារាសម្តែងជើងចាស់ ចាន់ តារាទី ពាំនាំអំណោយនេះជូនដល់គ្រួសារកំពុងខ្វះខាត ដង្ហើយរកអាហារឆ្ងាញ់ ក្នុងជីវិត។
ថ្លែងប្រាប់ Post News ដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ តារាសម្តែង ចាន់ តារាទី បានឲ្យដឹងថា នេះជាលើកទី១ ដែលអ្នកស្រី បានមកទាក់ទង លោក សាវិន ហ្វីលីព ដោយសារឃើញ មូលនិធិកុមារសាវិន កម្ពុជា ជួយដល់កុមារក្រីក្រកម្ពុជា តាំងពីជីកអណ្តូងទឹក ចឹងឃើញក្រុមគ្រួសារមួយ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ទ័លដល់ថ្នាក់គ្មានអ្វីញ៉ាំនោះទេ ។
តារាសម្តែង ចាន់ តារាទីថា«គ្រួសារនេះគ្មានទឹកផឹក រហូតដល់យកទឹកតាមដានជើងគោ មកផឹក ហើយខ្ញុំក៏សម្រេចចិត្ត មកទាក់ទង លោក សាវិន ហ្វីលីព ឲ្យមកជួយជីកអណ្តូងដល់ក្រុមគ្រួសារមួយនេះផង»។ម្យ៉ាងវិញទៀត គ្រួសារនេះ ខ្វះខាតទឹកដោយសារតែ នៅលើដីទួល តែ១គ្រួសារហ្នឹង ចឹងគ្មានប្រភពទឹកដល់ ។ នេះជាសម្តីតារាសម្តែងចាន់ តារាទី បានបន្ថែម។
សម្រាប់ជំនួយជាជំហានដំបូង នេះ លោក សាវិន ហ្វីលីព បានប្រកូកប្រកាសរកបានពីសប្បុរសជននានា ទាំងក្នុង និងក្រៅស្រុក ដោយផ្តល់បាន អង្ករ ៣ការ៉ុង មី៥កេស ត្រីខ ទឹកស៊ីអ៊ីវ និងទឹកត្រី ហើយទឹកប្រាក់ ១៥០ដុល្លារ។
តួក្នុងរឿង JailBreak លោក សាវិន ហ្វីលីព ថា «អំណោយសប្បុរសធម៌ពេលនេះ ទទួលបានពី សប្បុរសជន នៅអាម៉េរិក និងក្នុងស្រុក តែមិនមែនជាសិល្បករនោះទេ ចឹងខ្ញុំនៅតែបន្តរកជំនួយជួយដល់ក្មេងសហគមន៍ចឹង » ។
លោក សាវិន ហ្វីលីព ក៏បានអះអាងថា លោកនឹងរៃអង្គាសថវិកា ជួយសាងសង់អណ្តូងទឹក ដល់គ្រួសារ ជនក្រីក្រ ឈ្មោះ ពៅអូន ដែលកំពុងជួបនូវផលលំបាក ទាំងទឹកប្រើប្រាស់ និង អាហារ ។
សូមបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព មកទល់នឹងពេលនេះ បានសាងសង់អណ្តូងទឹកបាន ១៥២ អណ្តូង ដល់សហគមន៍ក្រីក្រ ក្នុងខេត្តសៀមរាប៕
មតិយោបល់