ព័ត៌មានជាតិ

ម៉ូតូជនជាតិវៀតណាមបុកម៉ូតូជនជាតិឥស្លាម រងរបួសស្រាល

ភ្នំពេញៈ ក្មេងស្រី២នាក់ជាជនជាតិវៀតណាមបានជិះម៉ូតូបញ្ច្រាសទិសទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសស្រាល កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខកន្លែងលាងរថយន្ត លីហោ “មាន មាន” ស្ថិតនៅក្នុងក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ យ៉ើ អះម៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥស្លាម មុខរបរ ជាអ្នកលក់ត្រី មានទីលំនៅភូមិឃ្លាំងស្បែក ឃុំព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកឯភាគីជិះម៉ូតូបញ្ជាស់មានឈ្មោះ ចាន់ នី ភេទស្រី អាយុ១៨ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) និងម្នាក់ទៀតដែលអង្គុយក្រោយមានឈ្មោះ ចាន់ ធី ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-9224 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលដែលកំពុងធ្វើដំណើរ ស្រាប់តែមានមានម៉ូតូ មួយគ្រឿងទៀត ម៉ាក HONDA SCOPY I ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-2004 ដោយបើកបរបញ្ច្រាសទិសគ្នាពីជើងមកត្បូង បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ។ ក្រោយមកភាគីទាំងសងខាង ត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ដើម្បីព្យាបាល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែង ហើយធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

https://youtu.be/RbOq2HZGeAE

https://youtu.be/nvnerk4FN1w

មតិយោបល់