ព័ត៌មានសិល្បៈ និងកម្សាន្ត

ចៅយាយ ណយ សំណាង ចាប់ផ្ដើមកក្រើក ក្នុងកម្មវិធី The Voice Kids

មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថាបេក្ខនារីឈ្មោះ វណ្ណ ណាណា គឺជាកូនស្រីបង្កើតរបស់តារាចម្រៀង លោកវណ្ណា ស័ក្ដ និងជាចៅស្រីបង្កើតរបស់លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងល្បីឈ្មោះ។ ភាពទាក់ទាញនេះ បានរុញអោយបទចម្រៀងរបស់នាងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ដែលកំពុងដំណើរការកាន់តែមានការចែកចាយ និងគាំទ្រចំពោះបេក្ខនារីរូបនេះ ស្ទើរកក្រើកហ្វេសប៊ុក។

អ្នកគាំទ្រជាច្រើនបានបន្តចែកចាយ អមដោយការសរសើរចំពោះសមត្ថភាពកុមារីរូបនេះហួសប្រមាណ ស្របគ្នាដែលនាងក៏បានបង្ហាញថាខ្លួនជាឈាមជ័ររបស់វិរៈសិល្បការិនីជើងចាស់ គឺអ្នកស្រី ណយ សំណាង និងជាកូនស្រីច្បងរបស់តារាចម្រៀង លោក វណ្ណា ស័ក្ដ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់M។ គាប់ជួនជាមួយបទរបស់នាងក្រោមចំណងជើងថា«បឹងហ្គាវ៉ាន់សូឡូ» ពោរពេញដោយទឹកដមពីរោះផ្អែមស្រទន់ស្ដាប់ហើយមិនចេះជិនណាយទៀតនោះ គឺរឹតតែធ្វើអោយវត្តមានរបស់នាងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ក្លាយជាបទផ្ទុះក្នុងចំណោមបេក្ខជនបេក្ខនារីជាក្មេងៗដែលបានបង្ហាញមុខរួចហើយតែម្ដង។ បេក្ខនារីវ័យ១៤ឆ្នាំរូបនេះ ត្រូវគេរឹំពឹងថានឹងឈានដល់វគ្គកាន់ពាននោះផង ប្រសិនបើនឹងនៅតែរក្សាភាពខ្លាំងរបស់ខ្លួនបានខ្ពស់ដូចការបកស្រាយបទចម្រៀង«បឹងហ្គាវ៉ាន់សូឡូ» ស្របគ្នាដែលនាងក៏មានប្រជាប្រិយទាក់ទាញរួចទៅហើយ ព្រោះតែសមត្ថភាពសំឡេង និងចំហាយពីជីដូន និងឪពុករបស់ខ្លួន ដែលសុទ្ធតែជាតារាល្បី។ យ៉ាងណាមិញ គេមិនទាន់ដឹងថាតើនាងនឹងអាចគ្រងតំណែងដែលជាក្ដីសុបិន្តនោះបាន ឬមិនបាននោះទេ ក្នុងពេលដែលបេក្ខជនបេក្ខនារីដែលសុទ្ធតែជាគូប្រកួតរបស់នាង ក៏សុទ្ធតែមិនធម្មតាបែបនេះ។

អ្នកស្រី ណយ សំណាង បានត្រឹមតែអះអាងថា ចៅស្រីច្បងរបស់ខ្លួន គឺប្អូនស្រី វណ្ណ ណាណា នាងមាននិស្ស័យចូលចិត្តសិល្បៈ និងមានសមត្ថភាពភាពច្រៀងបានល្អ តាំងពីធំដឹងក្ដីប៉ុណ្ណោះ តែអ្នកស្រីមិនហ៊ានទាយថាចៅស្រីរបស់ខ្លួន នឹងឈានទៅដល់វគ្គកាន់ពាន ឬមិនយ៉ាងណានោះទេ ដោយគ្រាន់តែអ្នកស្រី និងលោកវណ្ណា ស័ក្ដ ដែលជាឪពុក គឺគាំទ្រពេញទំហឹង។ យ៉ាងណាមិញ អ្នកស្រីថាខ្លួនចាស់ហើយ ហើយក៏ជិតអស់សមត្ថភាពបន្តការងារសិល្បៈនោះដែរ អ៊ីចឹងហើយទើបមានតែរំពឹងថាចៅស្រីរូបនេះ នឹងអាចជំនួសតំណែង ដោយបានធ្វើតារាចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់ ដើម្បីរកលុយបន្តការសិក្សាថ្នាក់ទី១០របស់ខ្លួន និងដើម្បីបានមួយចំណែកជួយផ្គត់ផ្គង់ក្នុងគ្រួសារ ក្នុងពេលដែលលោកវណ្ណា ស័ក្ដ ក៏ធ្លាក់ចុះចំណូលពីការងារសិល្បៈក្នុងរយៈពេលចុងក្រោយប៉ុណ្ណោះ។

មតិយោបល់