ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ ថេរ៉ាយុ ប្រកាសដកខ្លួនពីចម្រៀង ក្រោយបើកក្លឹប

ក្នុងពិធីសម្ពោធក្លិប QK ដែលមុខជំនួញផ្ទាល់ខ្លួន សហការជាមួយអ្នកដឹកនាំសម្ដែង លោក Rith Omega កាលពីយប់ថ្ងៃទី១៥ មិថុនា នៅអតីតក្លឹបថោនចាស់ តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ បានអះអាងថា លោកនឹងដកខ្លួនពីការចេញបទចម្រៀង និងឡើងឆាកដោយមិនកំណត់នោះទេ ដើម្បីទុកពេលមើលក្លឹប QK ដែលលោកគឺម្ចាស់ភាគហ៊ុនឲ្យដំណើរសិន។ យ៉ាងណាមិញលោកអះអាងថា ខ្លួនមិនបោះបង់អាជីពចម្រៀងជារៀងរហូតនោះទេ គឺនឹងចូលវិញឆាប់នៅពេលធូរដៃ។

លោក សុគន្ធ ថេរ៉ាយុ និយាយថា លោកបានព្រមព្រៀងជាមួយផលិតកម្មថោនរៀបរយអស់ហើយ គឺនឹងផ្អាកទទួលថតបទចម្រៀងមួយរយៈ តែបើលោកមានពេលគឺនឹងទទួលថតច្រៀងដូចដើមជាថ្មី។ លោកថាហេតុផលផ្អាកច្រៀង គឺដើម្បីមានពេលមើលក្លឹប និងមិនចង់ឲ្យមុខជំនួញបើកក្លឹបដែលជាមុខរបរផ្ទាល់ខ្លួនទន់ដៃទន់ជើង។ លោកថាការសម្រេចបើកក្លិប QK ស្ថិតនៅអតីតក្លឹបថោនចាស់ ប្រើទុនជិត២០ម៉ឺនដុល្លារហើយក្នុងម្នាក់ ជាមួយនឹងលោក Rith Omega។ ដូច្នេះ លោកមិនអាចទុកមុខជំនួញនេះ ហើយចេះតែបន្តទទួលថតច្រៀង ឬឡើងច្រៀង ធ្វើឲ្យខូចមុខជំនួញបានទេ។ លោកនឹងគ្មានបទចម្រៀងថ្មីៗ ចាប់ពីខែក្រោយទៅ បន្ទាប់ពីបទថតទុករបស់លោក ទើបតែចេញក្នុងដើមខែមិថុនានេះ។

លោក សុគន្ធ ថេរ៉ាយុ បន្តថា លោកសម្រេចចិត្តបើកក្លឹប ដោយសារមើលឃើញពីយុទ្ធសាស្ត្រជោគជ័យ ស្របគ្នាដែលក្លឹបរបស់លោក ក៏មានតែអ្នកកក់កៅអីពេញៗ ជាពិសេសថ្ងៃចុងសប្ដាហ៍ ដែលមានន័យថា ចាប់ផ្ដើមរឹងមាំ ធ្វើឲ្យលោកកាន់តែមានកម្លាំងចិត្តទៅហើយ។ លោកប្រកាសនឹងធ្វើឲ្យក្លឹប QK ក្លាយជាក្លឹបកម្សាន្តពេលរាត្រី ដែលអាចប្រកួតប្រជែងធំមួយ ក្នុងពេលដែលលោក ប្រកាសប្រើទុនពង្រីកលើផ្នែកជាច្រើនទៀត ស្របគ្នានឹងយុទ្ធសាស្ត្របង្កើតកម្មវិធីអញ្ជើញតារាល្បីៗ យ៉ាងហោច២ដងក្នុងខែ ក៏មិនពិបាកអន្ទងភ្ញៀវ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធក្លឹបរបស់លោកផ្លូវការ កាលពីយប់ថ្ងៃទី១៥ មិថុនា គេឃើញតារាសិល្បៈ និងភ្ញៀវកិត្តិយស បង្ហាញមុខចូលរួមយ៉ាងកុះករ៕

មតិយោបល់