ទោះជាស្ថិតនៅក្នុងទីផ្សារប្រកួតប្រជែងខ្ពស់ តែផលិតករនៅតែបង្ហាញការរំពឹងកាលពីល្ងាចថ្ងៃទី៥ កុម្ភៈ ក្នុងពិធីសម្ពោធរឿង”អង្រឹង”។ នេះជាភាពយន្តរន្ធត់គួរអោយចាប់អារម្មណ៍មួយថ្មី ដែលនិយាយពីវិញ្ញាណខ្មោចស្រី ត្រូវគេសម្លាប់នៅនឹងអង្រឹង ដោយឈុតឆាកក្នុងរឿងក៏គួរអោយខ្លាច ហើយសម្បូរឈុតពញាក់អារម្មណ៍។
លោក លៀល លីដា ម្ចាស់ផលិតកម្ម LD Picture បានបង្ហាញពីទំនុកចិត្តក្នុងការរំពឹងយ៉ាងខ្លាំង ក្រោយភាពយន្តនេះ សម្រេចដាក់បញ្ចាំង បើទោះជាមុននេះប៉ុន្មានថ្ងៃភាពយន្តខ្មែរ៣គឺរឿង «អន្ទងវិញ្ញណ» រឿង«ចិញ្ចៀន» និងរឿង«ម៉ាដាមអាប» ទើបតែបានដាក់បញ្ចាំងលក់សំបុត្រ ហើយទទួលបានការគាំទ្រ។ ម្ចាស់ផលិតកម្មរូបនេះ បានអះអាងថា ស្នាដៃថ្មីរបស់លោកនេះ នឹងមានអ្នកគាំទ្រទស្សនាភាគច្រើន ដោយសារសម្អាងថា នេះជាស្នាដៃរបស់ផលិតកម្ម LD ដែលមានការគាំទ្រខ្ពស់រួចមកហើយ និងដោយសារតែរឿងទាំងមូល ក៏មានសាច់រឿងប្លែក ហើយសម្បូរដោយឈុតរន្ធត់ៗ។ លោកថាមួយរឿងនេះ ផលិតកម្មសម្រិតសម្រាំងគុណភាពខុសពីរឿងមុនៗ ខណៈដែលតួសម្ដែងទៀតសោត ក៏លោកផ្លាស់ប្ដូរខុសពីរឿងមុនៗ ដើម្បីកុំអោយអ្នកគាំទ្រស៊ាំភ្នែក។
លោកថាមួយរឿងនេះ លោកចំណាយប្រហាក់ប្រហែលនឹងរឿងមុនៗ ប៉ុន្តែអ្វីដែលពិសេសលើសមុន គឺរស់ជាតិផ្ទៃរឿង និងភាពរន្ធត់។ បើចំណែករឿងប្លង់ សំឡេង និងគុណភាពស្ដង់ដារលោកថា មហាជនពិតជាទទួលស្គាល់ភាពយន្តរបស់ LD រួចហើយ ទើបលោករំពឹងកាន់តែច្រើនថា ខ្លួននឹងកើបចំណូលបានច្រើនមិនខុសពីរឿងមុនៗ។ លោកនិយាយថា «ធម្មតាយើងផលិតរឿង យើងមានក្ដីសង្ឃឹមរួចទៅហើយ ថានឹងទទួលជោគជ័យ ប៉ុន្តែសម្រាប់ជាក់ស្ដែង គឺចាំមើលសិន…តែសម្រាប់ខ្ញុំ គឺមានចំណុចច្រើនដែលខ្ញុំយល់ថា រឿងនេះនឹងស៊ីលុយ!»។
លោក លៀក លីដា បញ្ជាក់ថាភាពយន្តនេះ សម្រេចចិត្តដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី៧ កុម្ភៈ ដោយក្នុងថ្ងៃសម្ពោធដាក់បញ្ចាំង គឺភ្ញៀវមកចូលរួមទស្សនាច្រើនលើសពីការរំពឹងទុក ទើបធ្វើអោយសាល ដែលត្រៀមសម្រាប់ទស្សនានៅក្នុងពេលនេះ អស់សំបុត្រអោយភ្ញៀវចូល។ នៅក្នុងថ្ងៃសម្ពោធនោះ លោកថា អញ្ជើញតារាសិល្បៈ និងភ្ញៀវកិត្តិយសប្រហាក់ប្រហែលគ្នា ខណៈដែលតារាដែលបង្ហាញខ្លួនរួមមាន អ្នកនាង ស្វែង សុជាតា លោក ភឹម តារាវិបុល លោក ស៊ីនី កញ្ញាយ៉េយ៉េ អ្នកស្រី ចាន់ សោភ័ណ្ឌ លោក រ៉ូណាន់ លោកលាង ឧត្តម និងលោក សឿន វីតា ជាដើម៕
មតិយោបល់