ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី បូរ៉ានិច នៅតែរំភើបពេលរំឮកដល់តារាកូរ៉េគ្រងឈុតខ្លួនលើឆាកអន្តរជាតិ

មកដល់ពេលនេះ វេទិកាអាស៊ានដែល អ្នកស្រី បូរ៉ានិច ម្ចាស់ហាងបូរ៉ានិចកាត់ដេរសំលៀកបំពាក់នារី បានចូលរួមបញ្ចប់តាំងថ្ងៃទី១៥ មិថុនា នៅក្នុងប្រទេសកូរ៉េម្ល៉េះ តែអ្នកស្រីនៅតែបង្ហាញមោទនភាព នៅពេលរឮកដល់តារាកូរ៉េគ្រងឈុតជាស្នាដៃរបស់ខ្លួនលើឆាកអន្តរជាតិ ហើយត្រូវបានគ្រប់មជ្ឈដ្ឋានកោតសរសើរ អ្នកស្រីថា សប្បាយចិត្តយ៉ាងខ្លាំង ដែលអ្នកស្រីត្រូវបានអញ្ជើញឲ្យតំណាងកម្ពុជា ក្នុងការច្នៃឈុតតំណាងជាតិ ដើម្បីឲ្យជនជាតិកូរ៉េស្លៀកបង្ហាញលើឆាកព្រឹត្តិការណ៍ ដោយជនជាតិកូរ៉េដែលគ្រងឈុតកម្ពុជាម្នាក់នោះ ក៏ទួលបានការចាប់អារម្មណ៍លើសលប់។

អ្នកស្រី បូរ៉ានិច ដែលត្រូវគេស្គាល់ថា ជាអ្នកច្នៃម៉ូដប្រចាំហាងបូរ៉ានិចកាត់ដេរដ៏ល្បីល្បាញច្រើនឆ្នាំមកហើយ បន្តថា គ្មានអ្វីសប្បាយចិត្តជាងបានលើកកិត្តិយសខ្មែរ លើឆាកអន្តរជាតិ ដោយអ្នកនាងប្រកាសថា ប្រសិនបើមានឱកាសចូលរួមឆ្នាំក្រោយ នោះនឹងខំច្នៃប្រឌិតស្នាដៃឲ្យកាន់តែល្អ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិមួយ ឲ្យដល់អន្តរជាតិទទួលស្គាល់។ អ្នកស្រីថា កន្លងមកក្នុងនាមជាម្ចាស់ហាងកាត់សំលៀកបំពាក់នារី បូរ៉ានិច អ្នកស្រីធ្លាប់កែច្នៃសំលៀកបំពាក់ដែលមានលក្ខណ:ជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ និងក្នុងកម្មវិធីដើរម៉ូដធំៗច្រើនលើកមកហើយ ទើបអ្នកស្រីអាចផលិតស្នាដៃបានល្អ កាលទៅបង្អួតនៅកូរ៉េនោះ។ អ្នកលេងហ្វេសប៊ុកច្រើនបានសរសើរ ចំពោះស្នាដៃរបស់អ្នកនាង នៅក្នុងព្រឹត្តិការណ៍នោះផង។ អ្នកនាងបង្ហោះថា “នាងខ្ញុំបូរ៉ានិចជាអ្នកឌីស្សាញ និងជាម្ចាស់ហាងកាត់ដេរបូរ៉ានិច បានចេញទៅតំណាងប្រទេសកម្ពុជាចូលរួមជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៍ ក្នុងកម្មវិធី ASEAN WeeK រំឮកខួបអនុស្សាវរីយ៍លើកទី៣០ នៃកិច្ចសន្ទនាទំនាក់ទំនងគ្នារវាងបណ្តាប្រទេសអាស៊ានទាំង១០ប្រទេស ខ្ញុំបានយកសំលៀក់បំពាក់ច្នៃពីហូលផាមួងខ្មែរយកទៅបង្ហាញលើឆាកអាស៊ានទាំង១០ ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាមានមោទនភាពណាស់ ពេលដែលតារាម៉ូឌែលបានដើរបង្ហាញម៉ូតគឺមានការគាំទ្រនឹងមានប្រជាប្រិយភាពខ្លាំងណាស់ នេះជាកិត្តិយសមួយដែលប្រទេសកម្ពុជាទទួលបានលើឆាកអាស៊ាន”។

អ្នកនាង បូរ៉ានិច បន្តថា ក្នុងពេលដ៏ខ្លី អ្នកនាង នឹងបន្តផលិតស្នាដៃតំណាងជាតិឲ្យបានច្រើន ដើម្បីលើកមុខប្រទេស គ្រប់ការអញ្ជើញពីក្រៅប្រទេស ប្រសិនបើមាន៕

មតិយោបល់