ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៤ដួង ប្រកាសខ្លួនអង្រួនព្រឹត្តិការណ៍ឈុតបុរាណ នៅសំបូរព្រៃគុក

នៅក្នុងព្រឹត្តិការណ៍ដង្ហែរឈុតបុរាណ និងប្រកួតឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក ថ្ងៃទី ៨ កក្កដា នោះ ក៏មានវត្តមានតារាល្បី៤រូបបង្ហាញខ្លួន បកស្រាយបទចម្រៀង នៅលើវេទិកាផងដែរ។ តារាទាំង៤នោះ ប្រកាសត្រៀមខ្លួនហើយ ដើម្បីបង្អួតសម្រស់ក្នុងឈុតបុរាណ និង បកស្រាយបទចម្រៀងក្នុងម្នាក់២បទ ដើម្បីរំលេចកម្មវិធី។

អ្នកនាង ឆ័យលី ដាឡែន៖ តារាស្រីរូបនេះ បានត្រៀមខ្លួនរួចហើយ សម្រាប់ការគ្រងឈុតបុរាណ និងបកស្រាយបទចម្រៀង នៅក្នុងព្រឹត្តិការណ៍ធំមួយនោះ ដោយអ្នកនាង បានត្រៀមរួចហើយ នូវបទចម្រៀង២បទ ដែលអ្នកនាងរំពឹងថា នឹងធ្វើអោយកម្មវិធីកក្រើក ហើយទទួលបានការចាប់អារម្មណ៍។ អ្នកនាងថា ខ្លួនពិតជាមោទនភាព ដែលត្រូវបានអ្នករៀបចំកម្មវិធី ផ្ដល់ឱកាសអោយច្រៀង ជាកិត្តិយសនៅក្នុងកម្មវិធីនេះ។

លោក ម៉ាដូណា៖ តារាកំប្លែងមុខសេះរូបនេះ ក៏មានកិត្តិយសបកស្រាយបទចម្រៀង នៅក្នុងព្រឹត្តិការណ៍ ឈុតបុរាណប្រចាំឆ្នាំនេះផងដែរ ដោយលោកបង្ហើបថា នឹងមានបទប្រភេទសប្បាយៗ ញាំងអោយកម្មវិធីសប្បាយរីករាយ នៅចន្លោះម៉ោងប្រកួតនោះផងដែរ។ លោកថាខ្លួន ក៏នឹងគ្រងឈុតបុរាណ នៅលើវេទិកានៅក្នុងថ្ងៃនោះផងដែរ។

លោក បញ្ញា សិទ្ធិ៖ តារាចម្រៀងវ័យក្មេង សំទ្បេងធ្ងន់រូបនេះ ក៏នឹងបង្ហាញខ្លួនបកស្រាយចម្រៀង២បទ ដូចគ្នានឹងអ្នកនាង ឆ័យលី ដាឡែន និង លោក ម៉ាដូណា ផងដែរ។ លោកក៏ត្រៀមគ្រងមួយឈុត ក្នុងទម្រង់បុរាណ សម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ ផងដែរ។

កញ្ញា អ៑ុង នីនិច៖ តារាស្រីមុខខ្យូតរូបនេះ ក៏ត្រូវបានជ្រើសជាតារាចម្រៀងកិត្តិយស នៅក្នុងកម្មវិធីនេះផងដែរ ខណៈដែលនាងបង្ហើបថា នាងនឹងបកស្រាយបទចម្រៀងអោយត្រូវនឹងកម្មវិធីថ្នាក់ជាតិ នៅក្នុងពេលនោះ តែម្ដង។ កញ្ញាបញ្ជាក់ថា កាលពីព្រឹត្តិការណ៍នេះ ប្រព្រឹត្តិឆ្នាំមុន កញ្ញា ក៏គ្រងឈុតបុរាណផងដែរ ដូច្នេះសម្រាប់ឆ្នាំនេះ បើទោះនាងមិនប្រកួតយកពាន ក៏នាងនឹងនៅតែគ្រងឈុតបុរាណនៅក្នុងថ្ងៃនោះ៕

មតិយោបល់