ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ពានទាំង៦ មានកិត្តិយសម្ល៉េះ ព្រោះត្រូវកម្មវិធីកំណត់អោយ…

នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩នេះ ម្ចាស់ពានគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជាទាំង៦រូប នឹងដល់កំណត់ប្រគល់តំណែងដែលខ្លួនធ្លាប់គ្រប់គ្រងទៅអោយម្ចាស់ពានថ្មី ដែលត្រៀមជំនួសហើយ។ យ៉ាងណាមិញ ម្ចាស់ពានទាំង៦ នឹងលែងចាស់ដៃនៅក្នុងកម្មវិធីនោះ ដើម្បីបង្ហាញពីកិតិ្តស័ព្ទរបស់ខ្លួនជាម្ចាស់ពានផង និងដើម្បីអោយកម្មវិធីទាំងមូល កាន់តែកក្រើកតែម្ដង។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា នឹងជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតឈុតបុរាណតាំងពីឆ្នាំ២០១៨ បានអះអាងថា ដើម្បីលើកមុខលើកមាត់របស់ម្ចាស់ពានជំនាន់ទី១ទាំង៦រូប លោកនឹងកំណត់អោយម្ចាស់ពានទាំង៦ ធ្វើជាគណៈកម្មការផ្ដល់ពិន្ទុដោយស្វ័យប្រវត្តិ ក្នុងចំណោមគណកម្មការផ្ដល់ពិន្ទុ ដែលសុទ្ធសឹងតែជាតារាសិល្បៈរៀមច្បង អ្នកជំនាញវប្បធម៌មកពីក្រសួង និងមកពីមន្ទីរវប្បធម៌ខេត្តកំពង់ធំ។ ក្នុងនោះម្ចាស់ពាននីមួយៗ ក៏ត្រូវបានកម្មវិធីតម្រូវឲ្យដើរបង្ហាញជីវប្រវត្តិសិល្បៈរបស់ខ្លួន អមដោយការកាន់ពានរបស់ខ្លួនកាលពីឆ្នាំចាស់នៅលើវេទិកាដ៏កិត្តិយសនោះ ដែលពិតជាធ្វើឲ្យម្ចាស់ពានរបស់គហរួសារតារាកម្ពុជា ពោរពេញដោយមោទនភាពផងដែរ។

កញ្ញា ប៑េប៑ី៖ ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោកាលពីឆ្នាំមុនរូបនេះ បានត្រៀមខ្លួនរួចហើយ ក្នុងការគ្រងឈុតសម័យអង្គរ ដែលច្នៃថ្មីស្រឡាង តាមរចនាបទមានចារនៅលើប្រាសាទនានា ដោយនាងរំពឹងថា នឹងជួយអោយនាងស្រស់ស្អាត ក្នុងនាមជាម្ចាស់ពានចាស់។ កញ្ញាក៍នឹងប្រើសមត្ថភាពក្នុងការផ្ដល់ពិន្ទុអោយសុក្រឹតជូនអ្នកបេក្ខជនបេក្ខនារីគ្រប់រូបដែលចូលប្រលងនោះផង។ ស្របពេលដែលកញ្ញា គឺជាតារាចម្រៀងល្បី កំពុងជ្រកក្នុងនាមជាតារារបស់ថោនផង គឺពិតជាមិនពិបាកលេចធ្លោ។

លោក រុន ណាកូ៖ ម្ចាស់ពានលេចធ្លោកាលពីឆ្នាំ និងជាបេក្ខជនម្ចាស់ពានដែលមើលឃើញពីតំណែងប្រជាប្រិយប្រចាំឆ្នាំ តាមរយៈការបោះឆ្នោតដោយសំឡេង Like និង Share ពីមហាជនរូបនេះ ក៍ប្រកាសត្រៀមខ្លួនបង្អួតមួយឈុតដ៍អស្ចារ្យរបស់ខ្លួន ដែលជាស្នាដៃថ្មីសន្លាងរបស់អ្នកច្នៃម៉ូតបុរាណឯកទេសមួយរូបផងដែរ។ លោកថាសម្រាប់បែបបទនៃការដាក់ពិន្ទុ ដ្បិតថាលោកមិនមែនជាអ្នកជំបាញ ប៉ុន្តែលោកក៍យល់ដឹងច្រើនដែរ ដោយសារតែបានចូលរួមគ្រងឈុតបុរាណច្រើនលើក ហើយចាប់ផ្ដើមស្គាល់ពីរចនាបទ និងអត្ថន័យឈុតគួរសមដែរ។ ម្យ៉ាងមកពីកម្មវិធីនោះ ក៍បានពន្យល់ពីការដាក់ពិន្ទុច្បាស់លាស់ ទើបលោកមិនភ័យរឿង មិនចេះវាយតម្លៃអ្នកប្រកួតឈុតបុរាណ។

អ្នកនាង ម៉ៅ ស៊ីណាត៖ ម្ចាស់ពានគ្រងឈុតត្រូវទម្រង់ស្អាតជាងគេ កាលពីឆ្នាំមុន ក៏ត្រៀមរំលេចសម្រស់ជាមួយនឹងឈុតបុរាណមួយឈុតផងដែរ ដែលជាការច្នៃឡើងដោយអ្នកឯកទេស ដើម្បីអោយអ្នកនាងលេចធ្លោក្នុងនាមជាម្ចាស់ពាន។ សម្រាប់ការដាក់ពិន្ទុនៅក្នុងថ្ងៃនោះ អ្នកនាងគឺរឹតតែមិនភ័យ ពីការជ្រើសមិនបានល្អទៅទៀត ដោយសារតែអ្នកនាងយល់ច្បាស់ពីកម្មវិធី។

លោក ស៊ិន សុធារិទ្ធ៖ ម្ចាស់ពានឈុតកម្រកាលពីឆ្នាំទៅរូបនេះ បានយកឈុតបុរាណក្នុងសម័យកាលមួយមកច្នៃជាឈុតបុរាណ ដែលមានខ្លឹមសារទាក់ទងនឹងខួប៣ឆ្នាំរបស់គ្រួសារតារាកម្ពុជា និងទិវាវប្បធម៌បេតិកភ័ណ្ឌជាតិ នៅប្រាសាទសំបូរព្រៃគុកនោះតែម្ដង ដោយឈុតរបស់លោកនឹងកាន់តែធ្វើអោយមានការសរសើរពីគំនិតច្នៃប្រឌិតរបស់លោកខ្លាំងថែមទៀត។

លោក ម៉ែន អម្រុងរ័ត្ន៖ ម្ចាស់ពានឈុតបុរាណកែច្នៃកាលពីឆ្នាំមុនរូបនេះ ពុតជាមិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះទេ ដោយសារតែលោកខិតខំអង្គុយច្នៃមួយឈុតយ៉ាងពិសេស ដើម្បីរក្សាកេរ្តិ៍ឈ្មោះថាជាម្ចាស់ពានឈុតច្នៃ កុំអោយសាបរលាប។ បើទោះជាអស់សិទ្ធិប្រលង តែលោកប្រាប់ថា សុខចិត្តអត់ដេកអត់ពួនអង្គុយច្នៃឈុតនៅក្នុងថ្ងៃនោះ ដើម្បីអោយតួនាទីជាម្ចាស់ពានមួយរូប និងជាគណកម្មការផ្ដល់ពិន្ទុ នៅតែមានកេរ្តិ៍ឈ្មោះ។

ម្ចាស់ពានច្នៃប្រឌិតផ្នែកនារី កញ្ញា ភី សម័យ ក៏ប្រកាសគ្រងឈុតបុរាណអោយហោះ អោយស្រស់ស្អាត និងលេចធ្លោ នៅក្នុងតួនាទីជាគណកម្មការផ្ដល់ពិន្ទុវ័យក្មេងនោះផងដែរ។ កញ្ញាថា មួយឈុតដែលកញ្ញា ត្រៀមបង្អួត បើទោះជាមិនស៊ីដាច់គេ ក៏ត្រូវតែកាលីបនៅក្នុងវេទិកាទាំងមូល។

គួរបញ្ជាក់ជាក់ថា ក្នុងចំណោមគណកម្មការជាម្ចាស់ពានទាំង៦ និងអ្នកជំនាញទម្រង់បុរាណ អ្នកនាង ចាន់ តារាទី អ្នកនាង លី ម៉ារីណា ទ្រង់ ស៊ីសុវត្ថិ សិរិវុឌ និងអ្នកស្រី ថុង ស៊ីវទៀង ជាម្ចាស់ផលិតកម្មចក្រវាឡពេជ្រ កជាគណៈកម្មការផ្ដល់ពិន្ទុផងដែរ៕

មតិយោបល់