ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញទិដ្ឋភាពប្រកួតឈុតបុរាណ ព្រឺរោម

មកទល់ម៉ោងនេះ ការប្រកួតឈុតបុរាណ ដែលបានធ្វើឡើងដោយគ្រួសារតារាកម្ពុជា នៅក្នុងទិវាវប្បធម៌បេតិកភណ្ឌ នៅប្រាសាទសំបូរព្រៃគុក កាលពីថ្ងៃទី៨ កក្កដា កំពុងក្លាយជាមហាព្រឹត្តិការណ៍ វប្បធម៌ទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីស្រទាប់មហាជន។ ការប្រកួតមួយនេះ ត្រូវបានអញ្ជើញចូលរួមជាគណអធិបតី ដោយអភិបាលខេត្តរងកំពង់ធំ ថ្នាក់ដឹកនាំស្រុកសំបូរព្រៃគុក ម្ចាស់ក្រុមហ៑ុនហុងដាជួបកៅកំពង់ធំ ប្រតិភូថ្នាក់ដឹកនាំផ្សេងៗ អមដោយប្រជាពលរដ្ឋ និងសិស្សនិស្សិតយ៉ាងច្រើនកុះករ ដែលកាន់តែញាំងឲ្យការប្រកួតឈុតបុរាណនេះ កាន់តែអធឹកអធម។

ការប្រកួតឈុតបុរាណទ្រង់ទ្រាយធំក្នុងតំបន់វប្បធម៌ដ៍កម្រនេះ មិនខុសពីឋានព្រះឥន្ទឋានទេវតា ដែលចម្រុះសុទ្ធសុឹងតែតួអង្គទេពបុត្រទេពធីតា ដែលហាក់ដូចជាទិដ្ឋភាព នៅក្នុងសម័យកាលបុរាណ ដ៍អស្ចារ្យមួយ។ ទិដ្ឋភាពជារួមក្នុងការប្រកួតនេះ មិនខុសពីព្រឹត្តិការណ៍ថ្នាក់ជាតិមួយនោះទេ បើទោះជាគ្រាន់តែជាការរៀបចំដោយគ្រួសារតារាកម្ពុជា ដែលជាក្រុមសិល្ប:តូចមួយ។ អ្វីដែលគេកត់សម្គាល់ គឺព្រឹត្តិការណ៍នេះ សូម្បីតែគណកម្មការផ្ដល់ពិន្ទុ និងគណបតីរៀមច្បងក៏សុទ្ធគ្រងឈុតក្នុងសម័យបុរាណ ដែលមិនខុសពីការប្រកួត រវាងពួកទេវតា និងទេពធីតា ហើយមានទេវតាៗ ជាអ្នកកាត់សេចក្ដី។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងជាអ្នករៀបចម្ការប្រកួតឈុតបុរាណចំនួន២លើក រួចមកហើយ បានគូសបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំនេះ ធំជាងឆ្នាំមុន និងជាការប្រកួតឈុតបុរាណ ដែលមានស្ដង់ដារប្រកួតប្រជែងពេញខ្នាត មិនខុសពីការប្រកួតផ្សេងៗ។ លោកថាការប្រកួតលើកនេះ មានការកំណត់បេក្ខជនបេក្ខនារីច្បាស់លាស់ ដោយមានទាំងបង្ហាញខ្លួនម្ដងម្នាក់ ដើម្បីឲ្យគណកម្មការ ងាយស្រួលវាយតម្លៃផ្ដល់ពិន្ទុ និងមានការប្រកាសពីសមាសភាពអ្នកជាប់ប្រុស៦នាក់ និងស្រី៦នាក់ ដើម្បីឲ្យមានការប្រកួតប្រជែងបន្ត ដែលកាន់តែធ្វើឲ្យការប្រកួតប្រជែងឈុតបុរាណ ក្លាយជាការប្រកួតពេញខ្នាត។

លោកថាការប្រកួតទាំងមូលមានអ្នកចូលប្រកួតជាង៦០រូប ដោយក្នុងនោះរួមសមាជិកគ្រួសារតារាកម្ពុជា ក្រុមបង្ហាញម៉ូតBN និងតារាសិល្ប:ចម្រុះ មកពីក្រុមផ្សេងៗ។ ជាលទ្ធផល លេខ១បុរស បានទៅលើ លោក ឌួង តារាផាឌីន តារាចម្រៀងសំទ្បេង២ ដែលគ្រងឈុតព្រះគ្រូព្រាហ្មបុរោហិត ដែលជាគ្រូអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ក្នុងពេលកម្ពុជា គោរពព្រហ្មញ្ញសាសនា និង លេខ១ នារី បានទៅលើ កញ្ញា ភីយ៉ា តារាសម្ដែង ដែលគ្រងឈុតស្រីទេព ជាឈុតច្នៃថ្មី តែរក្សាទម្រង់ដើមផ្នែកបុរាណ។

លេខ២ បុរសបានទៅលើ លោក បញ្ញា សិទ្ធ តារាចម្រៀង ដែលគ្រងឈុតទេវតា និង លេខ២នារី បានទៅលើ កញ្ញា វណ្ណា វត្តី តារាចម្រៀង គ្រងឈុតព្រះនាងទេពអប្សរា ដែលជាទេពធីតាធំជាងនាងអប្សរា ពាក់មកុដកំពូល៣ ដោយមានឆ្លាក់នៅប្រាសាទបាយ័យ។

លេខ៣បុរស បានទៅលើ លោក លឿង វិសាល អតីតបុរសឯកលេខ១វាយនភណ្ឌ ទើបជាប់លេខ និងជាក្រុមបង្ហាញម៉ូដBN ដែកគ្រងឈុតព្រះលក្ខណ៍ ក្នុងរឿងរាមកេរ្តិ៍ ខណ:ដែលលេខ៣នារី បានទៅលើកញ្ញា ពេជ្រ ចរណៃ តារាសម្ដែង ដែលគ្រងឈុតល្ខោនខោល៕

មតិយោបល់