ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្សែរឿងដែលត្រូវគេអះអាងថា ជាសាច់រឿងថ្មី មិនចម្លងពីគេ និងត្រូវបានផលិតឡើងក្នុងកម្រិតស្ដង់ដារមិនចាញ់បរទេស គឺរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងត្រូវដាក់បញ្ចាំងនៅតាមរោងកុន។ នៅលើហ្វេសប៊ុកគេកត់សម្គាល់ថា មានការទម្លាយពីទិដ្ឋភាពថតរឿងនេះកាន់តែច្រើន ដែលបានទាក់ទាញក្រុមអ្នកលេងហ្វេសប៊ុកច្រើនឡើងៗ ដោយសូម្បីតែរឿងមួយនេះមិនទាន់បញ្ចេញTrailer នៅឡើយ។
នៅមិនដល់ប៉ុន្មានសប្ដាហ៍ទៀតទេ ខ្សែរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងចេញវាយលុកទីផ្សារនៅតាមរោងកុនតបតាមការទន្ទឹងចាំយ៉ាងអន្ទះសាពីក្រុមអ្នកស្នេហាភាពយន្តសំណើច និងភ័យរន្ធត់។ ខ្សែរឿងដែលបានប្រកាសថា បង្កប់ដោយឈុតឆាកភ័យរន្ធត់ និងសើចចុកពោះមួយនេះ បានទទួលភាពទាក់ទាញ ដោយសារតែរឿងទាំងមូលមានទម្រង់ជារឿងនិពន្ធថ្មីបែបខ្មែរ និងមានសកម្មភាពចេញថតម៉ត់ចត់ពីក្រុមអ្នកជំនាញកុនខុសពីរឿងផ្សេងទៀត។
រឿងនេះត្រូវបានផលិតឡើងដោយផលិតកម្ម «បាដិហារ្យភាពយន្ត»ដែលត្រូវគេស្គាល់ថា បានប្រមូលផ្ដុំដោយអ្នកមានស្នាដៃផលិតរឿង និងក្រុមអ្នកបច្ចេកទេសជំនាញៗ ព្រមជាមួយនឹងការប្រើប្រាស់ឧបករណ៍ថតកុនកម្រិតស្ដង់ដារ។ រឿងនេះត្រូវបានគេផ្ដោតការចាប់អារម្មណ៍ទ្វេដង បន្ទាប់ពីរូបភាពខ្លះៗត្រូវបានទម្លាយចេញ ក្នុងពេលដែលការប្រកាសដាក់បញ្ចាំងក៏កៀកជិតដល់។ មុននេះបន្តិចគ្រាន់តែឈុតមួយក្នុងរឿង ដែលបណ្ដាលឲ្យលោក ជីវ័ន្ត ស្លាប់ ក៏ត្រូវគេភ្ញាក់ផ្អើលរួចទៅហើយនៅលើហ្វេសប៊ុក។
លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្តបានបង្ហើបប្រាប់ថា រឿង «គំនុំខ្មោចក្រមុំទាំង៣» ត្រូវបានផលិតកម្មរំពឹងយ៉ាងខ្លាំងថា បានទទួលជោគជ័យ ដោយសារតែសាច់រឿងតាំងពីដើមដល់ចប់ត្រូវបានចំណាយពេលយូរខុសពីការផលិតកន្លងមក។ ផលិតកម្មសុខចិត្តខាតទន់ តែមិនព្រមទទួលយកប្លង់ ដែលមានសភាពឆិនឆៃនោះទេ ដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងវិស័យភាពយន្តនៅពេលដាក់បញ្ចាំង។ លោកថា រឿងនេះចេញថតតាំងពីដើមខែ៣ ហើយជាគម្រោង គឺនឹងធ្វើការបញ្ចាំងតាមរោងចាប់ពីថ្ងៃទី១៨ ខែ៨ តទៅ នៅគ្រប់រោងកុនទំនើបៗទាំងអស់ លើកលែងតែរោងកុនលុច្ស និងមហោស្រពចេនឡា។
លោកថា ឈុតឆាករឿងនេះ បានទទួលការសរសើរពីអ្នកជំនាញផលិតកុន និងពីខាងរោងកុនយ៉ាងច្រើន ដោយសារតែការផលិត គឺអត់ទទួលយកការសម្ដែងស្ទក់ៗ ឬខ្វះបច្ចេកទេស សូម្បីតែប្លង់ណាមួយ។ លោកថា ការផលិតទាំងមូលបានចំណាយអស់ច្រើនម៉ឺនដុល្លារ ហើយលោកក៏បានកោតសរសើរផងដែរ ដែលតួអង្គទាំងអស់រួមមានកញ្ញាដួង ម៉ានិច លោក ណាខុន នាយចឺម លោក យូអ៊ីន យាយយ៉យ និងតារាល្បីៗរាប់មិនអស់ សុទ្ធតែបានចំណាយពេលយូរជាមួយផលិត និងតស៊ូសម្ដែងរឿងរហូតបានជោគជ័យក្នុងកម្រិតជាភាពយន្តស្ដង់ដារមួយ។
រឿងនេះលោកថា ក៏បានបង្ហាញពីការអប់រំពាក់ព័ន្ធ នឹងភាពភ្លើតភ្លើនក្នុងរឿងស្នេហារបស់ក្រុមយុវតីផងដែរ ក្រៅពីមានឈុតឆាកសើចសប្បាយ និងភ័យរន្ធត់ ដែលអាចនិយាយបានថា ជាចំណុចទាក់ទាញ។ លោកប្រកាសចេញ Trailer ក្នុងពីរបីថ្ងៃខាងមុខ បន្ទាប់ពីការបញ្ចេញសកម្មភាពខ្លះទទួលបានការចាប់អារម្មណ៍ ដើម្បីឲ្យការចេញបញ្ចាំងនៅថ្ងៃទី១៨ ខែ៨ខាងមុខ ទទួលបានផ្លែផ្កា៕
មតិយោបល់