ភ្នំពេញៈ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១ ឃាត់ខ្លួនភ្លាមៗក្នុងពេលយុវជនរូបនោះបានរត់មកឆក់យកទូរស័ព្ទដៃរបស់ជនជាតិថៃរួចព្យាយាមរត់គេចខ្លួនមិនរួចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៣០ ភូមិ៣សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ គឹម សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ១៥ ផ្លូវវែងស្រេង សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។ ត្រូវបានដកហូតវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះមកវិញ។ ចំណែកជនរងគ្រោះឈ្មោះ Krit Vipulanasat ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិថៃ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ(ខ៉ារ៉ា) នៅផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីសណ្ឋាគារដោយដើរតាមមាត់ទន្លេព្រមទាំងកាន់ទូរស័ព្ទដៃចុចលែង មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់បានរត់មកឆក់ទូរស័ព្ទដៃជនរងគ្រោះបានសម្រេចហើយព្យាយាមរត់គេចខ្លួន ពេលនោះជនរងគ្រោះរត់ដេញតាមព្រមទាំងស្រែកឆោឡោឲ្យគេជួយចាប់ គាប់ជួនកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត ឃើញដូច្នេះ ក៏ជួយអនត្តរាគមន៍ចាប់បានជនសង្ស័យរូបនោះភ្លាមៗ ដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញផងដែរ។
បច្ចុប្បន្ន ជនសង្ស័យបានញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងញ្ជូនទៅតុលាការ៕
មតិយោបល់