ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មានល្ខោនបាសាក់ ត្រូវបានផលិតកររឿង”ព្រឺ ឬ Fear” គាស់រំលើង

អាចចាត់ទុកថាជាលើកទី១ ក៏ថាបានដែរ ក្នុងពិធីរឿងត្រៀមដាក់បញ្ចាំងក្នុងរោង បែរជាជ្រើសយកសិល្ប:ល្ខោនបាសាក់ យកមកសម្ដែង យ៉ាងកក្រើកមុនកាត់ខ្សែបូរ។ អ្នកចូលរួមមិនតិចនោះទេ សុទ្ធតែសរសើរពីជំហរផលិតករ ដែលនឹកឃើញ គាស់រំលើងល្ខោនបាសាក់យកមកបង្ហាញ។

ពិធីសម្ពោធរឿង”ព្រឺ ឬ Fear” របស់ផលិតកម្មខ្មែរមេគង្គ កាលពីល្ងាចពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអន១នោះ តួសម្ដែងល្ខោនបាសាក់២រូប គឺតួអង្គយក្ស និងតួអង្គនាគ បានសម្ដែងលោតកញ្ឆេងលើឆាក និងច្រៀងរំពងជាទម្រង់ល្ខោនបាសាក់យ៉ាងព្រឺត្រចៀក ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍។ លោក សាហារ៉ា ពិធីករប្រកាសថា គឺជាការជ្រើសរើសមួយដ៏ល្អ ដែលទម្រង់ល្ខោនបាសាក់ត្រូវបានផលិតករភាពយន្តមួយនេះ លើកយកមកបង្ហាញ ក្នុងពិធីសម្ពោធរឿងខុសប្លែកពីគេ។ លោកបានទាំងទទូចឲ្យផលិតករដទៃទៀត រួមគ្នាលើកស្ទួយល្ខោនបាសាក់ ឲ្យបានកាន់តែច្រើនក្នុងពិធីផ្សេង ក្រៅតែពីបុណ្យក្នុងវត្តអារ៉ាមនោះផង។

លោក ម៉ាធ្យូ រ៉ូប៑ីនសុន ផលិតករ “ព្រឺ ឬ Fear” បានថ្លែងបញ្ជាក់ថា ដោយសារតែភាពយន្តនេះ ជារឿងខ្លាំងមួយទាំងគុណភាព និងសាច់រឿង ហើយជារឿងប្រភេទស៊ើបអង្កេត និងរន្ធត់ដែលលោករំពឹងថា ផ្ទុះខ្លាំងក្នុងពេលដាក់បញ្ចាំង ទើបលោកនឹកឃើញទម្រង់ល្ខោនបាសាក់ យកមកបង្ហាញ ដើម្បីឲ្យប្លែកសមនឹងសាច់រឿង ដែលលោកយល់ថា ប្លែកសម្រាប់ភាពយន្តនេះ។

រឿង”ព្រឺ”នឹងដាក់បញ្ចាំងលក់សំបុត្រ ក្រោយធ្វើពិធីសម្ពោធ នៅគ្រប់រោងទំនើប នៅថ្ងៃទី១៨ កក្កដា ដោយភាពយន្តនេះ ក៏គម្រោងនាំចេញក្រៅប្រទេសផងដែរ ដោយសារតែមានស្ដង់ដារពេញលេញ។ ភាពយន្តនេះ និយាយពីឃាតកម្មលើនារីក្រមុំវ័យក្មេង ដោយសាច់រឿងទាំងមូល បានលាក់តួអង្គឃាតកររហូតទាល់តែបញ្ចប់សាច់រឿង ទើបលាតត្រដាង។ យ៉ាងណាមិញ ក្នុងភាពយន្តនេះ ប្រកាសសំណូមពរ មិនឲ្យអ្នកទស្សនាហើយ ប្រាប់អ្នកមិនទាន់ទស្សនាថា អ្នកណាជាឃាតករនោះទេ ដើម្បីឲ្យកាន់តែកញ្ជ្រោលក្នុងការតាមដាន។

ក្នុងពិធីសម្ពោធនោះ ក្រៅពីល្ខោនបាសាក់ ក៏មានក្រុមចម្រៀងរ៉ក់ និងវត្តមានតារាសិល្ប:ជាច្រើន ខណ:ដែលផលិតករក៍ចូលរួមជាភ្ញៀវកិត្តិយសច្រើន ធ្វើឲ្យពិធីសម្ពោធរឿង”ព្រឺ” កាន់តែអឹកអធឹក៕

មតិយោបល់