ព័ត៌មានសិល្បៈ និងកម្សាន្ត

សុះ ម៉ាច និងមាស សុខរតនៈ ផ្ទុយគំនិតគ្នារឿងជម្លោះ ឌុច លីដា

ខណៈតារាសម្ដែងនាងឌុច លីដា ត្រូវបានផលិតករមួយទម្លាយថា បានផ្ទុះជម្លោះក្រោយបោកគ្រាប់បែកមិនចុះទៅថត តាមការណាត់បណ្ដាលផលិកម្មខាតបង់ បុគ្គលមានឥទ្ធិពល២រូបក្នុងសង្គមសិល្បៈក៏បានបញ្ចេញយោបល់ពាក់ព័ន្ធនឹងបញ្ហានេះដែរ។ លោកសុះ ម៉ាច និងលោកមាស សុខរតនៈ បានអះអាងផ្សេងគ្នាជុំវិញរឿងរ៉ាវ ដែលកើតឡើងរវាងឌុច លីដា និងផលិតករ ដែលចោទថានាងបោកគ្រាប់បែក បណ្ដាលអោយផលិតកម្មត្រូវបង្ខំចិត្តដូរតួ។

លោកមាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន បានអះអាងថាករណីតារាសម្ដែងបោកគ្រាប់បែកមិនមែនជាលើកទី១នោះទេ សម្រាប់អាជីពសិល្បៈដែលបានលេចឮ។ លោកបានបញ្ចេញទស្សនៈមិនបន្ទោសចំពោះតារាសម្ដែងនាងឌុច លីដា នោះទេ ដោយលោកដាក់កំហុសទៅលើតម្លៃខ្លួន របស់តារាសម្ដែងទៅវិញ។ លោកថាតម្លៃខ្លួននៅមានកម្រិត គឺហេតុផលតែមួយគត់ដែលធ្វើអោយតារាភាគច្រើនបង្ខំចិត្ត ទទួលការងារច្រើនក្នុងពេលតែមួយដើម្បីបានលុយគ្រប់ច្រក ហើយវាជៀសមិនផុតនោះទេ នៅពេលផលិតករទាំងនោះដាក់ថ្ងៃចុះថតចំពេលជាន់គ្នា ដែលតម្រូវអោយតួសម្ដែងត្រូវបោកគ្រាប់បែកផលិតករមួយ ហើយទៅថតអោយផលិតករមួយទៀត។ លោកមាស សុខរតនៈនិយាយថា ផលិតករគួរតែមានការយោគយល់ ចំពោះករណីនេះ ដ្បិត បញ្ហាតម្លៃខ្លួនដែលតួទទួលបានបើទទួលត្រឹមតែមួយរឿងក៏មិនអាចអោយតារាទទួលបានកម្រៃសមនឹងការចំណាយទៅវិញ។ លោកទទូចកុំអោយឈ្លោះគ្នារវាងតារា និងផលិតករ ដោយថាជម្រើសបិទផ្លូវដាក់គ្នា គឺមិនគួរកើតមាន។ លោកថាតារាសិល្បៈ និងក្រុមផលិតករ បើគិតអោយស៊ីជម្រៅគឺមានមិនច្រើននោះទេ ទើបជារឿងមួយអាក្រក់បើភាគីទាំងពីរពាក់មុខយក្សដាក់គ្នា ហើយខ្វះការអធ្យាស្រ័យ។ លោកថាស្ថានភាពតម្លៃខ្លួនគឺជាបញ្ហាដែលនាំអោយតារាសម្ដែងបោកគ្រាប់បែកក្នុងពេលណាមួយ ប៉ុន្តែលោកក៏មិនបានសំដៅថាតារាដែលខ្វះការទទួលខុសត្រូវបែបនោះជាភាគីត្រឹមត្រូវនោះឡើយ។ លោកទទូចអោយជជែកគ្នា និងយល់គ្នា ជាពិសេសចំពោះតារាដែលទទួលរឿង ២-៣ ហើយជួបបញ្ហាក្នុងពេលផលិតករដាក់ថ្ងៃត្រូវថតជាន់គ្នា។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានយល់ឃើញផ្ទុយពីលោកមាស សុខរតនៈ។ លោកថាបើទោះជាតម្លៃខ្លួនទាប ឬខ្ពស់ក៏ដោយ ប៉ុន្តែមិនមានករណីណាដែលតារាសម្ដែងសម្រេចបិទទូរស័ព្ទហើយគេចចេញពីការជជែកគ្នានោះទេ។ លោកថាបើទោះជាឈឺក៏ត្រូវតែពន្យល់ និងបើកទូរស័ព្ទរៀបរាប់ពីស្ថានការណ៍នោះដែរ ជាពិសេសនៅក្នុងកាលៈទេសៈដែលហ្វេសប៊ុក ក៏អាចបញ្ជូនរូបភាព និងវីដេអូផ្ទាល់ៗ ដើម្បីបញ្ជាក់ពីការពិតនោះ។ លោកវប្បធម៌ទទួលខុសត្រូវមួយដ៏ល្អ គឺការប្រឈមមុខដាក់គ្នាហើយជជែក ដោយលោកគាំទ្រ ចំពោះបុគ្គលដែលប្រើលេសបែបនេះបែបនោះ​ ហើយបិទទូរសព្ទ ក្នុងពេលភាគីម្ខាងទៀតរង់ចាំដោយអន្ទះសារនោះឡើយ។

យោងតាមផលិតករមួយរូបគឺឌុច លីដា បានបិទទូរសព្ទក្នុងពេលណាត់គ្នារួចរាល់ថាត្រូវចុះថត ហើយបណ្ដាលអោយផលិតកម្មអន់ចិត្តរហូតសម្រេចចិត្តដូរតួនាងច្រើន ដោយដាក់តារាសម្ដែងជាតួឯកថ្មី។ ឌុច លីដា បានបកស្រាយហេតុផលដែលនាំអោយនាង បោកគ្រាប់បែក គឺខ្លួនឈឺចំពេលចេញថត ប៉ុន្តែនាងថាមកពីផលិតករ កំណត់ពេលវេលាមិនច្បាស់ខ្លួនឯងនោះផង ទើបនាងមិនទៅថតតែម្ដង ចំពេលសុខភាពក៏មិនសូវអំណោយផលផង។ មកទល់ពេលនេះ ភាគីទាំងពីរដ្បិតថាស្ងប់ស្ងាត់រៀងខ្លួន តែមុនមានការទម្លាយគឺភាគីទាំងពីឈ្លោះគ្នា ជជែករកត្រូវរៀបខ្លួនយ៉ាងស្រួចស្រាលផងដែរ៕

មតិយោបល់