យោងតាមសន្និសីទសារព័ត៍មានកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ នៅហាងកាហ្វេមួយ ស្ថិតនៅភ្នំពេញថ្មី ខ្សែភាពយន្តខ្នាតធំ ដែលផលិតដោយក្រុមផលិតភាពយន្ត នៅសហរដ្ឋអាមេរិក ស្ដីពីភាពជោគជ័យរបស់ជនជាតិខ្មែរមួយរូប គឺរឿង The Donut King Ted Ngoy នឹងត្រូវបញ្ចប់ការថត នៅពេលដ៏ខ្លីខាងមុខនេះហើយ។ នេះជាភាពយន្តស្ដីពីជនជាតិខ្មែរទី២ហើយ ដែលត្រូវបានផលិតករបរទេស ទិញសិទ្ធិផលិតជាភាពយន្ត បន្ទាប់ពីរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ របស់តារាហូលីវូដ អ្នកនាង អែនជេលីណាជូលី។
លោក តឹក ង៉ូយ ដែលជាជនជាតិខ្មែរ និងជាម្ចាស់សាច់រឿងក្នុងភាពយន្តរឿង The Donut King Ted Ngoy បានថ្លែងបញ្ជាក់ថា ក្រោយពីលោកត្រូវបាននិរទេសទៅរស់នៅសហរដ្ឋអាមេរិក លោកក៍បានបម្រើការនៅក្នុងហាងលក់នំដូណាត់ ហើយដោយការខិតខំប្រឹងប្រែង លោកក៍ត្រូវបានថៅកែប្រគល់តំណែងជាអ្នកគ្រប់គ្រងហាង នៅរយៈពេល៣ខែក្រោយ។ បន្តបន្ទាប់មក លោកក៍ប្រឹងសន្សំលុយ ហើយទិញបានហាងដូណាត់មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយលោកប្រើពេល តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក៍ពង្រីកសាខាកើនដល់៧០-៨០ទីតាំង និងបានបំផុសអោយខ្មែរៗ កាន់តែច្រើនបើកជំនួញលក់នំដូណាត់ រហូតធ្វើអោយហាងនំដូណាត់រាល់ថ្ងៃ គឺថៅកែជាជនជាតិខ្មែរ មិនក្រោម៨០ភាគរយ។ ដោយសារតែភាពជោគជ័យនេះ ទើបខ្សែជីវិតតស៑ូរបស់លោក ត្រូវបានយកមកចងក្រងជាប្រលោមលោក ដែលមានឈ្មោះ The Donut King Ted Ngoy ជាភាសាអង់គ្លេស និងជាភាសាខ្មែរ ខណៈដែលប្រលោមលោកនេះ ក្រោយពីបោះពុម្ពលក់ ក៍ទទួលបានការគាំទ្រ រហូតផលិតករមួយក្រុមនៅអាមេរិក សុំសិទ្ធិផលិតជាភាពយន្ត។ មកទល់ពេលនេះ លោកថាផលិតករបរទេស បានសិក្សាទីតាំង និងដំណើរការចេញថតបានខ្លះ២ហើយ សម្រាប់ប្លង់លើទឹកដីអាមេរិក ដោយគ្រោងនឹងជ្រើសរើសតួពាក់ព័ន្ធ ហើយថតបញ្ចប់សាច់រឿង សម្រាប់ប្លង់នៅប្រទេសកម្ពុជានៅចុងឆ្នាំនេះ ដើម្បីអាចអោយភាពយន្តទាំងមូល អាចដាក់បញ្ចាំងលើទីផ្សារអាមេរិក បាននៅដើមឆ្នាំក្រោយ។
លោកមិនទាន់ដឹងថា ភាពយន្តមួយនេះ នឹងដំណើរការដាក់បញ្ចាំងនៅទីផ្សារកម្ពុជាដូចគ្នានឹងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ឬ យ៉ាងណានោះទេ ប៉ុន្តែយោងតាមការចចារ គឺក្រោយផលិតជាភាពយន្តនឹងយកទៅបញ្ចាំងលក់សំបុត្រនៅអាមេរិក និងប្រទេសមួយចំនួន ខណៈដែលលោកប្រាប់ថា លោកដែលជាម្ចាស់សាច់រឿង ទទួលបានប្រាក់កម្រៃមួយ ពីលើការធ្វើអាជីវកម្មនេះ។
លោក តឹក ង៉ូយ ដែលត្រូវជនជាតិខ្មែរនៅអាមេរិកអោយរហស្សនាមថា ជាស្ដេចនំដូណាត់ បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលខ្សែជីវិតរបស់លោក ត្រូវបានផលិតករបរទេស យកមកផលិតជាភាពយន្តខ្នាតធំ ដែលតាមគម្រោង គឺចំណាយចន្លោះពី៥០មុឺន ទៅ១លានដុល្លារ។ សាច់រឿផងក៍នឹងក្លាយជាភាពយន្តនិយាយពីជនជាតិខ្មែរ និងពីកម្ពុជាថ្មីមួយទៀត ដើម្បីបង្ហាញអោយពិភពលោក កាន់តែស្គាល់ពីកម្ពុជាផងដែរ។
នៅក្នុងវេទិកាសន្និសីតកាសែតនោះ គេឃើញផលិតករកម្ពុជា បរទេស តារាៗនិងភ្ញៀវកិត្តិយស ដែលសុទ្ធសុឹងជាអ្នកពាក់ព័ន្ធ នឹងវិស័យភាពយន្តកុះករចូលរួម៕
មតិយោបល់