គ្មានអ្នកមិនដឹងនោះទេ ថាតារាសម្ដែង និងជាតារាចម្រៀង កញ្ញា វណ្ណា វត្តី បានក្លាយជាម្ចាស់ពានគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍ការប្រកួតឈុតបុរាណ របស់គ្រួសារតារាកម្ពុជា កាលពីដើមខែកក្កដា ឆ្នាំ២០១៩ និងត្រូវបានតែងតាំងជាទូតសុឆន្ទៈ ផ្នែកសប្បុរសធម៌។ ប៉ុន្តែមុននេះបន្តិចកញ្ញា បានចេញបទ “សារគ្រប់ប្រភេទ” ដែលជាប្រភេទបទរ៉េប និងមានស្ទីលសុិចសុី បែកស្លុយញាក់សាច់ ដែលមានរសជាតិដាច់គ្នាទាំងស្រុង ពីការលេងខ្លួនបែបឈុតបុរាណ ដែលនាងឈ្នះពាន។
បទចម្រៀងដែលទើបបង្ហោះក្ដៅៗនេះ សុទ្ធតែធ្វើអោយម្នាក់ៗភ្ញាក់ព្រឺត ដោយសារតែគេទើបតែឃើញនាងលេងស្ទីលស្រគត់ស្រគំ ជាមួយនឹងការឈ្នះពាន ក្នុងឈុតព្រះនាងទេពអប្សរាថ្មីៗ។ យ៉ាងណាមិញស្ទីលថ្មី ដែលនាងបង្ហាញឡើង ក៍ស្ដែងយ៉ាងច្បាស់ថា នាងជាសិល្បការិនីមួយរូប ដែលលេងខ្លួនបែបទម្រង់បុរាណក៏ស្អាតលេចធ្លោ និងបែបសម័យក៍កាលីពទាន់សម័យផងដែរ ខណៈដែលសមត្ថភាពរ៉េប ក្នុងចម្រៀងរបស់នាង ក៏ពិរោះប្លែកត្រចៀក។
វណ្ណា វត្តី និយាយថា ចម្រៀង “សារគ្រប់ប្រភេទ”របស់នាង ត្រូវបានរៀបចំតាំងពីពេលមុនប្រទ្បងឈុតបុរាណមកម្លេះ មិនមែនទើបតែផលិត និងថតច្រៀងក្រោយពេលមានឈ្មោះ ជាតារាជាប់ពានខាងផ្នែកឈុតបុរាណនោះទេ។ នាងថា ក្នុងនាមជាសិល្បការិនីមួយរូប ត្រូវតែមានស្ទីលប្លែកៗ កប់សារីបង្ហាញមហាជន ប៉ុន្តែក៍មិនហ៑ានសុិចសុីហួសហេតុ ដែលនាំអោយមានការរិះគន់នោះដែរ។ កញ្ញា ក៏គម្រោងនឹងចេញបទយុវវ័យបន្តបន្ទាប់ អមដោយស្ទីលប្លែកៗ បន្ទាប់ពីបទ”សារគ្រប់ប្រភេទ”ចេញបង្ហោះវាយលុកទីផ្សារនេះផងដែរ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង និង ជាតារាសម្ដែង កញ្ញា វណ្ណា វត្តី ត្រូវបានតែងតាំងជាទូតសុឆន្ទៈ ឬ Brand Ambassador ប្រចាំគ្រួសាររយៈពេលមួយឆ្នាំ ដោយកញ្ញា នឹងត្រូវបំពេញការងារក្នុងនាមជាអ្នកលើកស្ទួយវប្បធម៌ និងការងារសប្បុរសធម៌ជាច្រើន ក្នុងរយៈពេលស្ថិតនៅជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជានេះ។ ជាក់ស្ដែងកញ្ញា ទើបតែបានគ្រងឈុតបុរាណ បង្អួតពីតំណែងថ្មីរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ជាច្រើនប៉ុស្តិ៍ ជាមួយម្ចាស់ពានផ្សេងទៀតប៉ុណ្ណោះ៕
មតិយោបល់