ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា និង ចាន់ ផល្លា ចេញជំហរ ក្រោយក្លាយជាទូតសុឆន្ទៈ

ក្រោយប្រកាសទទួលស្គាល់ជាទូតសុឆន្ទៈ ដើម្បីកិច្ចការសង្គម និងវប្បធម៌ ប្រចាំអោយគ្រួសារតារាកម្ពុជា តារាល្បីឈ្មោះ ២ដួង គឺ អ្នកនាង លី ម៉ារីណា និង ពិធីការិនី អ្នកនាង ចាន់ ផល្លា បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយបានទាំងចាត់ទុកថា អ្វីដែលខ្លួនទទួលបាន គឺជាតម្លៃធំមួយក្នុងនាមជាតារាសិល្បៈ។

អ្នកនាង លី ម៉ារីណា បញ្ជាក់ថា អ្នកនាងគឺជាតារាដែលចង់ជួយសង្គម និងកិច្ចការលើកស្ទួយវប្បធម៌ខ្លាំងណាស់ ទើបអ្នកនាងរមែងចំណាយពេលគ្រប់ការអញ្ជើញរបស់អ្នករៀបចំកម្មវិធីសង្គម ជាពិសេសគឺការរៀបចំរបស់គ្រួសារតារាកម្ពុជា។ អ្នកនាងថា ខ្លួនកាន់តែមោទនភាព នៅពេលត្រូវបានស្ដាបនិកគ្រួសារតារាកម្ពុជា ជ្រើសជាទូតសុឆន្ទៈ ឬ ជា Brand Ambassador ប្រចាំក្រុម ដើម្បីអោយអ្នកនាងក្លាយជាតំណាងសកម្មភាពលើកកម្ពស់ សកម្មភាពសប្បុរសធម៌ និង វប្បធម៌ជាតិ ខណៈដែលសកម្មភាព របស់គ្រួសារតារាកម្ពុជា នាពេលចុងក្រោយ កាន់តែមានការទទួលស្គាល់។

អ្នកនាងថាខ្លួនចំណាយពេលចូលរួមអោយសកម្មក្មុងនាមជាផ្នែកមួយនៃកិច្ចការសង្គម និង លើកស្ទួយវប្បធម៌ បើទោះជាអ្នកនាង មមាញឹកនឹងការងារថត និងមុខជំនួញអនឡាញ។ អ្នកនាងនឹងបង្ហាញខ្លួន ក្នុងនាមជា Brand Ambassador លើកដំបូងរបស់ខ្លួន ក្នុងកម្មវិធីបន្តផ្ទាល់របស់ទូរទស្សន៍ CNC នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៩ ខណៈដែលនៅថ្ងៃទី២៥ និង ២៩ ដែលជាកម្មវិធីសប្បុរសធម៌ទ្រង់ទ្រាយធំ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង ក្រសួងកិច្ចការនារី និងនៅស្តាតអូឡាំពិក។

មិនខុសគ្នាដែរ អ្នកនាង ចាន់ ផល្លា ដែលសាងកេរ្តិ៍ឈ្មោះបោះសំទ្បេង ក្នុងតំណែងជាពិធីការនីនៅប៉ុស្តិ៍លេខ៩ មិនតិចឆ្នាំ រឹតតែបង្ហាញនូវមោទនភាព បន្ទាប់ពីត្រូវបានជ្រើសជាទូតសុឆន្ទៈប្រចាំក្រុម។ អ្នកនាងថា នេះជាក្ដីស្រម៉ៃ បន្ទាប់ពីអ្នកនាង ចាប់ផ្ដើមនឿយណាយ នឹងការងារសិល្បៈនាពេលនេះ។ អ្នកនាងថា សម្រាប់ការងារសិល្បៈ ដូចជាមានការទាក់ទងអោយថត និង ធ្វើពិធិការិនី គឺអ្នកនាងស្ទើរតែលែងទទួលទៅហើយ ដោយសារតែអ្នកនាង ត្រូវការពេលវេលាផ្ទាល់ខ្លួន និង គិតរឿងការងារក្រៅសិល្បៈផង។

អ្នកនាងនៅតែទទួលចេញមុខ ក្នុងកម្មវិធីសប្បុរសធម៌ប៉ុណ្ណោះ ទើបអ្នកនាងរកអ្វីនិយាយមិនចេញ នៅពេលគ្រួសារតារាកម្ពុជា ផ្ដល់ឱកាសអោយអ្នកនាង បានក្លាយជា Brand Ambassador ក្នុងកិច្ចការសង្គម និងលើកស្ទួយវប្បធម៌ ដែលអ្នកនាងថា នោះជាក្ដីស្រម៉ៃជាយូរមកហើយ។ អ្នកនាងប្ដេជ្ញាបំពេញកិច្ចការនេះ អោយអស់ពីចិត្ត ដើម្បីបន្សល់ស្នាដៃក្នុងរយៈពេល១ឆ្នាំនេះ ដល់សិល្បករជំនាន់ក្រោយ។ អ្នកនាង ក៏បង្ហាញខ្លួនជាទូតសុឆន្ទៈផ្លូវការរបស់ខ្លួន លើកដំបូងនៅCNC ថ្ងៃទី១៦ សីហា ថ្ងៃទី២៥ សីហា នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី២៩ ចុងខែ ដូចគ្នានឹងម្ចាស់ពានដែរ។

គួរបញ្ជាក់ថា អ្នកនាង លី ម៉ារីណា និង អ្នកនាង ចាន់ ផល្លា មិនមែនជាម្ចាស់ពាននោះទេ ប៉ុន្តែអ្នកនាង ត្រូវបានប្រកាសជា Brand Ambassador ដូចគ្នានឹងម្ចាស់ពាន ដោយសារតែហេតុផលអ្នកទាំងពីរ គឺជាសិល្បការិនី ដែលជួយសកម្មភាពគ្រួសារតារាកម្ពុជា តាំងពីឆ្នាំដំបូង តែនៅបន្តជួយមកទល់នឹងបច្ចុប្បន្ន ដោយសារតែហេតុផលប្រជាប្រិយភាព ក្នុងសិល្បៈ និងរូបសម្រស់ស្រស់ស្អាត អាចគ្រងឈុតបុរាណ រាល់គ្រប់កម្មវិធីរបស់គ្រួសារតារាកម្ពុជា។ អ្នកទាំងពីរនឹងមានសកម្មភាពពេញមួយឆ្នាំ ក្នុងការចូលរួមក្នុងសកម្មភាពសង្គម ក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជា៕

មតិយោបល់