ភ្នំពេញៈ បុរសម្នាក់ បានបាក់.កស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន ក៏រេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្ដាលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសាលាបឋមសិក្សាភ្នំពេញថ្មីប្រមាណ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ២៨គ្រួសារ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះថា ឌៀប ជុងគៀក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកលក់គ្រឿងតុបតែងរថយន្ត ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន ដែលទទួលព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានបើករថយន្តមួយគ្រឿង ម៉ាកNISSAN ពណ៌ទឹកប៊ិចខ្ចី ពាក់ស្លាកលេខ បាត់ដំបង 2A-5801 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត។
លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តខាងលើ បានរេចង្កូតទៅខាងស្ដាំ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវ រួចក៏ជ្រុលទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្ដាលឲ្យរថយន្តរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ដោយកៀបជាប់និងបង្គោលភ្លើង ចំណែកឯបុរសរងគ្រោះ ដែលអ្នកបើកបរ បានបោកទៅនឹងដៃចង្កូតរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីឲ្យចុះមកធ្វើការអន្តរាគមន៍ ជួយសង្គ្រោះបុរសរងគ្រោះ។ តែជាអកុសល ខណៈដែលរថយន្តសង្គ្រោះ បានមកដល់កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យ គឺបុរសរងគ្រោះខាងលើ បានបាក់.កស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូល និងសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងស្ទូចយករថយន្តរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយឡែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិយកទៅបុណ្យ តាមប្រពៃណីនៅឯវត្តទឹកថ្លា៕
https://www.youtube.com/watch?v=-mJvTRo_ZfE
មតិយោបល់