ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង កញ្ញា ទេព ស្រីពៅ រំពឹងកេរ្តិ៍ឈ្មោះក្នុងរឿង”ដើម្បីកូន”

បន្ទាប់ពីមានឱកាសបង្ហាញខ្លួន ជាតួអង្គម្នាក់ក្នុងរឿង”ដើម្បីកូន” ដែលជាស្នាដៃប្រកាសផលិតថ្មីរបស់លោក ហ៑ុយ យ៉ាឡេង តារាសម្ដែងសំបូរសាច់ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ កញ្ញា ទេព ស្រីពៅ ហាក់រំពឹងយ៉ាងខ្ពស់ថា ភាពយន្តរបស់លោក ហ៑ុយ យ៉ាឡេង ដែលនាងបានសម្ដែងមួយរឿងនេះ នឹងជួយឲ្យនាងឈានឡើង។ បើទោះជានាងនិយមស្ទីលចំហរ ដើមទ្រូងសុិចសុី ប៉ុន្តែកញ្ញាបែរជាមានភាពស្ទាក់ស្ទើរ ក្នុងការទទួលថតឈុតស្រើបស្រាល។

កញ្ញា ទេព ស្រីពៅ ថ្លែងប្រាប់ក្នុងពិធីក្រុងពាលីរបស់លោក ហ៑ុយ យ៉ាឡេង ថា កញ្ញាទើបតែហក់ចូលវិស័យ សិល្បៈរយៈពេលខ្លី ប៉ុន្តែនាងមានឱកាស បានសម្ដែងពីរបីរឿងមកហើយ ខណៈដែលឈុតឆាកក្នុងបទចម្រៀង ក៍បានប្រឡូកមិនតិច។ ក្នុងនោះនាង បានទាំងច្រានចោលការសម្ដែងមួយចំនួន ព្រោះតែរវល់ការងារផ្ទាល់ខ្លួន និងដោយសារតែការសម្ដែងខ្លះ ទាក់ទងជាន់គ្នា ដែលមិនអាចឱ្យនាងជ្រែកខ្លួនបាននោះផង។ នាងថាការប្រឡូកសម្ដែង នាពេលចុងក្រោយ បានត្រឹមតែអាចឲ្យនាងមិនដាច់ការងារជាហូរហែរប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឱកាសល្បីឈ្មោះ គឺនាងរំពឹងលើស្នាដៃក្នុងរឿង”ដើម្បីកូន” ដែលភាពយន្តថ្មីរបស់លោក ហ៑ុយ យ៉ាឡេង ដោយសារតែភាពយន្តនេះ នាងត្រូវផលិតករតម្រូវឲ្យសម្ដែងជានារីលូយឆាយ និងមានឈុតលេច ធ្លោក្នុងរឿង។ នាងថាខ្លួនមានឈុតមួយចំនួនត្រូវសម្ដែងសុិចសុី ប៉ុន្តែបើឲ្យសម្ដែងសុិចសុីហួសហេតុ គឺដាច់ខាតមិនសម្ដែងឡើយ។

ទេព ស្រីពៅ បន្តថា នាងស្រលាញ់វិស័យសម្ដែង និងចង់ប្រឡូកការសម្ដែង ឲ្យបានគ្រប់ទម្រង់ មិនថាតួឆ្នាស់ តួចិត្តអាក្រក់ តួសុិចសុី ឬ តួកម្សត់នោះទេ ប៉ុន្តែសម្រាប់ការសម្ដែង ក្នុងឈុតស្នេហារោលរាល គឺនាងផ្អើលៗ អត់ហ៑ានថតទេ។ ជាក់ស្ដែងបើតាមតែនាងហ៑ានថត គឺនាងប្រហែលជាមានឈ្មោះ បោះសំឡេងនៅក្នុងវិស័យភាពយន្ត រៀងខ្ពស់ជាងនេះ ទៅហើយ។ នាងថាខ្លួនពេញចិត្តល្បី តាមដំណើរ ជាជាងបានល្បីក្រោមសម្រែករិះគន់ ហើយជាលទ្ធផលធ្វើឲ្យនាងអាម៉ាស់។

នាងគម្រោងឈោងឆាប់ការសម្ដែងឲ្យស៑ប់ពេញទំហឹង ដោយក្រោយថតរឿងថ្មីឲ្យលោក ហ៑ុយ យ៉ាឡេង ក៍នឹងត្រៀមទទួលថតភាពយន្ត និងថត MV ដែលកំពុងចចារបន្តបន្ទាប់ផងដែរ៕

មតិយោបល់