ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្បៈប្រជុំ បង្កើតមណ្ឌលសង្រ្គោះចាស់ជរា

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៩ កក្កដា តារាសិល្បៈល្បីៗមួយក្រុមត្រូវបានជួបប្រជុំគ្នា ដើម្បីរំលេចគម្រោងបង្កើតមណ្ឌលចិញ្ចឹមចាស់ៗ ជាពិសេស គឺតារាសិល្បៈដែលខ្វះទីតាំង ក្រោមការចាត់ចែងរបស់ប្រធាន អៀង សុធារ៉ា ដែលជាអ្នកមានជំនួញច្រើនប្រភេទនៅកម្ពុជា។

កិច្ចប្រជុំដែលបានធ្វើឡើងនោះ គ្រោងសាងសង់ផ្ទះស្នាក់នៅជាប្រភេទលម្ហែកាយសម្រាប់ចាស់ៗជា២ប្រភេទ គឺប្រភេទអ្នកចង់រស់នៅស្ងប់ស្ងាត់ដែលតម្រូវឲ្យបង់ថវិកា និងចាស់ជរាដែលអត់ទីពឹងហើយត្រូវការការជ្រោមជ្រែងនៅក្នុងមណ្ឌល។ គម្រោងនេះ គ្រោងធ្វើឡើងនៅក្បែរតំបន់ពិកនិក តាមបណ្ដោយផ្លវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ប៉ុន្តែ មិនទាន់ច្បាស់ថា គម្រោងនោះនឹងចេញពេលណានៅឡើយទេ ដោយសារតែកិច្ចពិភាក្សានៅត្រូវការយោបល់ពីសំណាក់តារាសិល្បៈដែលជាស្ថាបនិកគម្រោងច្រើនលើកទៀតក្នុងពេលខាងមុខ។

យ៉ាងណាមិញ តារាសិល្បៈដែលបានបង្ហាញខ្លួនក្នុងកិច្ចពិភាក្សានោះ ត្រូវគេឃើញបញ្ចេញគំនិតផុសផុលច្រើនដោយតារាសិល្បៈទាំងនោះ ក៏​ត្រូវប្រកាសឲ្យចូលជាភាគហ៊ុននៅក្នុងគម្រោងសាងសង់មណ្ឌលចាស់ជរាមិនធ្លាប់មានមួយនេះផងដែរ បន្ថែមពីលើការចំណាយរបស់ម្ចាស់មូលនិធិ៕

មតិយោបល់