ព័ត៌មានអន្តរជាតិ

ករណីជំងឺ Zika ជាង ១.០០០ នាក់នៅអេក្វាទ័រ

អេក្វាទ័រៈ របាយការណ៍របស់អង្គការ UNICEF ចេញផ្សាយថ្មីមួយ បានឲ្យដឹងថា ករណីមេរោគ Zika បានកើនឡើងពី ៩២ ទៅ ១.១០៦ នាក់ បន្ទាប់ពីការរញ្ជួយដី ៧,៨ រ៉ិចទ័របានកើតឡើង នៅលើឆ្នេរសមុទ្រនៃប្រទេសអេក្វាទ័រ កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦។

បើយោងតាមមូលនិធិសង្គ្រោះបន្ទាន់ របស់អង្គការសហប្រជាជាតិ ដើម្បីកុមារ (UNICEF) ករណីជំងឺ Zika កើនឡើងរយៈពេលជាងបីខែ បន្ទាប់ពីគ្រោះរញ្ជួយដីនៅអេក្វាទ័រ ដែល ៨០ ភាគរយនៃករណីនេះ បានកើតនៅក្នុងខេត្ត Manabi ។

ករណីមេរោគនេះ បានកើតលើស្ត្រីអាយុចន្លោះពី ១៥ និង ៤៩ ឆ្នាំ ចំនួន ៥០៩នាក់ ដែលជាប៉ះពាល់ធ្ងន់ធ្ងរ បំផុតនៅក្នុងខេត្ត Manabi ។ មកទល់ពេលនេះ វាពុំមានករណីដែលទាក់ទងទៅនឹងមេរោគ Zika ដែលបង្កឲ្យទារកមានក្បាលតូចនៅទ្បើយទេ។

លោក Grant Leaity តំណាងអង្គការ UNICEF ប្រចាំប្រទេសអេក្វាឌ័រ បាននិយាយថា ” យើងត្រូវការធ្វើមាត្រដ្ឋានឡើង ក្នុងកិច្ចអន្តរាគមន៍ជាបន្ទាន់ សម្រាប់បង្ការមេរោគ Zika និងដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា ទៅលើកុមារ និងគ្រួសាររបស់ពួកគេ “។

គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនក្រសួងសុខាភិបាលសាធារណៈអេក្វាទ័រ បានរាយការណ៍ថា មានករណីជំងឺ Zika ៨៥៧នាក់ ករណីជំងឺគ្រុននឈាម ១០.២១២ នាក់ និងករណីជំងឺ Cikungunya ១.២៧៤នាក់ នៅទូទាំងប្រទេស ដែលមានកំណើនខ្លាំងបំផុត បន្ទាប់ពីក្នុងតំបន់នេះ ត្រូវបានរងការវាយប្រហារដោយគ្រោះរញ្ជួយដី៕

មតិយោបល់