ភ្នំពេញៈ ប្រភពច្បាស់ការមួយបានប្រាប់ដល់ Post News ឲ្យដឹងថា តារាចម្រៀង អាន គុណកូឡា ពេលនេះបានត្រៀមអូសបង្វេចចាក់ចេញពីផលិតកម្មសាន់ដេ ទៅកាន់ផលិតកម្មថោន។
សញ្ញាមួយនេះ អាចបញ្ជាក់ថា ផលិតកម្មសាន់ដេ កំពុងមានបញ្ហាផ្ទៃក្នុង ដែលធ្វើឲ្យតារាចម្រៀងដែលខ្លួនជ្រកកោន អាកអន់ស្រពន់ចិត្ត រហូតធ្វើឲ្យអាន គុណកូឡា ដាច់ចិត្តអូសបង្វេចចាកចេញដោយមិនមើលក្រោយ។
ផលិតករ និងជាអ្នកដឹកនាំសម្តែងមួយរូប សូមមិនបញ្ចេញឈ្មោះ បានប្រាប់ ដល់ Post News ឲ្យដឹងថា អាន គុណកូឡា ទៅថោនហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា មកពីមានបញ្ហាផ្ទៃក្នុង ឬតារាចម្រៀងរូបនេះ ផុតកុងត្រាឬយ៉ាងណានោះទេ ។
បើតាមប្រភពដាច់ដោយឡែកមួយផ្សេងទៀត បានលើកឡើងថា មិនមេនមានត្រឹមតែ អាន គុណកូឡា ទៅថោននោះទេ នៅមានតារាចម្រៀងផ្សេងៗ ទៀតជាច្រើនដួង ក៏បានត្រៀមជើងព្រួល ចាកចេញផងដែរ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ក៏លេចឭនូវពាក្យចរចាមអារ៉ាម ថា កំពូលតារាចម្រៀងក្នុងចិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត ក៏ត្រៀមបើកផលិតកម្មដោយខ្លួនឯងដែរ ។ ប៉ុន្តែព័ត៌មាន នេះ ត្រូវបាន លោក ខេមរៈ ភារុណ ច្រានចោលថា មិនមានបើកនោះទេ ។
ទោះជាយ៉ាងណា ដំរីងាប់មិនអាច យកចង្អេរបិទបាំងនោះទេ បិទបាំងមួយរយៈ តែគង់នឹងធ្លាយបែកចេញ នៅថ្ងៃណាមួយ ជាមិនខាន ទាក់ទងនឹងការបើកផលិតកម្មនេះ ។
សម្រាប់ការដើរចេញ របស់ អាន គុណកូឡា វិញ ខាង Post News យើងមិនទាន់អាចសូមការបញ្ជាក់ពីម្ចាស់សាម៉ីខ្លួនបាននោះទេ នៅព្រឹកនេះ តែខាងស្ថាប័នយើង សូមស្វាគមន៍ ជានិច្ចសម្រាប់ការឆ្លើយតប របស់ អាន គុណកូឡា ៕
មតិយោបល់