ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជា បើកការប្រកួត Miss Grand Cambodia 2019 ជាផ្លូវការ

កាលពីរសៀលថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ មុននេះ គណកម្មការ បានប្រកាសពីការបើកប្រកួត Miss Grand Cambodia ត្រូវបានធ្វើឡើងទៀតហើយ ដោយបានទាំងបង្ហាញមុខបេក្ខនារីទើបជម្រុះបានចំនួន២៩រូប ដែលនឹងមានឈ្មោះដណ្ដើមមកុដគ្នា ពីព្រឹត្តិការណ៍នេះផង។ បេក្ខនារីមួយរូបដែលមានសំណាងទទួលបានចំណាត់ថ្នាក់លេខ១ នឹងតំណាងកម្ពុជាទៅប្រកួត Miss Grand International នៅប្រទេសវេណេហ្ស៑ូអេឡា។

លោក May Vichitrabooth តំណាងអ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា ការប្រកួត Miss Grand Cambodia ត្រូវបានធ្វើឡើងជាច្រើនលើកមកហើយ បន្ទាប់ពីទទួលបានសិទ្ធិរៀបចំផ្ដាច់មុខ ដែលជាសញ្ញាណមួយដ៏ពេញមុខមាត់ សម្រាប់អ្នកតំណាងកម្ពុជា លើឆាកអន្តរជាតិ។

ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand Cambodia លើកដំបូងនេះ បានចាប់ផ្ដើមហើយ ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ កញ្ញា នៅស្ទីឌីយោ CTN។ នៅក្នុងថ្ងៃនោះ ក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Khmer Super Model រដូវកាលទី១០ផងដែរ។ លោកថាការប្រកួតដ៏សំខាន់ទាំងពីរនេះ នឹងផ្សាយផ្ទាល់ខុសគ្នាមួយម៉ោង ដោយម៉ោង៧ ផ្សាយផ្ទាល់ការប្រកួត Khmer Super Model រដូវកាលទី១០ និង ម៉ោង៨យប់ ផ្សាយផ្ទាល់ការប្រកួត Miss Grand Cambodia។ ដោយឡែកនៅថ្ងៃទី៣១ តុលា ខាងមុខ លោក និងគណកម្មការរៀបចំ ក៏មានការប្រកួតដ៏សំខាន់២ទៀតផងដែរ គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss World Cambodia 2019 ដែលស្វែងរកនារីស្អាតទៅប្រកួតនៅក្នុងប្រទេសអង់គ្លេស និងប្រកួត Mister Cambodia រដូវកាលទី៣ ដើម្បីស្វែងរកម្ចាស់ពានទៅប្រកួត Mister World International នៅលើពិភពលោក។

សម្រាប់ការប្រកួត Miss Grand Cambodia ដែលទើបធ្វើឡើងជាលើកទី១នេះ លោក May Vichitrabooth ថា មានអ្នកចូលប្រកួតដល់ជិត៥០០នាក់ ខណៈដែលលោកបញ្ជាក់ថា បេក្ខនារីដែើសម្រាំងបាន២៩រូប សុទ្ធតែស្រស់សោភា និងមានសមត្ថភាព។ លោករំពឹងយ៉ាងខ្លាំង ថាមួយរូបដែលនឹងដណ្ដើមបានមកុដ នឹងអាចតំណាងកម្ពុជា បានស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ខណៈដែលឆ្នាំកន្លងទៅ ជាពិសេសគឺអតីតបេក្ខនារី ឌី លីកា Miss Grand Cambodia កាលពីឆ្នាំ២០១៨ បានធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជារួចទៅហើយ៕

មតិយោបល់