តារាចម្រៀង និងជាតារាសម្ដែងកញ្ញា វណ្ណា វត្តី បានទទួលស្គាល់ថា ខ្លួនពិតជាស្ងប់ស្ងាត់ពីសិល្បៈនាពេលចុងក្រោយ បន្ទាប់ពីជក់សូរនឹងថៅកែ។ យ៉ាងណាមិញនាងថា មិនបោះបង់សិល្បៈនោះទេ បើទោះជាក្នុងពេលនេះថៅកែៗ ទាញពេលវេលារបស់នាងច្រើនជាង។
ប្រភពជិតស្និទ្ធិទម្លាយថា វណ្ណា វត្តី កំពុងរយាលឆ្ងាយពីសិល្បៈនៅក្នុងពេលនេះ ដោយសារតែនាងវក់ជាមួយនឹងថៅកែៗ ដោយចំណាយពេលច្រើន តែនៅតាមខេត្ត អមដោយវត្តមានថៅកែៗ និងបុរសសេដ្ឋី។ ប្រភពដដែលបន្ត ទម្លាយថា នាងមិនត្រឹមតែមិនខ្វល់នឹងការងារសប្បុរសធម៌ ឬ ការងារសង្គមនោះទេ សូម្បីតែការងារសិល្បៈនានា ក៏នាងស្ទើរតែលែងចង់រវល់ផងដែរ ចាប់តាំងពីនាងបានស្គាល់ថៅកែធំៗ ហើយជាប់សូរទៅណាមកណា តែជាមួយបុរសៗ ទ្រព្យស្ដុកទាំងនោះ។ នាងចំណាយពេលស្ទើរតែ៣០ថ្ងៃ ក្នុងមួយខែ ជាមួយតែថៅកែៗ ក្នុងគម្រោងដើរមើលដីធ្លី តាមខេត្តគ្មានពេលសម្រាក។ យ៉ាងណាមិញ សកម្មភាពដែលនាង កំពុងធ្វើនៅក្នុងពេលពេលនេះ មានការអះអាងថា ទទួលបានចំណូលច្រើនមិនធម្មតានោះឡើយ ទើបនាងសប្បាយនឹងមុខជំនួញថ្មីនេះ រហូតលែងខ្វល់នឹងការងារសិល្បៈ។
កញ្ញា វណ្ណា វត្តី សារភាពថា នាងពិតជាមិនសូវបានគិត ពីការងារសិល្បៈប្រមាណ ជាង២ខែចុងក្រោយ បន្ទាប់ពីនាងបានស្គាល់ដៃគូ ហើយចាប់ដៃគ្នារកស៊ីខាង នាំថៅកែខ្មែរ ចិន និងជនជាតិផ្សេងៗដើរមើលដី។ មុខរបរថ្មី ដ្បិតតែធ្វើអោយនាង នៅខេត្តច្រើនជាងនៅភ្នំពេញ ហើយត្រូវធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែង ប៉ុន្តែសម្រាប់ចំណូលគឺក្រែល ជាពិសេសក្នុងពេលណែនាំភ្ញៀវចិន ឬ ថៅកែៗ អោយទិញដីបានមួយប្លង់ៗ ដែលមានទំហំច្រើនហិកតារ។ កញ្ញាថាបណ្ដាផលិតករ និងអ្នករៀបចំកម្មវិធី ហៅនាងអោយសម្ដែង និង ឡើងច្រៀងច្រើនណាស់ ដោយសូម្បីតែក្រុមការងារ ក៏ស្នើផលិតចម្រៀងក្នុងពេលរវល់នេះមិនតិចដែរ ប៉ុន្តែនាងមិនអាចទទួលព្រោះតែរវល់នៅតែខេត្ត។
យ៉ាងណាមិញនាងថាមិនចោលសិល្បៈនោះទេ គឺនៅតែនឹងរកពេលផលិតបទថ្មី និងទទួលការងារសម្ដែង ដោយនឹងសកម្មក្នុងការចូលរួមកម្មវិធីសប្បុរសធម៌ អោយបានញឹកជាថ្មី អោយតែនាងដកឃ្លាពីការងារមើលដីបានបន្តិច៕
មតិយោបល់