ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋចោមចៅទី១ សហការជាមួយកម្លាំងសមត្ថកិច្ច អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានដេញចាប់ក្មេងស្ទាវពីរក្រុម កំពុងតែបើកការប្រយុទ្ធវ៉ៃតប់គ្នា មានទាំងដាវមាន ដំបង ដុំឥដ្ឋ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវបេតុង កែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់យកទៅសួរនាំ នៅអធិការខណ្ឌពោធិ៍សែនជ័យ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ ក្មេងស្ទាវ ២ក្រុម បានបើកការប្រយុទ្ធកាប់ចាក់គ្នា មានដាវដំបង ដុំថ្ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះមកអន្តរាគមន៏ភ្លាមៗ។ ខណៈពេលនោះ កម្លាំងល្បាតប៉ុស្តិ៍ចោមចៅទី ១ បានចូលទៅឃាត់ ស្រាប់តែក្មេងស្ទាវទាំងនោះ បានតដៃវ៉ៃមកលើសមត្ថកិច្ចវិញ បណ្តាលឲ្យរងរបួសជើងមន្រ្តីនគរបាលម្នាក់ ទើបស្នើសុំកម្លាំងអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ មកបន្ថែមឲ្យដេញចាប់ក្មេងស្ទាវទាំងនោះ រហូតដល់ស្តុបទួលពង្រ ចាប់បានចំនួន៦នាក់និងម៉ូតូ៣គ្រឿង ព្រមទាំងដាវមួយដើមផង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាំងម៉ូតូ៣គ្រឿង និងដាវមួយដើម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងបន្តទៅតាមនិតិវិធីច្បាប់៕
មតិយោបល់