ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបញ្ចប់រឿងអាស្រូវ បញ្ញា សិទ្ធិ ដើរប្រមូល

ខុសពីតារាមួយចំនួន ដែលផ្ទុះរឿងអាស្រូវរមែងធ្លាក់ចុះប្រជាប្រិយភាព ហើយបាត់ទីផ្សារសិល្បៈ សម្រាប់តារាចម្រៀង និងជាពិធីករស្ទាត់ភាសាថៃ លោក បញ្ញា សិទ្ធិ បែរមិនថមថយ ហើយមានលទ្ធផលបញ្ច្រាស់គេឯងទៅវិញ។ លោកត្រូវគេកត់សម្គាល់ថា ដើរប្រមូលទីផ្សារតែម្ដងទាំងអាជីពចម្រៀង ពិធីករ និងថតស្ពត ជាពិសេសឱកាសចេញមុខក្រៅប្រទេសតែម្ដង។

ធៀបនឹងតារារួមជំនាន់ ដែលមានរឿងមិនល្អផ្ទុះឡើង លោក បញ្ញា សិទ្ធិ ដែលមានរឿងរ៉ាវ ម្ចាស់បំណុលបង្ហោះបង្ហើរ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនោះ បែរជារុញអោយមហាជន កាន់តែចាប់អារម្មណ៍លើសដើម។ ក្នុងពេលការវាយបក មានកម្រិតប៉ះពាល់ខ្លាំង លោកមិនបានគេចនោះទេ ដោយចេញមុខទទួលស្គាល់ ពីមូលហេតុជំពាក់បំណុល និងយឺតយ៉ាវក្នុងការសងបំណុល ធ្វើអោយការរិះគន់ ប្រែជាសរសើរពីភាពក្លាហាន។

ស្ងប់ពីរឿងរសើប លោកកាន់តែមានទីផ្សារ ដែលហាក់ដូចជារឿងអាក្រក់ទាំងនោះ ជួយគាស់អោយមហាជន និងម្ចាស់ក្រុមហ៑ុននានានឹកឃើញ។ គាប់ជួនជា ក្រោយផ្ទុះរឿងអាស្រូវ លោកក៍មានមុខចេញសម្ដែងនៅអូស្ត្រាលី និងប្រលងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតឈុតបុរាណ ដែលជាការប្រកួតធំផង ទើបធ្វើអោយទីផ្សារសិល្បៈ របស់លោកប្រែពីប៉ះពាល់ទៅជាកំរើក។

ក្នុងរយៈពេលចុងក្រោយ លោកមិនត្រឹមតែកាក់កប នឹងទីផ្សារច្រៀង មិនខុសពេលឡើង កូដខ្លាំងនាគ្រាមុនប៉ុណ្ណោទេ ប៉ុន្តែឱកាសក្លាយជាអ្នកតំណាង ផលិតផល និងឱកាសកាន់ក្បាលមេក្រូធ្វើជាពិធីករ ក៏លោតដូចដើមផងដែរ។ លោកត្រូវគេឃើញលេខមុខ ជាពិធីករតំណាងប្រទេសនៅក្នុងប្រទេសឡាវ និងថៃមុននេះផង ខណៈដែលការថតស្ពត នៅក្រៅប្រទេស ក៏មានហូរហែរមិនដាច់។

សន្ទុះឡើងកូដជាថ្មីរបស់លោក បានទាក់ទាញអោយផលិតផលធំមួយ ជ្រើសជា អ្នកតំណាង និងត្រូវបានគណកម្មការរៀបចំការប្រគំតន្ត្រីសម្ដែង ដោយតារាពិភពលោក លោក លី តៅហ៑ួរ កាលពីថ្ងៃទី២៨ កញ្ញា ចំថ្ងៃភ្ជុំ អញ្ជើញអោយទៅទស្សនា ការសម្ដែងនោះ ដោយទទួលលោកយ៉ាងកក់ក្ដៅ នៅប្រទេសសិង្ហបុរី ដោយគ្រាន់តែសំបុត្រ ដែលលោកទទួលពីអ្នករៀបចំ គឺមានតម្លៃរហូតដល់ ៥០០ដុល្លារសិង្ហបុរី។

ទីផ្សារសិល្បៈរបស់លោក នៅក្នុងពេលនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគេចាត់ទុកថា ជាយីអ៑ុនឈានឡើង ដែលកម្រកើតមាន សម្រាប់តារា ដែលស្ងាត់សិល្បៈ និងមានរឿងអាស្រូវកក្រើកផ្ទុះឡើង។ យ៉ាងណាមិញនោះ ក៏ដោយសារតែលោក នៅតែមានស្ទីលថ្មីៗ ទាំងការតុបតែងខ្លួន សមត្ថភាព និងការដាក់ខ្លួន លេចមុខទាំងកម្មវិធីតូចធំ ជាពិសេសគឺកម្មវិធីសប្បុរសធម៌ ដែលធ្វើអោយសកម្មភាពសិល្បៈរបស់លោក ពិបាកអោយមហាជនមើល រំលងដូចមួយរយៈពេលមុន។ លោកអះអាងថា ខ្លួនមមាញឹក នឹងការថតស្ពត ពិធីករ និងច្រៀង ដល់ថ្នាក់ពិបាកទទួលថតរឿង ដោយលោកយល់ថា ខ្លួនគឺពិជាមានយី អ៑ុនខុសពីមុន៕

មតិយោបល់